ភ្នំពេញ៖ គណៈប្រតិភូក្រុមប្រឹក្សាវប្បធម៌អាស៊ី ដឹកនាំដោយលោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី អនុប្រធានទី២ នៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទ «ពិព័រណ៍វប្បធម៌ពិភពលោកឃ្យុងយូ-ឆ្នាំ២០១៩» នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងឃ្យុងយូ ខេត្តឃ្យុងសាងបុកដូ សាធារណរដ្ឋកូរ៉េ។ ពិព័រណ៍វប្បធម៌នេះប្រព្រឹត្តទៅមានរយៈពេល៤៥ថ្ងៃ ចាប់ពីថ្ងៃទី ១១ តុលា ដល់ថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០១៩ ក្រោមប្រធានបទ «វប្បធម៌ជាកូនសោអនាគតរបស់យើង»។
នៅក្នុងពិធីបិទលោកជំទាវបានថ្លែងទៅកាន់អង្គពិធីថា “ពិព័រណ៍វប្បធម៌ពិភពលោកឃ្យុងយូ-ឆ្នាំ២០១៩ គឺជាព្រឹត្តិការណ៍វប្បធម៌ពិសេសមួយដែលវប្បធម៌ត្រូវបានបង្ហាញជាប្រភពនៃសន្តិភាព ភាពសុខដុមរមនា ការអភិវឌ្ឍន៍ ការផ្សារភ្ជាប់ទំនាក់ទំនង ភាពច្នៃប្រឌិត និងនវានុវត្តន៍ ស្របពេលដែលកម្ពុជាកំពុងរៀបចំគោលនយោបាយស្តីពីវិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍២០២០-២០៣០។ ពិព័រណ៍វប្បធម៌នេះមិនត្រឹមតែជាការអបអរសាទរភាពរុងរឿងនៃអតីតកាលប៉ុណ្ណោះទេ វាជាការតភ្ជាប់អតីតកាល ជាមួយនឹងបច្ចុប្បន្នកាល ហើយឆ្លុះបញ្ចាំងទៅអនាគត។ កិច្ចសហប្រតិបត្តិការនៅក្នុងពិព័រណ៍វប្បធម៌នេះធ្វើឡើងដើម្បីកសាងស្ពាន បង្កើនបណ្តាញទំនាក់ទំនង និងវេទិកា រវាងសហគមន៍ និងរដ្ឋាភិបាល ដើម្បីលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការជំរុញភាពចម្រុះនៃវប្បធម៌។”
ក្នុងកំឡុងពេលនៃការអញ្ជើញចូលរួមពិធីបិទនេះដែរ គណៈប្រតិភូក្រុមប្រឹក្សាវប្បធម៌អាស៊ីក៏បានជួបសំណេះសំណាលជាមួយ ឯកឧត្តម លី ឆុលអ៊ូ អភិបាលខេត្តឃ្យុងសាងបុកដូ និងជាប្រធានមូលនិធិពិព័រណ៍វប្បធម៌ពិភពលោកឃ្យុងយូ អំពីការលើកកម្ពស់កម្រិតទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ ឱ្យក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីពង្រីកនូវសក្តានុពលភាពនៃទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ការវិនិយោគ និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។ ក្រោយពីជំនួបសំណេះសំណាល និងពិភាក្សាការងារ ភាគីទំងពីរក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាវប្បធម៌អាស៊ី និងខេត្តឃ្យុងសាងបុកដូ ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌សិល្បៈ មនុស្សសាស្ត្រ និងការការពារបេតិកភណ្ឌ ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការបណ្តុះបណ្តាល ការហ្វឹកហាត់ និងការផ្លាស់ប្តូរធនធានមនុស្សទៅវិញទៅមក។ អនុស្សរណៈនៃការយោគយល់គ្នានេះក៏បានឯកភាពលើគម្រោងជួសជុល កែលំអ និងអភិរក្ស មជ្ឈមណ្ឌលអភិរក្សអង្គរ ដើម្បីជាការបង្ហាញនៃការអនុវត្តការអភិរក្សបេតិកភណ្ឌរូបីរួមគ្នា។ ក្រុមប្រឹក្សាវប្បធម៌អាស៊ីនឹងផ្តល់នូវវេទិកាមួយសម្រាប់អនុវត្តគម្រោងនេះ ហើយរដ្ឋាភិបាលខេត្ត ឃ្យុងសាងបុកដូ នឹងផ្តល់នូវជំនាញបច្ចេកទេស។
ជាមួយគ្នានេះផងដែរ ឯកឧត្តម សួស យ៉ារ៉ា អគ្គនាយកក្រុមប្រឹក្សាវប្បធម៌អាស៊ី ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងលេខាធិការដ្ឋានក្រុមប្រឹក្សាវប្បធម៌អាស៊ី និង លេខាធិការដ្ឋាន អង្គការទីក្រុងបេតិកភណ្ឌពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក តំណាងដោយ ឯកឧត្តម យាំង លី ស្តីពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍទីក្រុងបេតិកភណ្ឌ។
គួររំលឹកផងដែរថា កម្ពុជា និងកូរ៉េខាងត្បូង បានបង្កើតទំនាក់ទំនងជាមួយគ្នាជាផ្លូវការកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៧។ ទំនាក់ទំនងថ្មីនេះបានធ្វើឡើងក្រោយដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងប្រទេសកូរ៉េខាងត្បូងនាឆ្នាំ១៩៩៦។ ដំណើរទស្សនកិច្ចនេះ គឺជាដំណើរទស្សនកិច្ចមួយដ៏សំខាន់ក្នុងការស្វះស្វែងរកលទ្ធភាពបង្កើតចំណងការទូតជាមួយកូរ៉េខាងត្បូងជាប្រវត្តិសាស្ត្រ។ ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូងក្នុងរយៈពេលប្រមាណជា២២ឆ្នាំមកនេះ បានរីកលូតលាស់ជាលំដាប់ ហើយក៏បាននាំមកនូវប្រយោជន៍សម្រាប់សេដ្ឋកិច្ចជាតិរវាងប្រទេសទាំងពីរគួរឱ្យកត់សម្គាល់។
ក្នុងគោលដៅរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងពង្រឹងភាពជាដៃគូរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ប្រធានគណៈប្រតិភូកម្ពុជាក៏បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកឧត្តម ជូ ណាក់យាំង អភិបាលក្រុងឃ្យុងយូ និងអគ្គលេខាធិការនៃគណៈកម្មាធិការរៀបចំពិព័ណ៍ឯកឧត្តម យូ ហេលីម អំពីភាពជាអ្នកដឹកនាំ សមត្ថភាពរបស់ស្ថាប័ន ក៏ដូចជាការគៀងគរធនធាន និងកិច្ចសហប្រតិបត្តិការនានា ក្នុងគោលដៅបន្តគាំទ្រគ្នាទៅវិញទៅមក លើការពង្រឹងបន្ថែមនូវសមត្ថភាពអភិរក្សបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រ។
នៅក្នុងដំណើរទស្សនៈកិច្ចនេះលោកជំទាវប្រធានគណៈប្រតិភូក៏បានទស្សនាទីតាំងប្រវត្តិសាស្ត្រជាច្រើនដែលជាឧទ្យានបេតិកភណ្ឌជាតិកូរ៉េ ក៏ដូចជាឧទ្យានបេតិកភណ្ឌពិភពលោក ដែលបង្ហាញពីសាសនា និងរាជ្យវង្សសានុវង្សនៃព្រះរាជាណាចក្រសីឡារបស់កូរ៉េកាលពី១៣០០ឆ្នាំមុន។
ក្នុងអំឡុងពេលនៃពិព័រណ៍វប្បធម៌ពិភពលោកឃ្យុងយូ-ឆ្នាំ២០១៩ រយៈពេល៤៥ថ្ងៃនេះ មានការសម្តែងសិល្បៈ និងការតាំងបង្ហាញពិព័រណ៍ចម្រុះ ដែលមានការចូលរួមពី ២៧ប្រទេស និងមានភ្ញៀវទេសចរចូលរួមសរុបប្រមាណមួយលាននាក់។ សូមជម្រាបផងដែរថា រាជរដ្ឋាភិបាលកម្ពុជាក៏បានបញ្ជូនគណៈប្រតិភូសិល្បៈ ដឹកនាំដោយលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ទៅចូលរួមក្នុងពិធីបើកនិងការសម្តែងសិល្បៈក្នុងព្រឹត្តិការណ៍នេះ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ផងដែរ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០០៦ ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០០៧ ព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋកូរ៉េ បានសហការរៀបចំពិព័រណ៍វប្បធម៌ពិភពលោកអង្គរ-ឃ្យុងយូនៅខេត្តសៀមរាប ដោយទទួលបានការចូលរួមពីប្រទេសជាង៣០ និងភ្ញៀវទេសចរជាងមួយលាននាក់។ វប្បធម៌មិនត្រឹមតែជាការអភិរក្សបេតិភណ្ឌរូបី និងអរូបីប៉ុណ្ណោះទេ វប្បធម៌គឺជាប្រភពយ៉ាងសំខាន់មួយនៃកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងមានអត្តសញ្ញាណជាតិ៕