ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Saud F.M. Al Suwelim ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
នៅក្នុងឱកាសនោះ ឯកឧត្តម Saud F.M. Alsuwelim បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យឯកឧត្តមបានចូលជូនសម្តែងការគួរសមនាពេលនេះ។
ឯកឧត្តម Saud F.M. Alsuwelim បានជម្រាបសម្តេចប្រធានព្រឹទ្ធសភាអំពី គោបំណងរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត គឺចង់ធ្វើកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងវិនិយោគនៅប្រទេសកម្ពុជា ដោយឯកឧត្តមបានមើកឃើញថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍ និងរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ តាមរយៈការរីកចម្រើននេះ ប្រទេសកម្ពុជានឹងសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនដែលកសាងប្រទេសកម្ពុជា ឱ្យក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឆ្លៀតឱកាសនេះ ឯកឧត្តម Saud F.M. Alsuwelim បានអញ្ជើញសម្តេចប្រធានព្រឹទ្ធសភា ទៅបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅពេលវេលាសមស្របណាមួយ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូត ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់ ក៏ដូចជាការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ។
សម្តេចប្រធានព្រឹទ្ធសភា បានស្នើឯកឧត្តមឯកអគ្គរាជទូត ជំរុញឱ្យអ្នកទេសចរអារ៉ាប៊ីសាអូឌីតមកទស្សនាកម្ពុជាឱ្យកាន់តែច្រើន និងជួយចលនាលើកទឹកចិត្តអ្នកវិនិយោគអារ៉ាប៊ីសាអូឌីត មកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ ប្រទេសកម្ពុជាមានតំបន់រមណីយដ្ឋានវប្បធម៌ និងតំបន់អេកូទេសចរណ៍ជាច្រើនកន្លែង សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ ជាពិសេសទំហំសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា មានការរីកចម្រើនឈរលំដាប់ល្អនៅក្នងតំបន់អាស៊ាននេះ។
តាមរយៈឯកឧត្តមឯកអគ្គរាជទូត សម្តេចប្រធានព្រឹទ្ធសភា បានផ្តាំផ្ញើការសួរសុខទុក្ខដោយសេចក្តីគោរពរាប់អានដ៏ស្មោះស្ម័គ្រអំពីសម្តេចជូនចំពោះឯកឧត្តមប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់របស់អារ៉ាប៊ីសាអូឌីត។ ជាមួយ គ្នានេះ សម្តេចបានសន្យាថា នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមប្រឹក្សាពិគ្រោះយោបល់នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដើម្បីរួមចំណែកដល់ការលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេស និងប្រជាជនទាំងពីរ។
សម្តេចប្រធានព្រឹទ្ធសភា បានប្រសិទ្ធពរជូនឯកឧត្តមឯកអគ្គរាជទូត សូមមានសុខភាពល្អ និងទទួលបានជោគជ័យ ក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តមនេះ៕