ឃាតខ្លួន​បុរស​ម្នាក់​ករណី​ហិង្សា​ដោយ​ចេតនា​នៅ​ស្រុក​ខ្សាច់កណ្ដាល​

02-December-2019 | ដោយ ពលមនសិការ

កណ្ដាល​៖​ នគរបាល​ស្រុក​ខ្សាច់កណ្ដាល​ ឃាត់ខ្លួន​ បុរស​ម្នាក់​ករណី​ហិង្សា​ដោយ​ចេតនា​ បន្ទាប់​ពី​បុរស​សង្ស័យ​ខាងលើ​នេះ​ យក​កៅអី​វាយ​ទៅ​លើ​បុរស​ម្នាក់​ទៀត​បណ្ដាល​ឲ្យ​រង​របួស​យ៉ាងដំណំ​ កាលពី​យប់​ថ្ងៃ​សុក្រ​ ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ស្ថិត​ក្នុងភូមិ​ព្រែក​ក្របៅ​ទី​២​ ឃុំ​ព្រែក​អំពិល​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​។​

​មន្ដ្រី​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ សុខ​ ផា​រ៉ុ​ម​ ភេទ​ ប្រុស​ អាយុ​៣៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ កសិករ​ រីឯ​ជន​រង​គ្រោះ​ឈ្មោះ​ ធឺ​ម​ សាន​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ កសិករ​។​ជន​រង​គ្រោះ​និង​ជនសង្ស័យ​មាន​ទីលំនៅ​ភូមិ​-​ឃុំ​-​កើតហេតុ​។​

​ប្រភព​ដដែល​បន្ដ​ថា​ នៅ​មុន​ពេល​កើតហេតុ​ ជនសង្ស័យ​ និង​ជន​រង​គ្រោះ​ រួម​ទាំង​បក្ខពួក​ម្នាក់​ទៀត​ បាន​នាំ​គ្នា​ផឹកស្រា​ក្រោមផ្ទះ​ជន​រង​គ្រោះ​ លុះដល់​វេលា​ម៉ោង​ ២២​និង​២០​នាទី​ អស់​ស្រា​ ជន​រង​គ្រោះ​ ក៏​បាន​ឲ្យ​លុយ​ទៅ​ឈ្មោះ​ ចឺម​ ហួរ​ ដែល​ជា​អ្នក​ផឹក​ជាមួយ​គ្នា​ចំនួន​ ១៥០០០​រៀល​ ដើម្បី​ទិញ​ស្រា​បៀរ​ថែម​ ហើយ​និយាយ​ថា​ អញ​ទិញ​ស្រា​អស់​មួយ​កេះ​ហើយ​ ឮ​ដូច្នោះ​ ជនសង្ស័យ​និយាយ​ថា​ អញ​ទើប​មក​ក្រោយ​គេ​ ផឹក​បាន​មួយ​កំប៉ុង​នឹង​ឲ្យ​អញ​ទិញ​ស្រា​ថែម​ ភ្លាម​នោះ​ជន​រង​គ្រោះ​នឹង​ជនសង្ស័យ​ ក៏​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា​ទៅ​វិញ​ទៅ​មក​ រហូត​ធ្វើ​ឲ្យ​ជនសង្ស័យ​ទ្រាំ​នឹង​ជន​រង​គ្រោះ​ពុំ​បាន​ ក៏​យក​កៅអី​ដែក​ទៅ​វាយ​ជន​រង​គ្រោះ​៣​កៅអី​ តែ​ជន​រង​គ្រោះ​បាន​យកដៃ​ខាងឆ្វេង​រង​ បណ្តាល​ឲ្យ​ត្រូវ​កដៃ​ខាងឆ្វេង​១​កន្លែង​ បែក​ថ្ងាស​១​កន្លែង​ដេរ​៣​ថ្នេរ​ និង​របួស​ក្បាល​១​កន្លែង​ បន្ទាប់​មក​អ្នក​ទាំង​២​បាន​បែក​ចេញពី​គ្នា​ទៅ​ផ្ទះ​រៀងខ្លួន​ ។​ លុះ​មក​ដល់​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ម៉ោង​៨​ព្រឹក​ ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ព្រែក​អំពិល​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ ។​

​បន្ទាប់​ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទទួល​បាន​ពាក្យបណ្ដឹង​រួច​ ភ្លាម​នោះ​ ក៏​ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕


ចំនួនអ្នកទស្សនា

    20546387

  • ថ្ងៃនេះ2971
  • ម្សិលមិញ20231
  • សប្តាហ៍នេះ82051
  • ខែនេះ103931
  • ឆ្នាំនេះ103931
  • សរុប20546387