តាកែវ៖ សមត្ថកិច្ចស្រុកព្រៃកប្បាស ឃាត់ខ្លួនជនសង្ស័យ ២នាក់ នឹងម្នាក់ទៀតកំពុងរត់គេចខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ នៅចំណុចភូមិភូមិជំនីក ឃុំកំពង់រាប ស្រុកព្រៃកប្បាស កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្រោមការសម្របសម្រួលនីតិវិធីដោយ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងក្រោមការយកចិត្តទុកដាក់ខ្ពស់ចំពោះការបង្ក្រាបបទល្មើសនៅតាមមូលដ្ឋានរបស់ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ នៅថ្ងៃអាទិត្យ ៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្ខពួក០៣នាក់ ពាក់ព័ន្ធអំពើលួច(គាស់ផ្ទះ) កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចភូមិជំនីក ឃុំកំពង់រាប ស្រុកព្រៃកប្បាស ម្ចាស់ផ្ទះមានឈ្មោះ រ៉ា សិដា ភេទស្រី អាយុ៣០ឆ្នាំ។
ជនសង្ស័យទី១-មានឈ្មោះ យឺ វណ្ណៈ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិជំនីក ឃុំកំពង់រាប ស្រុកព្រៃកប្បាស,ទី២-ឈ្មោះ ហ៊យ ប៊ុនឡាយ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិព្រៃផ្តៅខាងត្បូង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ចំណែកបក្ខពួកដែលរត់គេចខ្លួនឈ្មោះ ពិត ស៊ីហាប់ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រៃផ្តៅខាងត្បូង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស។
បច្ចុប្បន្ន ជនសង្ស័យកម្លាំងជំនាញកំពុងសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី និងស្រាវជ្រាវបន្តតាមចាប់ជនល្មើសដែលកំពុងរត់គេចខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ៕