តៃកុង​រថយន្ត​ បើករថយន្ត​បុក​នគរបាល​ចរាចរ​ ខេត្តកណ្តាល​ ចូលខ្លួន​មក​សារភាព​ទោស​កំហុស​ហើយ​

29-November-2019 | ដោយ ពលមនសិការ

កណ្តាល​៖​ លោក​ឧត្តមសេនីយ៍ទោ​ អ៊ា​វ​ ចំរើន​ ស្នងការ​នគរបាល​ខេត្តកណ្តាល​ បាន​ឲ្យ​ដឹង​ថា​អ្នកបើកបរ​បុក​មន្ដ្រី​នគរបាល​ចរាចរណ៍​ម្នាក់​ ពេល​កំពុង​ឈរ​ការពារ​ក្បូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ នៅ​ក្រុង​តា​ខ្មៅ​ ខេត្តកណ្ដាល​ ត្រូវ​បាន​បងស្រី​នាំ​ខ្លួន​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ ដើម្បី​អនុវត្ត​តាម​ផ្លូវច្បាប់​នៅ​វេលា​ម៉ោង​០៩​នឹង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​នេះ​ ដើម្បី​ទទួលទោស​តាម​ផ្លូវច្បាប់​ ក្រោយ​បើករថយន្ដ​បុក​មន្ដ្រី​នគរបាល​បណ្ដាល​ឲ្យ​រង​របួស​។​

​លោកស្នងការ​ខេត្ត​បន្ត​ថា​ រហូត​មក​ដល់​ពេល​នេះ​ មន្ដ្រី​នគរបាល​យុត្តិធម៌​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ ក្រោម​ការ​សម្របសម្រួល​ពី​តំណាង​អយ្យការ​ កំពុង​សួរនាំ​ជន​បង្ក​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​។​

​លោក​ឧត្តមសេនីយ៍ទោ​ អ៊ា​វ​ ចំរើន​ ស្នងការ​នគរបាល​ខេត្តកណ្តាល​ បាន​បញ្ជាក់​ថា​ អ្នក​បើករថយន្ត​មានឈ្មោះ​ សំ​ណា​ន​ សំណាង​ អាយុ​៣៣​ឆ្នាំ​ មាន​ទីលំនៅ​ស្រុក​ស្អាង​ ខេត្តកណ្តាល​។​

​សូម​រំលឹក​ថា​ កាលពី​វេលា​ម៉ោង​២០​និង​១០​នាទី​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ត្រង់​ចំណុច​ភ្លើងស្តុប​ស្ពាន​ព្រែក​ហូរ​ ស្ថិត​ក្នុង​សង្កាត់​ព្រែក​ហូរ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ រថយន្ត​តា​កូ​ម៉ា​មួយ​គ្រឿង​បើកបរ​ ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បើក​បំ​បុក​ មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្តកណ្តាល​ម្នាក់​ កំពុង​ឈរ​បញ្ជា​ចរាចរណ៍​លើ​ដងផ្លូវ​ បណ្តាល​ឲ្យ​រង​របួស​បាក់ជើង​ទាំង​សង្ខាង​ និង​បាក់ឆ្អឹង​ក​ង្កេះ​ ស្រាំ​លលា​ដ៏​កកឈាម​ក្នុង​ខួរក្បាល​យ៉ាងធ្ងន់ធ្ងរ​។​ ក្រោយ​មាន​ហេតុការណ៍​កើតឡើង​ ជន​បង្ក​បាន​ព្យាយាម​បើករថយន្ត​យក​ទៅ​ប្លុង​ចោល​រួច​គេចខ្លួន​បាត់​។​

​មន្ត្រី​នគរបាល​ចរាចរណ៍​ដែល​ត្រូវ​រថយន្ត​បើក​បុក​ពេល​បំពេញការងារ​នោះ​ឈ្មោះ​ ទូច​ សៅ​ហេង​ មាន​តួនាទី​ជា​ នាយ​រង​ផ្នែក​ មាន​ឋានន្តរស័ក្តិ​ថ្នាក់​អនុសេនីយ៍ឯក​។​

​ចំណែកឯ​រថយន្ត​បង្ក​ម៉ាក​តូ​យូ​តា​ តា​កូ​ម៉ា​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2S-3669​ បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​។​

​លោក​ ឆេ​ង​ សំ​អឿ​ន​ នាយការិយាល័យ​ចរាចរណ៍​ជើង​គោក​បានអោយ​ដឹង​ថា​លោក​ទូក​ សៅ​ហេង​ និង​មន្ត្រី​នគរបាល​ចរាចរណ៍​៥​រូប​ទៀត​ ត្រូវ​បាន​ចាត់​អោយ​ឈរជើង​នៅ​គោលដៅ​ស្តុ​ប​ស្ពាន​ព្រែក​ហូរ​ លើ​កំណាត់​ផ្លូវជាតិ​លេខ​២​ ដើម្បី​ សម្រួល​ចរាចរណ៍​នៅ​ទីនោះ​។​ នៅ​មុន​ពេល​កើតហេតុ​ លោក​ ទូច​ សៅ​ហេង​ បាន​ចេញ​ឈរ​បញ្ជា​ចរាចរណ៍​ដោយ​បាន​បញ្ជា​អោយ​រថយន្ត​តា​កូ​ម៉ា​មួយ​គ្រឿង​ឈប់​ មិន​ត្រឹមតែ​មិន​ស្តាប់​តាម​ការ​បញ្ជា​អ្នកបើកបរ​ដែល​មាន​ច​រិ​ក​សាហាវព្រៃផ្សៃ​រូប​នេះ​បាន​ជាន់​ហ្គា​បន្ថែម​ល្បឿន​បំ​បុក​មន្ត្រី​នគរបាល​ទាំង​កំរោល​បណ្តាល​អោយ​ប៉ើង​ខ្ទាត​ប្រមាណ​៥​ទៅ​៦​ម៉ែត្រ​ ធ្វើ​អោយ​មន្ត្រី​នគរ​ បាលរ​ងរ​បួស​យ៉ាងធ្ងន់ធ្ងរ​។​ ក្រោយ​ពី​មាន​ ហេតុការណ៍​កើតឡើង​អ្នកបើកបរ​រថយន្ត​បង្ក​បាន​បើក​គេច​ពី​ចំណុច​កើតហេតុ​យក​រថយន្ត​ទៅ​ប្លុង​ចោល​ ត្រូវ​បាន​សមត្ថកិច្ច​ហៅ​រថយន្ត​ស្ទូចៗ​យក​ទៅ​រក្សា​ទុក​ ដើម្បី​ចាត់ការ​តាម​ច្បាប់​។​

​លោកនាយ​ការិយាល័យ​បាន​បញ្ជាក់​ថា​ ចំពោះ​លោក​ទូច​សៅ​ហេង​ ក្រោយ​ពី​ពិនិត្យ​ក្រុម​គ្រូពេទ្យ​បាន​បញ្ជាក់​ថា​ លោក​ទទួល​រង​របួស​បាក់ជើង​ទាំង​សង្ខាង​បាក់ឆ្អឹង​ចង្កេះ​ និង​ស្រាំ​លលាដ៍​កកឈាម​ក្នុង​ខួរក្បាល​ទៀត​ផង​បច្ចុប្បន្ន​ កំពុង​សង្គ្រោះ​។​ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​មន្ត្រី​នគរបាល​ត្រូវ​រថយន្ត​បុក​ពេល​បំពេញ​ ការងារ​ លោក​ឧត្តមសេនីយ៍ទោ​ អ៊ា​វ​ ចំរើន​ ស្នងការ​នគរបាល​ខេត្ត​ បញ្ជា​អោយ​រថយន្ត​សា​មុ​យ​ចេញ​ដឹក​មន្ត្រី​មាន​របួស​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ នឹង​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៤​លាន​រៀល​ដល់​ភរិយា​មន្ត្រី​នគរបាល​ទុក​សម្រាប់​ជួយ​សម្រួល​ដល់​ការ​ព្យាបាល​។​ មួយ​ផ្នែក​ទៀត​លោក​ឧត្តមសេនីយ៍​ អ៊ា​វ​ ចំរើន​ ក៏​បាន​បង្កើត​មូលនិធិ​សង្គ្រោះ​ ដោយ​មាន​មន្ត្រី​នគរបាល​ខេត្តកណ្តាល​ជា​ច្រើន​រូប​ចូលរួម​ឧបត្ថម្ភ​ដល់​ជន​រង​គ្រោះ​ដែល​ជា​មន្ត្រី​នគរបាល​ដូច​គ្នា​៕

 


ចំនួនអ្នកទស្សនា

    20543757

  • ថ្ងៃនេះ341
  • ម្សិលមិញ20231
  • សប្តាហ៍នេះ79421
  • ខែនេះ101301
  • ឆ្នាំនេះ101301
  • សរុប20543757