រាជរដ្ឋាភិបាល​ ដាក់​បញ្ចូល​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង​ខាងលិច​ និង​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង​ទៅ​ជា​តំបន់​ការេ​ពារ​ធម្មជាតិ​តែ​មួយ​ មានឈ្មោះ​ថា​«​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង​»

29-November-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ រាជរដ្ឋាភិបាល​កម្ពុជា​ តាម​រយៈ​សំណើ​របស់​ក្រសួងបរិស្ថាន​ បាន​សម្រេច​តាម​រយៈ​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​៦​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ បាន​ដាក់​បញ្ចូល​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង​ខាងលិច​ និង​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង​ទៅ​ជា​តំបន់​ការេ​ពារ​ធម្មជាតិ​តែ​មួយ​មានឈ្មោះ​ថា​«​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង​»​ដែល​មាន​ផ្ទៃដី​ទំហំ​សរុប​ចំនួន​ ១៣៣​ ៧០៧,​ ៧៣​ ហិ​កតា​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​សន្តិភាព​ ឃុំ​ថ្មកែវ​ ឃុំ​ព្រែក​មាស​ ស្រុក​សៀម​ប៉ា​ង​ ខេត្តស្ទឹងត្រែង​។​

​ព្រំប្រទល់​និង​ផ្ទៃក្រឡា​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង​ នឹង​ត្រូវធ្វើ​ប​ច្ចុ​ប្ប​ ន្ន​ភាព​ និង​កែសម្រួល​តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​ និង​ប្រមូល​ទិន្នន័យ​ដោយ​ផ្អែក​លើ​មូលដ្ឋាន​វិទ្យា​ សាស្ត្រ​ដើម្បី​ធានា​តម្លៃ​និង​ផលប្រយោជន៍​ធនធាន​ជីវៈចម្រុះ​ សេដ្ឋកិច្ច​ និង​សង្គម​ វប្បធម៌​។​ នៅ​ពេល​មិន​ទាន់​ បញ្ចូល​គ្នា​ ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង​មាន​ផ្ទៃដី​ទំហំ​ ៦៦​ ៩៣២​ ហិ​កតា​ ចំណែកឯ​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង​ខាងលិច​មាន​ទំហំ​ផ្ទៃដី​ ៦៥​ ៣៨៩​ ហិ​កតា​។​

​ឯកឧត្តម​ នេត្រ​ ភក្ត្រា​ រដ្ឋលេខាធិការ​ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​បានឱ្យ​ដឹង​ កាលពី​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ថា​ ការ​ដាក់​បញ្ចូល​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង​ខាងលិច​ និង​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង​ទៅ​ជា​តំបន់ការពារធម្មជាតិ​តែ​មួយ​នេះ​គឺ​នឹង​ជួយ​ឱ្យ​មានការ​ស្រួល​ដល់​ការ​គ្រប់គ្រង​ និង​អភិរក្ស​កាន់តែ​មាន​ប្រសិទ្ធភាព​ ដោយ​កាត់​បន្ថយ​នូវ​ការិយាល័យ​ធិ​ប​តេ​យ្យ​ ងាយស្រួល​ដល់​ការ​ធ្វើ​ផែនការ​គ្រប់គ្រង​ និង​ចំណេញ​ថវិកា​។​ ដែន​ជម្រក​សត្វ​ទាំង​ពីរ​នេះ​ មាន​ទីតាំង​ភូមិសាស្ត្រ​និង​ស្ថានភាព​ប្រព័ន្ធ​អេកូឡូស៊ី​ ដែល​មាន​លក្ខណៈ​ដូច​គ្នា​។​

​ឯកឧត្តម​រដ្ឋលេខាធិការ​បាន​ថ្លែង​ថា​ ដែនជម្រកសត្វព្រៃ​ទាំង​ពីរ​នេះ​ ជា​អតីត​តំបន់​សត្វ​ស្លាប​យ៉ាង​សំខាន់​ និង​កន្លង​ទៅ​ក៏​បាន​ទទួល​ការ​សិក្សា​និង​ស្នើ​សុំ​បង្កើត​«​ព្រៃ​ការពារ​»​តែ​មួយ​សម្រាប់​អភិរក្ស​ធនធាន​សេនេទិច​រុក្ខជាតិ​និង​សត្វព្រៃ​ផង​ដែរ​។​

​ដែនជម្រកសត្វព្រៃ​«​សៀម​ប៉ា​ង​»​ និង​«​សៀម​ប៉ា​ង​ខាងលិច​»​ ភាគច្រើន​គ្របដណ្តប់​ទៅ​ដោយ​ព្រៃ​ល្បោះ​ស្ងួត​ ព្រៃ​ពាក់កណ្តាល​ស្រោង​ និង​វាលស្មៅ​សាវា​ណា​ ដែល​បន្ត​ភ្ជាប់​គ្នា​ឆ្លង​ព្រំប្រទល់​នៃ​តំបន់​ទាំង​ពីរ​ ដែល​ជា​ផ្នែក​មួយ​នៃ​តំបន់​អេកូឡូស៊ី​ព្រៃ​ត្រូពិច​ស្ងួត​ទន្លេមេគង្គ​ក្រោម​ ដែល​ជា​ផ្នែក​មួយ​នៃ​តំបន់ជីវ​ជម្រុះ​មាន​តម្លៃ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​-​ភូមា​ មាន​សារៈសំខាន់​ខ្ពស់​សម្រាប់​ការ​អភិរក្ស​។​ នៅ​ក្នុង​តំបន់​នេះ​សំបូរ​ទៅ​ដោយ​សត្វ​ស្លាប​កម្រ​ដូច​ជា​សត្វ​ត្មោ​ត​ សត្វ​ត្រដក់​ សត្វ​ដំរី​ ទន្សោង​ សត្វ​ក្រៀល​ជាដើម​។​

​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម​រដ្ឋលេខាធិការ​ នេត្រ​ ភក្ត្រា​ ការ​ដាក់​បញ្ចូល​ ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង​ និង​សៀម​ប៉ា​ង​ខាល​លិច​ ជា​តំបន់ការពារធម្មជាតិ​តែ​មួយ​ ទទួល​បានការ​គាំទ្រ​ពី​អាជ្ញាធរ​មូលដ្ឋាន​(​ឃុំ​ ស្រុក​ និង​ខេត្ត​)​ ស្ថាប័ន​ពាក់ព័ន្ធ​ និង​អង្គការ​ដៃគូ​ផង​ដែរ​។​ ឯកឧត្តម​បាន​ថ្លែង​ថា​ នេះ​គឺជា​ការ​រៀបចំ​ផែនការ​ជាក់លាក់​លើ​ការងារ​គ្រប់គ្រង​ និង​អភិរក្ស​ដែនជម្រកសត្វព្រៃ​ទាំង​ពីរ​ ហើយ​ក្រសួងបរិស្ថាន​ ដែល​ជា​សមត្ថកិច្ច​នឹង​រៀបចំ​និង​គ្រប់គ្រង​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង​ដោយ​សហការ​ជាមួយ​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ រដ្ឋបាល​ខេត្តស្ទឹងត្រែង​ និង​កងកម្លាំងប្រដាប់អាវុធ​មាន​សមត្ថកិច្ច​ដើម្បី​ធានា​កិច្ច​គាំពារ​បរិស្ថាន​ ការ​អភិរក្ស​ជីវៈចម្រុះ​ និង​ការ​ប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​ស្រប​តាម​បទ​ប្បញ្ញត្តិ​នៃ​ ច្បាប់​ជា​ធរមាន​។​

​ឯកឧត្តម​ នេត្រ​ ភក្ត្រា​ បាន​គូសបញ្ជាក់​ថា​ការ​រៀបចំ​គ្រប់គ្រង​និង​អភិរក្ស​តំបន់​ដែនជម្រកសត្វព្រៃ​ សៀម​ប៉ា​ង​នេះ​គឺ​ដើម្បី​ធានា​ឱ្យ​មានការ​ថែទាំ​សត្វព្រៃ​និង​ប្រព័ន្ធ​អេកូឡូស៊ី​ ព្រមទាំង​ធានា​ឱ្យ​មានការ​បំពេញ​ លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ប្រភេទ​ណាមួយ​នៃ​សត្វ​ រុក្ខជាតិ​ និង​ជីវៈចម្រុះ​ ក៏​ដូច​ជា​ផ្តល់​ផលិតផល​និង​សេវា​ កម្ម​ធម្មជាតិ​សម្រាប់​ការ​ប្រើប្រាស់​ប្រកបដោយ​និរន្តរភាព​ ព្រមទាំង​លើកកម្ពស់​ការ​ចូលរួម​របស់​សហគមន៍​ មូលដ្ឋាន​ក៏​ដូច​ជា​សាធារណជន​ក្នុង​ការ​រួមចំណែក​ដល់​ការ​គ្រប់គ្រង​ ការ​ការពារ​ និង​ការ​អភិរក្ស​ជីវៈចម្រុះ​ និង​ធនធានធម្មជាតិ​ក្នុង​តំបន់​ឱ្យ​បាន​គង់វង្ស​។​

​សូម​បញ្ជាក់​ថា​រហូត​ទល់​បច្ចុប្បន្ន​នេះ​ រាជរដ្ឋាភិបាល​បាន​បង្កើន​ផ្ទៃដី​តំបន់ការពារធម្មជាតិ​ ដែល​ស្ថិត​នៅ​ក្រោម​យុត្តាធិការ​របស់​ក្រសួងបរិស្ថាន​ ដែល​មាន​ផ្ទៃដី​ទំហំ​រហូត​ដល់​ប្រមាណ​៤១%​ នៃ​ផ្ទៃ​ប្រទេស​ គឺ​ស្មើនឹង​ប្រមាណ​ ៧,២​ លាន​ហិ​កតា​ ដែល​ធ្វើ​ឱ្យ​កម្ពុជា​ឈរ​លំដាប់​ទី​២​ នៅ​អាស៊ី​ បន្ទាប់​ពី​ប្រទេស​ប៊ូ​​តាន​។​

ឯកឧត្តម​ នេត្រ​ ភក្ត្រា​ បាន​គូសបញ្ជាក់​ថា​ បច្ចុប្បន្ន​ ក្រសួងបរិស្ថាន​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន​ ១២៦០​ នាក់​ កំពុង​ប្រតិបត្តិការ​ការងារ​ល្បាត​ និង​អនុវត្ត​វិធានការ​ច្បាប់​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​សរុប​ចំនួន​ ៥៦​ តំបន់​ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ចំនួន​ ៣​ គ្របដណ្ដប់​លើ​ផ្ទៃដី​សរុប​ប្រមាណ​ជាង​ ៧,២​លាន​ ហិ​កតា​។​ ជាមួយ​គ្នា​នេះ​ ឯកឧត្តម​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ក៏​បាន​អំពាវនាវ​ឱ្យ​គ្រប់​ភាគី​ទាំងអស់​ចូល​ រួម​ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ដែល​កម្ពុជា​មាន​បច្ចុប្បន្ន​ដើម្បី​បន្សល់​ទុក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​ជំនាន់​ តទៅ​មុខ​ទៀត​ ៕​

 

 

ចំនួនអ្នកទស្សនា

    20546227

  • ថ្ងៃនេះ2811
  • ម្សិលមិញ20231
  • សប្តាហ៍នេះ81891
  • ខែនេះ103771
  • ឆ្នាំនេះ103771
  • សរុប20546227