កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ បំបែកសំណុំរឿង​ចិន​ចាប់ជំរិត​ចិន​ នៅ​ខណ្ឌដូនពេញ​,​ ចាប់ខ្លួន​ជនសង្ស័យ​៥​នាក់​ និង​រំដោះ​ជន​រង​គ្រោះ​២​នាក់​

26-November-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​បើក​ប្រតិបត្តិការ​បំបែកសំណុំរឿង​ជនជាតិ​ចិន​ ចាប់ជំរិត​ទារប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លារ​ ទៅ​លើ​ជនជាតិ​ចិន​ដូច​គ្នា​ ហើយ​ឈាន​ដល់​ចាប់ខ្លួន​ជនសង្ស័យ​៥​នាក់​ និង​រំដោះ​ជន​រង​គ្រោះ​បាន​២​នាក់​ នៅ​សណ្ឋាគារ​មួយ​កន្លែង​ ក្នុង​រាជធានី​ភ្នំពេញ​។​

​ប្រតិបត្តិការ​នេះ​ បាន​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ក្រោយ​ពី​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ បាន​ទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ​ Zheng​ Gui​ Hu​ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ​ ជនជាតិ​ចិន​ រាយការណ៍​ថា​ មាន​ករណី​បង្ខាំង​ធ្វើ​ទារុណកម្ម​ និង​ជំរិត​ទារប្រាក់​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ ចំនួន​០៥​នាក់​ លើ​ជន​រង​គ្រោះជា​ជនជាតិ​ចិន​ ចំនួន​០២​នាក់​។​

​ដោយ​មានការ​គោលការណ៍​ពី​ នាយ​ឧត្តមសេនីយ៍​ សន្ដិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​មានការ​ចង្អុលបង្ហាញ​ពី​ លោក​ឧត្តមសេនីយ៍ឯក​ អ៉ិ​ន​ បូ​រ៉ា​ អគ្គស្នងការ​រង​ទទួល​ផែន​នគរបាល​យុត្តិធម៌​,​ លោក​ឧត្តមសេនីយ៍ឯក​ ង៉េ​ង​ ជួ​ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ បាន​ចាត់​ឲ្យ​លោក​វរសេនីយ៍ឯក​ ខេ​ង​ ម៉េ​ង​ឈាង​ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ស្រាវជ្រាវ​បង្ក្រាប​ភ្លាមៗ​ ក្រោម​ការ​សម្របសម្រួល​ពី​ លោក​ ខៀវ​ កូ​ឡា​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ក្រោយ​ទទួល​បាន​បទបញ្ជា​ភ្លាមៗ​ លោក​វរសេនីយ៍ឯក​ ខេ​ង​ ម៉េ​ង​ឈាង​ បាន​ដឹកនាំ​កម្លាំង​បើក​ការ​ស្រាវជ្រាវ​ រហូត​កំណត់​បាន​ទីតាំង​លាក់​ទុក​ជន​រង​គ្រោះ​ នៅ​បន្ទប់​លេខ​៣០៣​ សណ្ឋាគារ​អ៉ី​ម​ភឺ​រៀល​ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ហើយ​កម្លាំង​ជំនាញ​ឈាន​ដល់​ការ​ ឃាត់ខ្លួន​ជនសង្ស័យ​ ចំនួន​០៥​នាក់​ រួម​មាន​៖

​ទី​១៖​ឈ្មោះ​ Wang​ Zhao​ liang​ អាយុ​៣២​ឆ្នាំ​,​ ទី​២៖​ឈ្មោះ​ Yi​ ming​ អាយុ​៣៦​ឆ្នាំ​,​ ទី​៣៖​ឈ្មោះ​ Qao​ wei​ hao​ អាយុ​២៨​ឆ្នាំ​,​ ទី​៤៖​ ឈ្មោះ​ Liv​ da​ Meng​ អាយុ​២៨​ឆ្នាំ​ និង​ទី​៥៖​ឈ្មោះ​ Lin​ Xiao​ bo​ អាយុ​៣៤​ឆ្នាំ​។​ ក្នុង​នោះ​កម្លាំង​ជំនាញ​ រំដោះ​បាន​ជន​រង​គ្រោះ​ចំនួន​០២​នាក់​ គឺ​ទី​១៖​ឈ្មោះ​ Giong​ shi​ Cheng​ អាយុ​៣២​ឆ្នាំ​ និង​ទី​២៖​ឈ្មោះ​ Feng​ Xiao​ bo​ អាយុ​៣២​ឆ្នាំ​ ព្រមទាំង​សម្ភារ​ដកហូត​មួយ​ចំនួន​។​

​បន្ទាប់​ពី​បញ្ចប់​ការ​សួរនាំ​ និង​កសាង​សំណុំរឿង​ចប់​សព្វគ្រប់​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​នេះ​ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ បាន​បញ្ជូន​ជនសង្ស័យ​ជនជាតិ​ចិន​ទាំង​៥​នាក់​នេះ​ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

 

ចំនួនអ្នកទស្សនា

    20547247

  • ថ្ងៃនេះ3831
  • ម្សិលមិញ20231
  • សប្តាហ៍នេះ82911
  • ខែនេះ104791
  • ឆ្នាំនេះ104791
  • សរុប20547247