សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​៖​ រណសិរ្ស​២​ធ្នូ​ ជា​ព្រឹត្ដិការណ៍​សំខាន់​ ចំពោះ​បុព្វហេតុ​នៃ​ការ​រស់រាន​មានជីវិត​ឡើង​វិញ​របស់​ជាតិ​ មាតុភូមិ​ និង​ប្រជាជន​កម្ពុជា​

02-December-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​ អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ឱកាស​មិ​ទ្ទី​ញ​មហាជន​អបអរសាទរ​ខួប​អនុស្សាវរីយ៍​ លើក​ទី​៤១​ ទិវា​កំណើត​រណសិរ្ស​សាមគ្គី​ អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ នៅ​សាលសន្និសីទ​ចតុម្មុខ​ នា​ព្រឹក​ ថ្ងៃ​ទី​២​ ខែធ្នូ​ ឆ្នាំ​២០១៩​។​

“​រណសិរ្ស​ សាមគ្គី​ អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​”​ មានឈ្មោះ​ដើម​ថា​ “​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​”​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​២​ ធ្នូ​ ឆ្នាំ​១៩៧៨​ នៅ​ក្នុង​តំបន់​រំដោះ​ នា​ភូមិ​ជើង​ឃ្លូ​ ឃុំ​២​ធ្នូ​ ស្រុក​ស្នួល​ ខេត្ដក្រចេះ​។​ ជា​អង្គការ​ចាត់តាំង​មហាជន​មួយ​ឈានមុខ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ រួបរួម​គ្នា​ជា​កម្លាំង​មហា​សាមគ្គី​ជាតិ​ ដោយ​បាន​ទទួល​ការ​ជួយ​ឧបត្ថម្ភ​យ៉ាង​ធំធេង​ពី​កងទ័ព​ស្ម័គ្រចិត្ដ​វៀតណាម​ និង​ការ​គាំទ្រ​ពី​មិត្ដភក្ដិ​ជិត​ឆ្ងាយ​លើ​សកលលោក​ ដើម្បី​ផ្ដួលរំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ រហូត​ដល់​ទទួល​បាន​ជ័យ​ជំនះ​ដ៏​ត្រចះត្រចង់​នា​ថ្ងៃ​៧​មក​រា​ ឆ្នាំ​១៩៧៩​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ បាន​លើក​ឡើង​ថា​ អង្គ​មី​ទ្ទិញ​នា​ថ្ងៃនេះ​ ជា​ព្រឹត្ដិការណ៍​ជាតិ​មួយ​ដ៏​មាន​សារៈសំខាន់​ បំផុត​ចំពោះ​បុព្វហេតុ​នៃ​ការ​រស់រាន​មានជីវិត​ឡើង​វិញ​របស់​ជាតិ​ មាតុភូមិ​ និង​ប្រជាជន​កម្ពុជា​។​ សម្តេច​លើក​ឡើង​ថា​ “​រណសិរ្ស​ ២​ធ្នូ​ មិន​ត្រឹមតែ​សង្គ្រោះ​យើង​ទាំងអស់​គ្នា​ ឱ្យ​ចាក​ផុត​ពី​មហន្ដរាយ​ នៃ​របប​ប្រល័យពូជសាសន៍​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​រណសិរ្ស​ ២​ធ្នូ​ នៅ​បាន​ជួយ​ស្ដារ​ កសាង​ និង​អភិវឌ្ឍន៍​ សង្គម​ជាតិ​នៅ​គ្រប់​ទិស​ទី​ ធ្វើ​ឱ្យ​មាតុភូមិ​កម្ពុជា​មានការ​កែប្រែ​មុខមាត់​ថ្មី​ ជា​បន្ដបន្ទាប់​”​។​

​សម្តេច​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​ អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ បាន​លើក​ឡើង​ថា​ បច្ចុប្បន្ន​ប្រជាជន​កម្ពុជា​បាន​រស់នៅ​យ៉ាង​សុខដុមរមនា​ ក្នុង​សន្ដិភាព​ សេរីភាព​ និង​សន្ដិសុខ​ដ៏​ប្រសើរ​ ហើយ​កំពុង​តែ​រួម​សាមគ្គី​គ្នា​ ឈាន​ទៅ​មុខ​ លើ​មាគ៌ា​នៃ​ការ​អភិវឌ្ឍ​ ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃ​សមិទ្ធផល​ទាំងឡាយ​ដែល​សម្រេច​បាន​កន្លង​មក​។​ ជា​ពិសេស​ ជោគជ័យ​លើ​គ្រប់​វិស័យ​ក្នុង​ឆ្នាំ​២០១៩​ នេះ​ បាន​ពង្រឹង​ថែម​ទៀត​នូវ​មូលដ្ឋាន​គ្រឹះ​ សម្រាប់​បន្ដ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ របស់​ប្រជាជន​។​ ព្រឹទ្ធសភា​ រដ្ឋសភា​ បាន​អនុវត្ដ​ដោយ​ជោគជ័យ​នូវ​ការងារ​របស់​ខ្លួន​ក្នុង​ការ​កសាង​ច្បាប់​ ។​ រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​របស់​ ស​មេ្ដ​ច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ បាន​នឹង​កំពុង​បន្ដ​អនុវត្ដ​យ៉ាង​សកម្ម​នូវ​យុទ្ធសាស្ដ្រ​ចតុកោណ​ ដែល​ជា​របៀបវារៈ​នៃ​គោលនយោបាយ​ សេដ្ឋកិច្ច​សង្គម​របស់​ខ្លួន​។​ រាជរដ្ឋាភិបាល​ បាន​បង្ហាញ​ឆន្ទៈ​ដ៏​ប្ដូរផ្ដាច់​ និង​សកម្មភាព​ប្រកបដោយ​ផ្លែផ្កា​ក្នុង​ការ​អនុវត្ដន៍​រាល់​កំណែទម្រង់​ដ៏​ទូលំទូលាយ​ និង​ស៊ីជម្រៅ​។​

​សម្តេច​ប្រធានរដ្ឋសភា​បាន​មាន​ប្រសាសន៍​បន្ថែម​ថា​ ជោគជ័យ​ និង​ក្ដី​សប្បាយ​រីករាយ​ដែល​យើង​ទទួល​បាន​នៅ​ថ្ងៃនេះ​ គឺ​មាន​ប្រភព​ចេញពី​ថ្ងៃ​ ២​ធ្នូ​ និង​ជ័យ​ជំនះ​ ៧​មក​រា​ ដ៏​រុងរឿង​ ដែល​បាន​បំភ្លឺ​បង្ហាញផ្លូវ​ជា​និច្ច​ ជាង​៤​ទសវត្សរ៍​ កន្លង​មក​។​ បច្ចុប្បន្ន​គេ​អាច​មើលឃើញ​ផ្ទាល់​ភ្នែក​នូវ​សមិទ្ធផល​លើ​គ្រប់​វិស័យ​ដ៏​ច្រើន​សេ្អ​ក​ស្កះ​នៅ​គ្រប់​ទិស​ទី​ ដែល​កើត​ចេញពី​ការ​ប្រឹងប្រែង​របស់​យើង​ទាំងអស់​គ្នា​នេះឯង​។​

​“​យើង​បាន​លុប​បំបាត់​នូវ​ស្នាម​បែកបាក់​ប្រេះឆា​ក្នុង​សង្គម​ជាតិ​ ធ្វើ​ឱ្យ​ធ្លុង​មហា​សាមគ្គី​ជាតិ​កាន់តែ​រឹង​មាំ​ឡើង​។​ មហា​សាមគ្គី​ផ្ទៃក្នុង​ជាតិ​ ជា​ឧត្ដមភាព​ និង​ជា​មូលដ្ឋាន​គ្រឹះ​ដើម្បី​ឈាន​ទៅ​សម្រេច​នូវ​គោលដៅ​ចុង​ក្រោយ​ គឺ​ការ​ស្ថាបនា​ប្រទេស​កម្ពុ​ជាមួយ​ប្រកបដោយ​វឌ្ឍនភាព​ ដែល​ប្រជាជន​យើង​ នឹង​បាន​រស់នៅ​យ៉ាង​សម្បូរ​ណ៍​សប្បាយ​ក្នុង​សន្ដិភាព​ សេរីភាព​ យុត្ដិធម៌​ និង​ភាព​ថ្លៃថ្នូរ​ជា​រៀង​រហូត​តទៅ​ នៅ​លើ​មាតុភូមិ​របស់​ខ្លួន​ “​នេះ​ជា​ការ​លើក​ឡើង​ របស់​សម្តេច​ ហេង​ សំ​រិ​ន​ ៕


ចំនួនអ្នកទស្សនា

    20546687

  • ថ្ងៃនេះ3271
  • ម្សិលមិញ20231
  • សប្តាហ៍នេះ82351
  • ខែនេះ104231
  • ឆ្នាំនេះ104231
  • សរុប20546687