ភ្នំពេញ៖ លោកវរសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងកាដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថាមានជនបរទេស២នាក់(២សញ្ជាតិ) មកសូមឲ្យសមត្ថកិច្ចបញ្ជូនពួកគាត់ ទៅប្រទេសដើមវិញ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង០៩នឹង៣០នាទី។
លោកនាយការិយាល័យបន្តថាជនបរទេសទាំង២នាក់នោះរួមមានទី១.ឈ្មោះ TRAN TUAN TY ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិកាណាដា រូបគាត់បាត់លិខិតឆ្លងដែន គ្មានលទ្ធភាពធ្វើលិខិតឆ្លងដែនថ្មី និងស្នាក់នៅលើសទិដ្ឋាការ។ ជននេះចូលមកព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០១៧ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងទេសចរ។ បច្ចុប្បន្ន ស្នាក់នៅអនាថាតាមទីសាធារណៈ និងទី២.ឈ្មោះ JULIUS CHUKWUJAMA HILLARY ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិនីហ្សេរីយ៉ា កាន់លិខិតឆ្លងដែនលេខ A06029032 រូបគាត់ស្នាក់នៅលើសទិដ្ឋាការ និងគ្មានលទ្ធភាពបន្តថ្លៃទិដ្ឋាការស្នាក់នៅ។ ជននេះចូលមកព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧.០៣.២០១៧ (លិខិតឆ្លងដែនលើសទិដ្ឋាការស្នាក់នៅថ្ងៃទី៣០.០៣.២០១៧) តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងទេសចរ។ បច្ចុប្បន្ន ស្នាក់នៅអនាថាតាមទីសាធារណៈ។
បច្ចុប្បន្នជនបរទេសខាងលើ ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕