ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមហាផ្ទៃ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កាព្រះសពសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ នៅវត្តបុទមវត្តី រាជធានីភ្នំពេញ។
សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះពិរាល័យ កាលពីថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១២នឹង៣០នាទី ដោយ ព្រះរោគាពាធ ក្នុងព្រះជន្មាយុ៧៦ព្រះវស្សា នៅមន្ទីរពេទ្យនៅទីក្រុងបាងកក ប្រទេសថៃ។ ព្រះសពតម្កល់ធ្វើបុណ្យតាមព្រះបវេណី និងព្រះពុទ្ធសាសនានៅក្នុងវត្តបទុមវតី រាជធានីភ្នំពេញ។
សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធទាំងអស់ ជួយលើកស្ទួយដួងវិញ្ញាណក្ខន្ធរបស់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយសុខក្នុងសុគតិភពជានិច្ចនិរន្តន៍ ហើយយើងទាំងអស់គ្នាត្រូវខិតខំប្រព្រឹត្តិនូវអំពើល្អ ធ្វើបុណ្យ ដាក់ទាន រួមកម្លាំងគ្នារក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ ដើម្បីអភិវឌ្ឍប្រទេសជាតិរបស់យើងឲ្យមានការរីកចម្រើនគ្រប់វិស័យ ទាំងអាណាចក្រ និងពុទ្ធចក្រ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕