ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រុកម្ពុជា បានឲ្យដឹងថានៅពេលនេះ សម្តេច កំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក ដោយសារម្តាយក្មេកជាទីគោរពស្រឡាញ់ កំពុងស្ថិតនៅសង្គ្រោះបន្ទាន់ និងពិនិត្យឃើញថាពិបាកនឹងសង្គ្រោះបាន។ ហេតុការណ៍នេះបានកើតឡើងចំពេលដែលសម្តេចត្រៀមចាកចេញទៅប្រជុំអាស៊ាន-កូរ៉េ, មេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាននៃសាធារណរដ្ឋកូរ៉េ។
ដោយបំពេញភារកិច្ចជាកូន សម្តេចតេជោ គ្មានជម្រើសអ្វីក្រៅតែពីសុំទោសប្រធានាធិបតីកូរ៉េ មូន ចេអ៊ីន និងឯកឧត្តម ប្រាយុទ្ឋ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ដែលជាប្រធានអាស៊ាន និងថ្នាក់ដឹកនាំអាស៊ានផ្សេងទៀតចំពោះការអាក់ខានរបស់ខ្ញុំសម្រាប់កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងតំណាងឱ្យខ្ញុំនៅក្នុងកិច្ចប្រជុំទាំងពីរខាងលើ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏សូមការយោគយល់ពីសំណាក់បងប្អូនខ្មែរដែលជានិស្សិត ជាពលករ ជាអាជីវករ និងបងប្អូនដែលមានគ្រួសារជាជនជាតិកូរ៉េដែលត្រៀមខ្លួនមកទទួល និងសំណេះសំណាលជាមួយខ្ញុំនៅល្ងាច ថ្ងៃទី២៤ វិច្ឆិកា២០១៩។
សុំការយោគយល់សម្រាប់កម្មវិធីការងារមួយចំនួនផ្សេងទៀតដែលនឹងត្រូវលុបចោល ដើម្បីផ្តល់លទ្ធភាពឱ្យសម្តេចរួមជាមួយភរិយានិងក្រុមគ្រួសារដើម្បីធ្វើបុណ្យជូនអ្នកមានគុណដែលជាការជូនដំណើរចុងក្រោយដែលគ្មានថ្ងៃវិលត្រឡប់សម្រាប់អ្នកម្តាយជាទីគោរពស្រឡាញ់៕