សៀមរាប៖ កាលពីថ្ងៃទី២៦ ម្សិលមិញនេះ បានផ្ទុះការកោតសរសើរពីសំណាក់មហាជនមិនដាច់ពីមាត់ដល់ លោកស្រី កុយ សាលីណា ដែលជាភរិយារបស់នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ រួមនិងក្រុមគ្រួសារ បាននាំយកថវិកា ចំនួន ១០ម៉ឺនដុល្លារ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផានិងមន្ទីរពេទ្យកុមារអង្គរ ដែលថវិកាទាំងនេះបានមកពីចំណងដៃ នៃអាពាហ៍ពិពាហ៍បុត្រា និងបុត្រីរបស់លោកទាំងពីរ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ។
ក្នុងនោះដែរ លោកស្រី កុយ សាលីណា បានឲ្យដឹងថា ថវិកាដែលក្រុមគ្រួសាររបស់លោកស្រី បាននាំយកមកជូនមន្ទីរពេទ្យគន្ធបុប្ផានាពេលនេះ គឺមានចំនួន ១០ម៉ឺនដុល្លារអាមេរិក។
លោកស្រីបន្តថា ថវិកាទាំងនេះ គឺបានយកទៅប្រគល់ជូនគន្ធបុប្ផា ចំនួនថវិកា ៥ម៉ឺនដុល្លារ និងជូនមន្ទីរពេទ្យកុមារអង្គរ ចំនួន ៥ម៉ឺនដុល្លារ។
លោកស្រីបន្តទៀតថា ការនាំយកថវិកា ជូនមន្ទីរពេទ្យនាពេលនេះ ដើម្បីបានចូលរួមចំណែកមូលនិធិរបស់មន្ទីរពេទ្យទាំងពីរ សម្រាប់ជួយសង្គ្រោះដល់អាយុជីវិតរបស់កុមារកម្ពុជា។ សម្រាប់ការប្រគល់ថវិកានេះ គឺបាន ៣លើកហើយ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា និងបាន ២លើកសម្រាប់មន្ទីរពេទ្យកុមារអង្គរ។
មហាជនមានកោតស្ញប់ស្ញែងចំពោះទង្វើដ៏ល្អនិងជាគំរូមួយសម្រាប់អ្នកមានធនធានច្រើនមួយចំនួនឲ្យ អាចយកតម្រាប់តាម។ព្រោះបច្ចុប្បន្នមន្ទីរពេទ្យកុមារទាំង២ខាងលើបានជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជាបានជាច្រើននាក់។ហើយក៏កំពុងខ្វះខាតថវិកាដើម្បីយកមកទ្រទ្រងការចំណាយផ្សេងៗក្នុងមន្ទីរពេទ្យ។ព្រោះមន្ទីរពេទ្យនេះព្យាបាលកុមារទូទៅដោយមិនគិតប្រាក់នោះទេ។មហាជន កោតសរសើរទៀតថា នេះគឺជាអំពើបុណ្យមួយដ៏ធំធែងណាស់សម្រាប់គ្រួសារលោកស្រី ៕