សៀមរាប៖ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកជីក្រែង ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សៅ ទុន ភេទប្រុស អាយុ១៩ឆ្នាំរស់នៅភូមិប្រាសាទ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ពីបទលួចមានស្ថានទម្ងន់ទោស (កាច់សោរយកម៉ូតូ) កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១០នឹង៤០នាទី។
លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនៃអធិការដ្ឋានស្រុកជីក្រែង បានអោយដឹងថា នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ជនរងគ្រោះឈ្មោះ សាត ញ៉ូវ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិសំរោងកញ្ចោច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប បានជិះម៉ូតូ មកច្រូតស្រូវ នៅភូមិស្ពានតូច ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។ ពេលមកដល់ស្រែ គាត់ក៏ចតទុកម៉ូតូនៅចិញ្ចើមថ្នល់ជាតិ ចាក់សោករ រួចក៏ទៅច្រូតស្រូវ ចម្ងាយ១៥០ម៉ែត្រ ពីកន្លែងទុកម៉តូ។ លុះដល់ម៉ោង១០នឹង៤០នាទី ជនរងគ្រោះអើតមើលមកឃើញមនុស្សប្រុសម្នាក់យកម៉ូតូគាត់ជិះទៅទិសខាងកើត ហើយស្រែកអោយគេជួយ ហើយសមត្ថកិច្ចយើងក៏បានអន្តរាគមន៍ តាមរហូតដល់ស្រុកស្ទោង ទើបចាប់បានទាំងជនសង្ស័យ និងម៉ូតូមកវិញ ម៉ាកសេ១២៥ ពណ៌ខ្មៅស៊េរី២០២០ លេខតួ លេខម៉ាស៊ីន ៥៦២៧៧៦៩។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីបន្តតាមនីតិវិធីច្បាប់៕