ក្រសួងបរិស្ថាន​ប្តេជ្ញា​ចិត្ត​ ចូលរួម​លុប​បំបាត់​ជំងឺគ្រុនចាញ់​ ចេញពី​សហគមន៍​តំបន់ការពារធម្មជាតិ​នានា​ ក្នុង​ដែនជម្រកសត្វព្រៃ​ «​ព្រៃ​ឡង់​»​ ឱ្យ​អស់​ នៅ​ត្រឹម​ឆ្នាំ​២០២៥

26-November-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ ក្រៅពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​គ្រប់គ្រង​ និង​អភិរក្ស​ធនធានធម្មជាតិ​ ជីវៈចម្រុះ​ដែល​កម្ពុជា​មាន​ ក្រសួងបរិស្ថាន​ប្តេជ្ញា​ចិត្ត​ចូលរួម​លុប​បំបាត់​ជំងឺគ្រុនចាញ់​ចេញពី​សហគមន៍​តំបន់ការពារធម្មជាតិ​នានា​ ក្នុង​ដែនជម្រកសត្វព្រៃ​ «​ព្រៃ​ឡង់​»​ ឱ្យ​អស់​ នៅ​ត្រឹម​ឆ្នាំ​២០២៥​ ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​លុប​បំបាត់​ជំងឺគ្រុនចាញ់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​ ២០១១-២០២៥​ និង​កាត់​ផ្តាច់​ទាំងស្រុង​ជំងឺឆ្លង​ផ្សេង​ទៀត​ដូច​ជា​ជំងឺអេដស៍​ ជំងឺគ្រុនឈាម​ជាដើម​ចេញពី​សហគមន៍​តំបន់ការពារធម្មជាតិ​ផង​ដែរ​។​

​ការ​តាំងចិត្ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុងអំឡុងពេល​នៃ​ដំណើរ​ចុះ​ពិនិត្យ​ស្ថានភាព​ការងារ​គ្រប់គ្រង​ និង​អភិរក្ស​ដែល​ជម្រក​សត្វ​ ព្រៃ​ព្រៃ​ឡង់​ និង​សាកសួរ​សុខទុក្ខ​ សំណេះសំណាល​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ និង​ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ​ កាលពី​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ របស់​ប្រតិភូ​ក្រសួងបរិស្ថាន​ដឹកនាំ​ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី​ សាយ​ សំ​អាល់​ ដោយ​មានការ​ចូលរួម​ពី​តំណាងរាស្ត្រ​មណ្ឌល​កំពង់ធំ​ ប្រតិភូ​ក្រសួងសុខាភិបាល​ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​ USAID​ និង​ដៃគូ​អភិវឌ្ឍន៍​និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​។​

​នៅ​ចំពោះ​មុខមន្ត្រី​ឧ​ទ្យា​នុ​រក្ស​ និង​ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ​ជា​ច្រើន​រយ​នាក់​ ឯកឧត្តម​ សាយ​ សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ បាន​មានប្រសាសន៍​ថា​៖​ «​ ការ​លប់​បំបាត់​ជំងឺឆ្លង​ ការ​គិតគូរ​ពី​សន្តិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ​ ការ​ទទួល​បានការ​អប់រំ​ គឺជា​មូលដ្ឋាន​គ្រឹះ​នៅ​ក្នុង​ការ​លើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​មូលដ្ឋាន​ ដោយ​រក្សា​បាន​នូវ​វប្បធម៌​ ប្រពៃណី​ ទំនៀមទម្លាប់​ ជំនឿ​ សាសនា​ និង​ជាតិ​សាសន៍​របស់​ខ្លួន​ សំដៅ​បង្កើត​ជា​ទេសចរណ៍ធម្មជាតិ​ ដែល​អាច​ង្កើ​ន​សេដ្ឋកិច្ច​គ្រួសារ​»​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​បន្ថែម​ទៀត​ថា​៖«​យើង​ត្រូវ​រួម​គ្នា​បង្កើន​សេដ្ឋកិច្ច​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ ប្រសើរ​ថែម​មួយ​កម្រិត​ទៀត​ដើម្បី​បង្កើន​ប្រសិទ្ធភាព​គ្រប់គ្រង​និង​អភិរក្ស​ធនធានធម្មជាតិ​ឱ្យ​ន​ភ​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​តទៅ​មុខ​ទៀត​។​ ក្រសួងបរិស្ថាន​បាន​កំណត់​ផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សហគមន៍​ ដើម្បី​គ្រប់គ្រង​ធនធានធម្មជាតិ​កាន់តែ​ប្រសើរ​នៅ​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស​ ហើយ​ព្រៃ​ឡង់​គឺជា​ការ​ចាប់ផ្តើម​ ដ៏​សំខាន់​មួយ​»​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ សាយ​ សំ​អាល់​ បាន​សង្កត់ធ្ងន់​ថា​ តំបន់ការពារធម្មជាតិ​របស់​ប្រទេស​កម្ពុជា​ មាន​លក្ខណៈ​ពិសេស​ដោយ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាមួយនឹង​ធនធានធម្មជាតិ​ ហើយ​ការ​ការពារ​ និង​អភិរក្ស​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​ សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ ចាំបាច់​ត្រូវ​មានការ​ចូលរួម​ពី​អ្នក​ពាក់ព័ន្ធ​គ្រប់​ទាំងអស់​ ជា​ពិសេស​ធ្វើ​ឱ្យ​សហគមន៍​មាន​សេដ្ឋកិច្ច​រឹង​មាំ​ និង​រីក​ចម្រើន​។​

​ឯកឧត្តម​ សាយ​ សំ​អាល់​ បាន​បញ្ជាក់​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ ស្តែង​ចេញពី​ការ​យកចិត្តទុកដាក់​ពី​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អញ្ជើញ​ចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​វេទិកា​ថ្នាក់​ជាតិ​ «​ការ​ការពារ​ និង​អភិរក្ស​ធនធានធម្មជាតិ​»​ ចំនួន​ ២​លើក​រួច​មក​ហើយ​ នៅ​ឆ្នាំ​២០១៦​ និង​ឆ្នាំ​ ២០១៧​ បាន​បង្ហាញ​គោលបំណង​ជា​យុទ្ធសាស្ត្រ​ និង​ចក្ខុវិស័យ​ច្បាស់លាស់​ ធ្វើ​យ៉ាងណា​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ការពារ​ និង​អភិរក្ស​ធនធានធម្មជាតិ​។​

​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​ប្រកាស​ពី​ផែនការ​អាទិភាព​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សហគមន៍​ រួម​មានការ​លើកកម្ពស់​ជីវភាព​សហគមន៍​ឱ្យ​ប្រសើរ​ឡើង​ តាម​រយៈ​ការ​ជួយ​ឱ្យ​សហគមន៍​ ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ ការ​លើកកម្ពស់​សុខភាព​ ការ​ចិញ្ចឹមសត្វ​ ការ​ជំរុញ​ឱ្យ​កូនចៅ​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​ បាន​រៀនសូត្រ​ខ្ពង់ខ្ពស់​ និង​ទទួល​បានការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ងាក​ចេញពី​ការ​ពឹងផ្អែក​លើ​ធនធានធម្មជាតិ​ មក​រក​ជម្រើស​មុខរបរ​ថ្មី​ ដូច​ជា​វិស័យ​ឧ​ស្សហកម្ម​ និង​សេវាកម្ម​ជាដើម​។​ ជាមួយ​គ្នា​នេះ​ដែរ​ ឯកឧត្តម​ សាយ​ សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ បាន​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​ អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ​ ដែល​ក្នុង​នោះ​ក្រសួងបរិស្ថាន​ និង​ក្រសួងទេសចរណ៍​នឹង​សហការ​រៀបចំ​ និង​ជួយ​បណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍ធម្មជាតិ​ ដើម្បី​បង្កើន​ជីវភាព​ដល់​ប្រជា​សហគមន៍​ថែម​ទៀត​។​

​នៅ​ក្នុង​ឱកាស​នោះ​ សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន​ ២​ គឺ​សហគមន៍​តំបន់ការពារធម្មជាតិ​ក្បាល​ដូនតី​ និង​សហគមន៍​ការពារ​ធម្មជាតិ​ជាំ​ម្រេច​នៅ​ក្នុង​ខេត្តកំពង់ធំ​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ ឯកឧត្តម​ ន​ង​ វាសនា​ តំណាងរាស្ត្រ​មណ្ឌល​កំពង់ធំ​ ដើម្បី​អភិវឌ្ឍ​ជីវភាព​សហគមន៍​ ដោយ​ទទួល​បានការ​ផ្តល់​ការ​គ្រប់គ្រង​ទឹក​ស្អាត​ប្រើប្រាស់​ក្នុង​សហគមន៍​ចំនួន​ ៣​ ឆ្នាំ​ជាប់​គ្នា​ ដោយ​ក្នុង​១​ឆ្នាំ​សហគមន៍​នីមួយៗ​ទទួល​ថវិកា​ចំនួន​ ៥០០០​ ដុល្លារ​។​ គណៈប្រតិភូ​ក៏​បាន​ចែក​មុង​ជ្រលក់​ថ្នាំ​ការពារ​ជំងឺគ្រុនចាញ់​ជូន​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ និង​ប្រជាពលរដ្ឋ​មូលដ្ឋាន​ផង​ដែរ​។​ ជាមួយ​គ្នា​នេះ​ ឯកឧត្តម​ សាយ​ សំ​អាល់​ និង​ប្រតិភូ​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ អាជ្ញាធរ​ខេត្ត​ និង​តំណាង​ដៃគូ​អភិវឌ្ឍន៍​ បាន​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​«​ព្រៃ​ឡង់​»​។​

​ព្រៃ​ឡង់​ត្រូវ​បាន​កំណត់​ជា​ដែនជម្រកសត្វព្រៃ​«​ព្រៃ​ឡង់​»​ លើ​ទំហំ​ផ្ទៃដី​ ៤៣១​ ៦៨៣​ ហិ​កតា​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ​ ខេត្តក្រចេះ​ ខេត្តព្រះវិហារ​ និង​ខេត្តស្ទឹងត្រែង​ តាម​អនុក្រឹត្យ​លេខ​៧៤​ អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​៩​ ខែឧសភា​ ឆ្នាំ​ ២០១៦​ និង​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន​ ៨៣​ នាក់​បាន​និង​កំពុង​ឈរជើង​ ការពារ​និង​អភិរក្ស​ ក្រោយ​ពី​មានការ​ផ្ទេរ​សមត្ថកិច្ច​គ្រប់គ្រង​ពី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​មក​ឱ្យ​ក្រសួងបរិស្ថាន​គ្រប់គ្រង​កាលពី​ខែមេសា​ ឆ្នាំ​ ២០១៦​។​ នៅ​ឆ្នាំ​ ២០១៩​ នេះ​ ក្រសួងបរិស្ថាន​ បាន​រៀបចំ​បង្កើត​ និង​ការ​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​សហគមន៍​ការពារ​ធម្មជាតិ​ចំនួន​ ១៩​ ដែល​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​ម៉ឺន​នាក់​ដែល​កំពុង​រស់នៅ​ក្នុង​ និង​ក្បែរ​ដែនជម្រកសត្វព្រៃ​ «​ព្រៃ​ឡង់​»​ ក្នុង​បំណង​បង្កើន​ការ​ចូលរួម​គ្រប់គ្រង​ប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​ និង​ចូលរួម​ចំណែក​ ក្នុង​ការ​លើកកម្ពស់​ជីវភាព​សហគមន៍​មូលដ្ឋាន​ ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​គណៈប្រតិភូ​នៃ​ស្ថាប័ន​ពាក់ព័ន្ធ​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ ក្រសួងបរិស្ថាន​ ដែល​បាន​លះបង់​សព្វបែបយ៉ាង​ ដើម្បី​ការពារ​និង​អភិរក្ស​ដែន​ជម្រក​ព្រៃ​ព្រៃ​ឡង់​ ក៏​ដូច​ជា​ការ​ចូលរួម​របស់​ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ​ក្នុង​ការងារ​អភិរក្ស​។​ អាស្រ័យ​ដោយសារ​កិច្ច​ខិតខំ​ប្រឹងប្រែង​ នៅ​ក្នុង​ការ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ​បាន​ល្អ​ប្រសើរ​ កម្ពុជា​បាន​លក់​ឥណទាន​កាបូន​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា​ ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ (​ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង​)​ ដែនជម្រកសត្វព្រៃ​ក្រ​វ៉ា​ញ​ខាងត្បូង​ និង​ដែនជម្រកសត្វព្រៃ​តា​តៃ​ ក្នុង​ក្រប​ខណ្ឌ​ទីផ្សារ​ស្ម័គ្រចិត្ត​ ដោយ​ទទួល​បាន​ថវិកា​សរុប​ប្រមាណ​ ១១​ លាន​ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​ទ្រទ្រង់​ដល់​ការ​ការពារ​និង​អភិរក្ស​ ក៏​ដូច​ជា​ជួយ​លើកកម្ពស់​ជីវភាព​របស់​សហគមន៍​មូលដ្ឋាន​ ដែល​ឆ្លើយ​តប​នឹង​គោលការណ៍​ហិរញ្ញប្បទាន​និរន្តរភាព​៕​


​ ​


ចំនួនអ្នកទស្សនា

    20547237

  • ថ្ងៃនេះ3821
  • ម្សិលមិញ20231
  • សប្តាហ៍នេះ82901
  • ខែនេះ104781
  • ឆ្នាំនេះ104781
  • សរុប20547237