កំពង់ស្ពឺ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមកិច្ចសហការរៀបចំពីក្រសួងកិច្ចការនារី នៅសាលាឃុំសំបូរ និងសាលាឃុំរលាំងគ្រើល នៃស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានបើកវេទិកាក្រោមប្រធានបទ"លើកកម្ពស់ការចូលរួមរបស់អ្នកម្តាយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន" ក្រោមអធិបតីភាពលោកជំទាវ ឡុង សុផល្លី អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងកិច្ចការនារី ដោយមានការអញ្ជើញចូលរួមពីឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តានីតិសម្បទា នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងស្រុក ឃុំ ភូមិ និងប្រជាពលរដ្ឋចូលរួមសរុបជាង៣០០នាក់។
លោកស្រី ប៊ុត ចន្ធូ អភិបាលរង តំណាងគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនស្រុកសំរោងទង បានមានប្រសាសន៍ស្វាគមន៍ និងរបាយការណ៍ ពីការរីកចម្រើនរបស់ស្រុក ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀងក្នុងស្រុក និងបានបញ្ជាក់ថាស្រុកមិនមែនជាទីតាំងផលិត ដាំដុះ គ្រឿងញៀនឡើយ។
ថ្លែងក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ ឧត្តមសេនីយ៍ ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា បានប្រសាសន៍ថ្លែងអំណរគុណដល់ក្រសួងកិច្ចការនារី ហើយវិរៈភាពពលិកម្មគ្រប់បែបយ៉ាងរបស់ស្ត្រីក្នុងភាពជាម្តាយ ជាបងស្រីគឺជាទីបង្អែកដ៏រឹងមាំជួយកូនចៅ ប្អូនឆ្ពោះទៅរកភាពជោគជ័យក្នុងជិវិត ការចូលរួមរបស់ស្ត្រីក្នុងការងារប្រឆាំងគ្រឿងញៀនគឺជាដៃគូរមិនអាចខ្វះបានឡើយ ពាក្យសំដីណែនាំរបស់ម្តាយ បងស្រីពីបញ្ហាគ្រឿងញៀនគឺជាមាគ៌ាសម្រាប់កូនចៅនិងប្អូនគ្រប់រូបដើរចៀសចាកឆ្ងាយពីបញ្ហាគ្រឿងញៀននាំមកភាពសុខសាន្ត។
ក្នុងឱកាសនោះ លោកជំទាវ ឡុង សុផល្លី អនុរដ្ឋលេខាធិការ បានថ្លែងថា គ្រឿងញៀនជាបញ្ហាសង្គមដ៏ស្មុគស្មាញធ្វើអោយប៉ះពាល់ដល់មនុស្សជាតិ ដែលតម្រូវអោយយើងទាំងអស់គ្នាត្រូវតែចូលរួមគ្រប់សកម្មភាពគឺជាការងារអាទិភាព ដែលក្រសួងកិច្ចការនារីបានចូលរួមអនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ហើយការសេពគ្រឿងញៀន នាំមកនូវអំពើហិង្សា ឧក្រិដ្ឋកម្ម ការជួញដូរ និងគ្រោះថ្នាក់ចរាចរណ៍។
ក្នុងឱកាសនោះដែរលោកជំទាវ ឡុង សុផល្លី បានថ្លែងបន្ថែមដោយបានសំណូមពរដល់អ្នកចូលរួមនិងអ្នកពាក់ព័ន្ធទាំងអស់ សូមបន្តចូលរួមឲ្យបានសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្សព្វផ្សាយអប់រំបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនក្នុងសហគមន៍យើង និងសូមគ្រប់សមាសភាពពាក់ព័ន្ធទាំងជួយជម្រុញបុត្រធីតាដែលរងគ្រោះដោយសារគ្រឿងញៀនទៅទទួលសេវាព្យាបាលអ្នកញៀនគ្រឿងញៀនដោយឥតគិតថ្លៃនៅតាមពេទ្យបង្អែក និងមណ្ឌលសុខភាពចំណេញថវិកា និងមានពេលវេលាគ្រប់គ្រាន់ជួយធ្វើការបាន សហគមន៍មានសុវត្ថិភាព ៕