ភ្នំពេញ៖ កាលពីថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន សហព័ន្ធកីឡាហែលទឹកកម្ពុជា បានជួបសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករកីឡាការិនី ហែលទឹក កម្ពុជាចំនួន១២រូប ដឹកនាំលោក ហែម គិរី អគ្គនាយកសហព័ន្ធកីឡាហែលទឹកកម្ពុជា មុនចេញដំណើរទៅប្រកួតកីឡាស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី១១ ខែវិច្ឆិកា នៅប្រទេស ហ្វីលីពីន។
លោក ហែម គិរី បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្ត្រីអំពីការខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាហែល ទឹកកម្ពុជាទាក់ទងនឹងស្ថានភាពហ្វឹកហាត់ ការផ្គត់ផ្គង់អាហារូបត្ថម្ភ ដើម្បីបង្កើនសមត្ថភាពរបស់កីឡាករ កីឡាការិនី ក្នុងការត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីន។
សូមជម្រាបជូនថា៖ វិញ្ញាសារសម្រាប់ត្រៀមចូលរួមក្នុងកីឡាស៊ីហ្គេមលើកទី៣០រួមមាន៖ ហែលរបៀប សេរីបុរសនារីរយៈពេលចម្ងាយ៥០ម៉ែត្រ ១០០ម៉ែត្រ និង២០០ម៉ែត្រ ហែលរបៀបកង្កែបបុរសនារីរយៈ ពេលចម្ងាយ៥០ម៉ែត្រ ១០០ម៉ែត្រ និង២០០ម៉ែត្រ ហែលរបៀបផ្ងារនារីរយៈពេលចម្ងាយ៥០ម៉ែត្រ ហែល របៀបផ្ងារបុរសនារីរយៈពេលចម្ងាយ៥០ម៉ែត្រ និង១០០ម៉ែត្រ ហែលបួនរបៀបឯកត្តជនបុរសរយៈពេល ចម្ងាយ២០០ម៉ែត្រ និងហែលបណ្តាក់របៀបសេរីបុរសនារីរយៈពេលចម្ងាយ ៤x១០០ម៉ែត្រ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានផ្តាំផ្ញើឱ្យកីឡាករនិងកីឡាការិនីខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែម រក្សាកេរ្តិ៍ឈ្មោះជាកីឡាករកម្ពុជាប្រកបដោយសេចក្តីថ្លៃថ្នូរ គោរពវិន័យឱ្យបានខ្ជាប់ខ្ជួន និងបាន ជូនពរពួកគេឱ្យទទួលបានជ័យជំនះនៅក្នុងការប្រកួតជូនជាតិមាតុភូមិយើង៕