ប៉ៃលិន៖ កាលពីវេលាម៉ោង១៨និង៣០នាទីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ដកែច្នៃបុកជាមួយម៉ូតូ នៅចំណុចអូរត្រែង ស្ថិតក្នុងភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ដោយយោងតាមសម្តីរបស់ប្រជាពលរដ្ឋដែលនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា យានបង្កទាំងពីរបានបើកច្រាស់ទិសគ្នាក្នុងល្បឿនលឿន ដោយគ្មានភ្លើងបំភ្លឺផ្លូវ ធ្វើឲ្យអ្នកបើកបរមើលផ្លូវមិនច្បាស់ ទើបបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។
អ្នកបើករថយន្ដកែច្នៃឈ្មោះ នាក់ ផាន់ ភេទប្រុស អាយុ២១ឆ្នាំ គ្មានរបួស មានទីលំនៅបច្ចុប្បន្នក្នុងភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរពីជើងទៅត្បូងមិនមានភ្លើងបំភ្លឺ។ អ្នករួមដំណើរ ឈ្មោះ ធន ភេទប្រុស អាយុ៣០ឆ្នាំ គ្មានរបួស រស់នៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ជនរងគ្រោះឈ្មោះ ផាន ម៉េង ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកHonda Dream C125 ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ ប៉ៃលិន 1A-3161 បើកបរពីត្បូងទៅជើងមិនមានភ្លើងបំភ្លឺ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ករណីខាងលើកម្លាំងជំនាញផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បាន វាស់វែង រួចយករថយន្ដ និងម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីរងចាំធ្វើការដោះស្រាយទៅតាមនិតិវិធីច្បាប់ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕