កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត រតនាគារខេត្ត បានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០០៨ ស្តីពី "ការបិទបញ្ជី ចំណូល ចំណាយថវិកា និងការធ្វើរបាយការណ៍ បូកសរុបការអនុវត្ត ចំណូល ចំណាយ ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០១៩" ក្រោមធិបតីភាព ឯកឧត្តម ហេង ពិទូ អភិបាលរងខេត្ត នៅសាលប្រជុំ "ខ" សាលាខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំផ្សព្វផ្សាយនោះមានការចូលរួមពីលោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក កាណុល ចិត្រា ប្រធានរតនាគារខេត្ត ព្រមទាំងមន្ត្រីជំនាញនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត មន្ត្រីជំនាញរតនាគារខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង-ស្រុក លោក លោកស្រីប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុក្រុង-ស្រុក លោក លោកស្រីមេឃុំ-ចៅសង្កាត់ និងលោក លោកស្រីស្មៀន-សង្កាត់ សមាសភាពសរុប១៧០នាក់។
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអានសារាចរណែនាំស្តីពីការបិទបញ្ជី ចំណូល-ចំណាយ និងការធ្វើរបាយការណ៍បូកសរុបទូទាត់ថវិការបស់រដ្ឋបាលថ្នាក់ក្រោម ជាតិប្រចាំឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមសារាចរណែនាំលេខ ០០៨ដើម្បីមន្ត្រីជំនាញទាំងអស់បានយល់និងអនុវត្តន៍តាមនីតិវិធីច្បាប់របាយការណ៍ ហិរញ្ញវត្ថុ បានកំណត់ច្បាស់លាស់អំពី ពេលវេលាមិនអាចមានភាពយឺតយ៉ាវបានឡើយ ហើយស្របតាមគោលការណ៍ដែលក្រសួងដាក់ចេញមកនោះ។
ក្នុងឱកាសនោះ ឯកឧត្ដម ហេង ពិទូ អភិបាលរងខេត្តបានមានប្រសាសន៍ថា៖ការងារ ថវិកាវាជារឿងសំខាន់ណាស់សម្រាប់ការងារប្រចាំថ្ងៃ នៅតាមក្រុង ស្រុក ឃុំ សង្កាត់ ទាំងអស់ដូចនេះបើថវិកាមានបញ្ហាយើងទាំងអស់គ្នាក៏មិនអាចដំណើរការការងារផ្សេងៗ បានងាយស្រួលឡើយ។ លើសពីនេះទៀតឯកឧត្ដមបានផ្តាំផ្ញើរឱ្យលោកមេឃុំ-ចៅ សង្កាត់ ស្មៀន និងមន្ត្រីជំនាញទាំងអស់សូមយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់អំពីខ្លឹមសារ ណែនាំសំខាន់ៗក្នុងកិច្ចប្រជុំទាំងអស់នេះ ដើម្បីមានចំណេះដឹងការងារថ្មីៗបន្ថែមទៀត ដែលធ្វើអោយយើងយល់កាន់តែច្បាស់អំពីការងារដើម្បីអោយការរៀបចំការងារមាន ភាពងាយស្រួលនិងរហ័សចំណេញពេលវេលាផងដែរនិងការអនុវត្តការងារប្រកបដោយ ប្រសិទ្ធភាពខ្ពស់៕