ហូជីមិញ៖ ប្រតិភូគណកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញបានក្រោមការដឹកនាំដោយអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត និងជាប្រធានគណកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ បានអញ្ជើញទស្សនកិច្ចការងារ២ថ្ងៃនៅទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២៦និង២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីផ្លាស់ប្តូរដកស្រង់បទពិសោធន៍ការងារដឹកនាំគ្រប់គ្រងរបស់សមាគមអតីតយុទ្ធជនទីក្រុងហូជីមិញដែលអតីតយុទ្ធជនវៀតណាមធ្លាប់ចូលរួមតស៊ូជាមួយកងទ័ពរណសិរ្សសាមគ្គឺសង្គ្រោះជាតិកម្ពុជា រំដោះប្រទេសកម្ពុជាចេញផុតពីរបបប្រល័យពូជសាសន៍នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩។
ក្នុងដំណើរទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ ប្រតិភូគណកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ បានការទទួលស្វាគមន៍យ៉ាងរាក់ទាក់ពីសំណាក់ អនុប្រធានអចិន្ត្រៃយ៍សមាគម អតីតយុទ្ធជនទីក្រុងហូជីមិញ លោកឧត្តមនាវាទោ ត្រាន់ ថាំងង្វៀន។
កិច្ចប្រជុំពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ការងាររវាងសមាគមអតីតយុទ្ធជននៃទីក្រុងទាំង២នៅពេលនោះអនុប្រធានអចិន្ត្រៃយ៍សមាគម អតីតយុទ្ធជនទីក្រុងហូជីមិញលោកឧត្តមនាវាទោ ត្រាន់ ថាំងង្វៀន ក៏បានលើកឡើងនិងវាយតម្លៃខ្ពស់នៃការទំនាក់ទំងយ៉ាងល្អរបស់សមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញនិងសមាគមអតីតយុទ្ធជនទីក្រុងហូជីមិញ។
លោកឧត្តមនាវាទោ ត្រាន់ ថាំងង្វៀន ក៏បានលើកឡើងទៀតថា សមាគមអតីតយុទ្ធជនវៀតណាម ក៏ដូចជាសមាគមអតីតយុទ្ធជនទីក្រុងហូជីមិញបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៨៩ ក្រោយប្រទេសវៀតណាមបានបញ្ចប់សង្គ្រាមទាំងស្រុងនៅឆ្នាំ១៩៧៥រហូតមកដល់បច្ចុប្បន្នមានរយៈពេល៣០ឆ្នាំមកហើយ។សមាគមអតីតយុទ្ធជនវៀតណាមគឺមានសមាជិកមួយចំនួនធ្លាប់ចូលរួមសហការជាមួយកងទ័ពរណសិរ្យសាមគ្គឺសង្គ្រោះជាតិកម្ពុជា រំដោះប្រទេសកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍។
អនុប្រធានអចិន្ត្រៃយ៍សមាគម អតីតយុទ្ធជនទីក្រុងហូជីមិញលោកឧត្តមនាវាទោ ត្រាន់ ថាំងង្វៀន បានលើកឡើងទៀតថា សមាគមអតីតយុទ្ធជនវៀតណាមបង្កើតឡើងក្នុងគោលបំណងការពារសមិទ្ធផលដែលសម្រេចបាន ការពារប្រជាជននិងការពារប្រទេសវៀតណាម។សកម្មភាពសមាគមអតីតយុទ្ធជនវៀតណាមមានភារកិច្ចបំផុសលើកទឹកចិត្តប្រជាជនឱ្យមានគោលចំហរច្បាស់លាស់គាំទ្រការពារគោលនយោបាយរដ្ឋាភិបាលវៀតណាមនិងចូលរួមផ្សព្វផ្សាយទប់ស្កាត់ការបំបែកបំបាក់ផ្ទៃក្នុងជួរបក្ស។ចុះផ្សព្វផ្សាយពង្រឹងស្មារតីដល់យុវជនវ័យក្មេងនិងប្រជាជនស្មោះត្រង់និងបក្សកុម្មុយនីស្ត វៀតណាម។សមាជិកសមាគមចូលរួមជួយការងារសន្តិសុខនិងសណ្តាប់ធ្នាប់ និងកិច្ចការងាទំនាក់ទំនងអតីយសមាគមយុទ្ធជនអន្តរជាតិ។សកម្មភាពចុះតាមមូលដ្ឋានលើកទឹកចិត្ដនិងលើកស្ទួយជីវភាពដល់សមាជិកនៅតាមខ័ណ្ឌស្រុក។
ក្នុងឱកាសនោះអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត និងជាប្រធានគណកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ក៏បានជម្រាបជូនដល់ប្រធានប្រតិភូសមាគមអតីតយុទ្ធជនទីក្រុងហូជីមិញឱ្យដឹងថា សមាគមអតីតយុទ្ធជនកម្ពុជា ក្រោយពីបង្កើតឡើងនៅឆ្នាំ២០០៧បានធ្វើសកម្មភាពគាំទ្រជីវភាពរស់នៅរបស់សមាជិក ធ្វើផ្ទះ ផ្តល់ដីធ្លីសម្បទានសង្គមកិច្ចជូនពួកគាត់ ដើម្បីឱ្យពួកគាត់មានដីធ្វើកសិកម្មនិងមានផ្ទះរស់នៅសមរម្យលើកស្ទួយជីវភាពរស់នៅឱ្យកាន់តែល្អប្រសើរ។មិនតែប៉ុណ្ណោះសមាគមអតីតយុទ្ធជនកម្ពុជាក៏បានលើកទឹកចិត្តសមាជិកឱ្យខិតខំប្រឹងប្រែងតស៊ូក្នុងជីវិត ដើម្បីជីវភាពថ្កុំថ្កើន និងពង្រឹងស្មារតីពួកគាត់ឱ្យជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញនូវគោលនយោបាយមិនបោះបង់ពួកគាត់ចោលនោះឡើយពីព្រោះគាត់ជាយុទ្ធជនដែលមានស្នាដៃលះបង់សព្វបែបយ៉ាងចំពោះជាតិមាតុភូមិ។បច្ចុប្បសមាជិកអតីតយុទ្ធជនកម្ពុជាមានប្រមាណជាង១០ម៉ឺននាក់ ចំណែកសមាជិក សមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញមានប្រមាណជិត១ម៉ឺននាក់។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ប្រធានគណកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញក៏បានលើកឡើងនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសមាជិកអតីតយុទ្ធជនវោតណាមដែលមានគុណបំណាច់ចូលរួមប្រយុទ្ធរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍។
កិច្ចប្រជុំពិភាក្សាការងារប្រតិបត្តិការរវាងសមគមអតីតយុទ្ធជនទីក្រុងហូជីមិញ និងសមាគមអតីយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ប្រកបដោយរាក់ទាក់ស្និតស្នាលនិងយកបទសោធន៍ល្អៗដើម្បីដាក់ចេញនូវទិសដៅអនុវត្តការងារឱ្យសម្រេចបានជោគជ័យទៅអនាគតលើកិច្ចការងារអតីតយុទ្ធជន សមាគមអតីតយុទ្ធជនទីក្រុងហូជីមិញ និងបញ្ជូនគ្រូពេទ្យ១ក្រុម និងផ្តល់ថ្នាំព្យាបាល ដើម្បីទៅព្យាបាលជម្ងឺ ពលរដ្ឋកម្ពុជា ឥតគិតថ្លៃ នៅរាជធានីភ្នំពេញ នៅពេលខាងមុខនេះ
សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចការងារនៅទីក្រុងហូជីមិញរយៈពេល២ថ្ងៃនោះផងដែរ ប្រតិភូគណកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ក៏បានចូលជួបសំណេះសំណាលការងារមួយចំនួនជាមួយលោកស្រី ង្វៀន ធីហុងយាម អនុប្រធានសហព័ន្ធទទួលបន្ទុកបណ្តាសមាគមមិត្តភាពនៃទីក្រុងហូជិមិញ និងលោក ជឿង មិញញឿត ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ប្រចាំក្រុងហូជីមិញ។ កិច្ចប្រជុំផ្តោតសំខាន់កិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរបទពិសោធន៍ការងារទៅវិញទៅមកនិងបង្កើនទំនាក់ទំនងរក្សាចំណងមិត្តភាពរវាងប្រជាជាតិនៃប្រទេសទាំង២ វៀតណាម -កម្ពុជា កាន់តែរឹងមាំ។ប្រតិភូក៏បានបន្តដំណើរទស្សនកិច្ចស្ថានកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញ និងបានជួបសំដែងការគួរសមយ៉ាងរាក់ទាក់ពីសំណាក់ឯកឧត្តម សុខ ណារ៉េត អគ្គកុងស៊ុលនៃព្រះរាជណាចក្រកម្ពុជា ប្រចាំទីក្រុងហូជីមិញ។
ឯកឧត្តមអគ្គកុងស៊ុល ក៏បានជម្រាបជូនដល់ប្រតិភូលើកិច្ចការងារមួយចំនួនដែលស្ថានកុងស៊ុលនៃព្រះរាជណាចក្រកម្ពុជាបាននិងកំពុងធ្វើសកម្មភាពបំពេញភារកិច្ចលើការងារសម្របសម្រួល ដោះស្រាយបញ្ហាផ្សេងៗជូនដល់ប្រជាជនកម្ពុជា មកធ្វើការងាររកស៊ី និងនិស្សិតដែលមកសិក្សារៀនសូត្រនៅក្នុងទីក្រុងហូជីមិញ ព្រមទាំងកិច្ចការងារសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជានិងវៀតណាម ឱ្យកាន់តែរឹងមាំ និងជាពិសេសធ្វើសកម្មភាពដើម្បីលើកកិត្យានុភាពប្រទេសកម្ពុជាឱ្យកាន់តែថ្កុំថ្កើងបន្ថែមទៀត ៕