ភ្នំពេញ៖ មុខសញ្ញាឆក់មួយក្រុមមានគ្នា៥នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួន២នាក់ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង២០និង២០នាទី នៅចំណុចតាមផ្លូវ១០០៧ ភូមិឧញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
មន្ត្រីនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ សុវណ្ណ ដេវីត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ(មានសារធាតុញៀន), ទី២-ឈ្មោះ ជឿន ចន្ទដារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៥១ផ្លូវបេតុង ភូមិព្រៃពពេល សង្កាត់និរោធិ៍ ខណ្ឌច្បារអំពៅ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ ដាវ ភស្បតិ៍ដានីត ភេទស្រី អាយុ១៩ឆ្នាំ មុខរបរបុសិស្ស ជនជាខ្មែរ ស្នាក់នៅផ្ទះលេខ៦២ដេ ផ្លូវ៣៥០ សង្កាត់អូរឡាំពិក ខណ្ឌចំកាមន។ សម្ភារៈបាត់បង់៖កាបូបស្ពាយ០១, លិខិតឆ្លងដែន១, ខ្សែកផ្លាកទី០១ខ្សែ, លុយ៥០ដុល្លារ, ទូរស័ព្ទដៃអាយហ្វូន០១គ្រឿង។
ប្រភពដដែលបន្តថាមុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូចេញពីផ្ទះបងប្អូននៅភូមិបាយ៉ាប(សង្កាត់ភ្នំពេញថ្មី)គោលបំណងត្រឡប់ទៅផ្ទះស្នាក់នៅ(សង្កាត់អូរឡាំពិក)ដោយធ្វើដំណើរតាមផ្លូវបេតុង(លេខ១០០៧)ពីជើងទៅត្បូង
ស្របពេលនោះជនសង្ស័យឈ្មោះ សុវណ្ណ ដេវិត(ឃាត់ខ្លួន)និងជនសង្ស័យឈ្មោះ ជឿន ច័ន្ទដារ៉ា (ឃាត់ខ្លួន)ជនសង្ស័យឈ្មោះ ឧត្តម(គេចខ្លួន) ជនសង្ស័យឈ្មោះវីដ(គេចខ្លួន)និងជនសង្ស័យឈ្មោះ បារាំង(គេចខ្លួន)បានជិះម៉ូតូចំនួន០៣គ្រឿងគឺជនសង្ស័យឈ្មោះ ឧត្តមជិះម៉ូតូម៉ាកសេ១២៥ស៊េរី២០១៩ ពណ៌ខ្មៅតែម្នាក់ឯងជនសង្ស័យឈ្មោះវីដ ជិះម៉ូតូម៉ាកនិចព៌ណសស៊េរី២០១៧(ម៉ូតូរបស់ឈ្មោះបារាំង)ឌុបឈ្មោះបារាំងនិងជនសង្ស័យឈ្មោះ សុវណ្ណ ដេវីត ជិះម៉ូតូម៉ាកប៊ិត ពណ៌សលាយក្រហមស៊េរី២០១៨(កម្មសិទ្ធរបស់ឈ្មោះជឿន ច័ន្ទដារ៉ា)ឌុបជនសង្ស័យឈ្មោះ ជឿន ច័ន្ទដារ៉ា តាមពីក្រោយជនរងគ្រោះលុះមកដល់ចំណុចផ្លូវលេខ១០០៧កែងផ្លូវ១៩៣៨ ភូមិឧកញ៉ាវាំង(សង្កាត់ភ្នំពេញថ្មី)ជនសង្ស័យឈ្មោះ ឧត្តមបានជិះម៉ូតូបន្ថែមល្បឿនទៅមុខអែបទន្ទឹមម៉ូតូរងគ្រោះខាងស្តាំដៃ រួចធ្វើសកម្មភាពប្រើដៃឆ្វេងឆក់យកកាបូបស្ពាយ ពណ៌សូកូឡារបស់ជនរងគ្រោះដែលទុកនៅលើរៀនម៉ូតូបានសម្រេច រួចក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់អស់។ ចំណែកជនរងគ្រោះបានមកបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ក្រោយពីទទួលបានព័ត៌មានសមត្ថកិច្ចយើងបានស្រាវជ្រាវឈានឃាត់ខ្លួនជនសង្ស័យឈ្មោះ សុវណ្ណ ដេវីតនិងជនសង្ស័យឈ្មោះជឿន ច័ន្ទដារ៉ា នៅចំណុចផ្លូវ១៩២៨ភូមិបាយ៉ាប(សង្កាត់ភ្នំពេញថ្មី) ព្រមទាំងដកហូតបានទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាកអាយហ្វូនសឺវេនផ្លឹស(របស់ជនរងគ្រោះ) រួចនាំជនសង្ស័យទាំង០២នាក់យកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕