កណ្ដាល៖ មនុស្ស២នាក់ទទួលរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូហុងដាឌ្រីម បុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាគុបពេញមួយទំហឹង នៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ១១០ ត្រង់ចំណុចមុខវត្តជ្រុងរមាស ស្ថិតនៅក្នុងភូមិកំពង់កុង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។
មន្ដ្រីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា ម៉ូតូបង្កម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១០ ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1M-2181 បើកបរដោយឈ្មោះ ឡេង ផេង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកផ្អាវ ឃុំកំពង់កុង ស្រុកកោះធំ (រងរបួសធ្ងន់) ។ ចំណែកភាគីម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាគុប ធុនសេ៩០ ពណ៌បៃតងចាស់ អត់ស្លាកលេខ បើកបរដោយឈ្មោះ ផន ធុច ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិទួលស្វាយ ឃុំកំពង់កុង ស្រុកកោះធំ (រងរបួសធ្ងន់)។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញម៉ូតូម៉ាកហុងដាឌ្រីម មួយគ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១១០ ក្នុងទិសដៅពីជើងទៅត្បូង ដោយល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅឆ្វេង(មិនប្រកាន់ស្ដាំ)ចូលទៅកន្លងផ្លូវម្ខាងទៀត បណ្ដាលឲ្យបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាគុបបើកច្រាស់ទិសគ្នាពេញមួយទំហឹង ធ្វើឲ្យជនរងគ្រោះទាំង២នាក់ជាអ្នកបើកបរម៉ូតូទាំងសង្ខាងរងរបួសធ្ងន់។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រតិបត្ដិស្រុកកោះធំ ដោយឡែកម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលជំនាញ វាស់វែងរួចកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបង្កឡើងដោយអ្នកបើកបរម៉ូតូហុងដាឌ្រីម ធុនសេ១២៥ បើកបរមិនប្រកាន់ស្តាំ ទើបបានទៅបុកម៉ូតូហុងដាគុប ធុនសេ៩០ រងរបួសបែបនេះ ៕