តាកែវ៖ រថយន្តចំនួន០២គ្រឿង មួយគ្រឿងមានម៉ាក fortuner ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ 68A-052.41 និងទី២ ម៉ាក Fortuner ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ68A-140.07 សង្ស័យពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅប្រទេសវៀតណាម ត្រូវបានកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ឃាត់ទុកជាបណ្តោះអាសន្ន។
ប្រតិបត្តិការខាងលើបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ២ កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣
ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១១នឹង២០នាទី ដោយមានការសម្របសម្រួលពី លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងមានការដឹកនាំបញ្ជាពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ។
មន្ត្រីនគរបាលខេត្តតាកែវ បានឲ្យដឹងថាជនសង្ស័យឈ្មោះ ច្រឹង ធីវី ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅខេត្តគៀនយ៉ាង ប្រទេសវៀតណាម បានធ្វើសកម្មភាពជួលរថយន្តទាំង០២គ្រឿងខាងលើពីឈ្មោះ វី ង៉ុកទៀង ភេទស្រី អាយុ៤២ឆ្នាំ និងឈ្មោះ កាវ វាំងចាំ ភេទប្រុស អាយុ៣៧ឆ្នាំ ទាំង២នាក់រស់នៅខេត្តគៀនយ៉ាង ប្រទេសវៀតណាម មកដាក់បញ្ចាំឱ្យឈ្មោះ ហេង ស្រីវ៉ាន ភេទស្រី អាយុ៤៦ឆ្នាំ និងឈ្មោះ ស្តើង សុខន ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ។
បច្ចុប្បន្នរថយន្តទាំង ០២គ្រឿង បានប្រគល់ជូនម្ចាស់ដើមវិញ ចំណែកអ្នកទទួលបញ្ចាំ កម្លាំងជំនាញកំពុងសាកសួរ ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕