សៀមរាប៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបានឃាត់ខ្លួនជនសង្ស័យឈ្មោះ មាស សារ៉ន ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប ពាក់ព័ន្ធនិងករណីអំពើលួច (លូកយកកាបូបប្រាក់)។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានអោយដឹងថានៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង០៩នឹង៤០នាទី នៅក្នុងបរិវេណផ្សារចាស់ ចំណុចកន្លែងលក់ត្រី ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង/សៀមរាប ជនរងគ្រោះឈ្មោះ កេត ម៉ាល័យ ភេទស្រី អាយុ៤០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប កំពុងដើរទិញម្ហូប ស្រាប់តែជនសង្ស័យឈ្មោះ មាស សារ៉ន ធ្វើសកម្មភាពលួចលូកយកកាបូបដៃដាក់លុយ ម៉ាកLV ពណ៌ត្នោត ដែលក្នុងនោះមានលុយដុល្លារ៦៦៦ដុល្លារ លុយខ្មែរ៤៧ម៉ឺនរៀល អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ០១សន្លឹក ប័ណ្ណបើកបរឡាន ចំនួន០១សន្លឹក ប័ណ្ណព័ត៌មានរបស់ធនាគារអេស៊ីលីដាចំនួន០១សន្លឹក។
ក្រោយធ្វើសកម្មភាពលួចបានហើយ ជនសង្ស័យបានយកកាបូបនោះទៅក្ដោបទុកនៅនឹងមុខពោះ ហើយយកកាបូបខ្លួនបាំង តែត្រូវជនរងគ្រោះដឹងខ្លួន ក៏ឃាត់ជនសង្ស័យជាប់ហើយដកយកកាបូបមកវិញ។ បន្ទាប់មកជនរងគ្រោះក៏ទំនាក់ទំនងមកសមត្ថកិច្ច ហើយសមត្ថកិច្ចចុះទៅដល់ក៏បាននាំខ្លួនជនសង្ស័យខាងលើមកធ្វើការសាកសួរ។
ក្រោយពីសាកសួរ ជនសង្ស័យរូបនេះបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួច យកកាបូបប្រាក់របស់ជនរងគ្រោះខាងលើ ពិតប្រាកដមែន ហើយសមត្ថកិច្ចយើងក៏បានដកហូតវត្ថុតាងពីជនសង្ស័យ រួមមាន កាបូបដៃដាក់លុយ ម៉ាកLV ពណ៌ត្នោត ដែលក្នុងនោះមានលុយដុល្លារ៦៦៦ដុល្លារ លុយខ្មែរ៤៧ម៉ឺនរៀល អត្តសញ្ញាណប័ណ្ណ សញ្ជាតិ ខ្មែរ០១សន្លឹក ប័ណ្ណបើកឡាន ចំនួន០១សន្លឹក និងប័ណ្ណព័ត៌មានរបស់ធនាគាអេស៊ីលីដាចំនួន០១សន្លឹក។
ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងកំពុងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕