កំពង់ធំ៖ ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានមានមតិសំណេះសំណាលជាមួយកងកម្លាំងក្នុងកងជួរ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដោយបានលើកឡើងអំពីកិច្ចប្រតិបត្តិការ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងរយៈពេល០១សប្ដាហ៍កន្លងមក ជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ អន្តរជាតិ ដែលបានធ្វើដំណើរឆ្លងកាត់ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីអញ្ជើញចូលរួមកម្មវិធីសំខាន់នានា ធានាបាន សុវត្ថិភាពល្អគាប់ប្រសើរ គួរជាទីមោទនៈ ។ កងកម្លាំងបានប្រើប្រាស់វិធានការជំនាញ ក្នុងការ បង្ការ ទប់ស្កាត់ បង្ក្រាបរាល់សកម្មភាព ឧបកបាយ របស់ជនទុច្ចរិត ដែលមានចេតនា បង្ករឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈបំផ្លិចបំផ្លាញផលប្រយោជន៍ ទ្រព្យសម្បត្ដិ និងភាពសុខសាន្ត របស់ប្រជាពលរដ្ឋ។
ទន្ទឹមកិច្ចប្រតិបត្តិការ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ កងកម្លាំងបានចូលរួមបំពេញភារកិច្ចជំនាញជាប្រចាំថ្ងៃ ប្រកបដោយ ការយកចិត្តទុកដាក់ និងមានស្មារតីទទួលខុសត្រូវ បានអនុវត្ត ទៅតាមតួនាទី ភារកិច្ចរបស់ខ្លួន ដែលថ្នាក់ដឹកនាំ បានបែងចែកប្រគល់ដាក់ឲ្យអនុវត្ត ទទួលបានលទ្ធផលល្អ ជាបន្តបន្ទាប់។
បន្ទាប់ពីកងកម្លាំងចូលបំពេញភារកិច្ចជំនាញ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំបានយកចិត្តទុកដាក់អំពីសុខុមាលភាពរបស់កងកម្លាំង ហើយលោកបានដឹកនាំបងប្អូនធ្វើពលកម្ម និងលំហាត់របៀបវិន័យក្នុងជួរ រួមទាំងការធ្វើលំហាត់ប្រាណ ដល់កងកម្លាំង ដើម្បីបន្ធូរបន្ថយភាពចុករោយស្ពឹកស្រពន់ ក្នុងរាងកាយ ទទួលបាន សុខភាពល្អកម្លាំងមាំមួន សម្រាប់ចូលរួមបំពេញភារកិច្ចជំនាញ ជូនអង្គភាព និងសង្គមជាតិ។
លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានក្រើនរំលឹក ដល់ថ្នាក់ដឹកនាំអស់លោក លោកស្រី ស្នងការរង លោកនាយការិយាល័យជំនាញ សូមគ្រប់គ្រងកងកម្លាំងក្រោមឱវាទ របស់ខ្លួន ឲ្យបានមុះមុត គ្រប់ជ្រុងជ្រោយ ដើម្បីរង់ចាំ អនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំ ក្នុងកិច្ចប្រតិបត្តិការ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមជាតិ និងចុះអន្តរាគមន៍សង្គ្រោះដល់ប្រជាពលរដ្ឋ នាគ្រាដែលប្រជាពលរដ្ឋ រងគ្រោះក្នុងស្ថានភាពគ្រោះថ្នាក់ ឬការលំបាកនានា
ដែលអាចកើតមានឡើងជាចៃដន្យ។
ការលើកឡើងខាងលើនេះ នៅពេលដែល លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងនគរបាលគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួម លោក លោកស្រី នាយ នាយរងការិយាល័យ និងមន្ត្រីននគរបាលចំណុះអោយការិយាល័យជំនាញទាំង៣២ ចូលរួមប្រមាណ២៨៨នាក់ ៕