ភ្នំពេញ៖ លោកវរសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថានៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង០៩នឹង៣០នាទី មានជនបរទេសចំនួន០២នាក់ (ស្រី០១នាក់) មាន០២សញ្ជាតិ បានមកការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ គោលបំណង សុំឲ្យសមត្ថកិច្ចជួយបញ្ជូនពួកគាត់ ត្រឡប់ទៅប្រទេសដើមវិញ។
លោកនាយការិយាល័យបន្តថាជនបរទេសទាំង២នាក់នោះរួមមាន ទី១-ឈ្មោះ JOVEN PILAPIL SOON,JR ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិហ្វីលីពីន រូបគាត់បាត់លិខិតឆ្លងដែន គ្មានលទ្ធភាពធ្វើលិខិតឆ្លងដែនថ្មី និងស្នាក់នៅលើសទិដ្ឋាការកំណត់ ជននេះចូលមក ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០២.០១.២០១៩ តាមច្រកអន្តរជាតិប៉ោយប៉ែត គោលបំណងទេសចរ។ បច្ចុប្បន្នស្នាក់នៅអនាថាតាមទីសាធារណៈ និងទី២.ឈ្មោះ STEVENSON PAUL ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ 532517480។ រូបគាត់ស្នាក់នៅលើសទិដ្ឋាការកំណត់ និងគ្មានលទ្ធភាពបង់ថ្លៃទិដ្ឋាការស្នាក់នៅបន្ត។ ជននេះចូលមកព្រះរាជាណាចក្រកម្ពុជា ចំនួន០៤ដង លើកចុងក្រោយនៅថ្ងៃទី១៤.០៩.២០១៩ តាមច្រកអន្តរជាតិប៉ោយប៉ែត គោលបំណងទេសចរ។ បច្ចុប្បន្នស្នាក់នៅអនាថាតាមទីសាធារណៈ។
បច្ចុប្បន្នជនបរទេសខាងលើ ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីច្បាប់បន្ត ៕