កណ្ដាល៖ នគរបាលប្រឆាំងបទល្មើសគ្រឿងញៀនស្រុកមុខកំពូល សហការជាមួយនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាកទឹកកកចំនួន៨កញ្ចប់ កាលពីវេលាម៉ោង២៣និង៥០នាទីថ្ងៃសៅរ៍ ទៅ៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។
មន្ដ្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ រិន ភារម្យ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិគងជ័យឃុំ ព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។ ចំណែកវត្ថុតាងដកហូតបានមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៨កញ្ចប់។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលជំនាញស្រុក បានទទួលព័ត៌មានថា ជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅចំណុចភូមិឃុំកើតហេតុ។ បន្ទាប់ពីទទួលបានព័ត៌មានរួច ភ្លាមនោះ កម្លាំងជំនាញស្រុក បានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកដំបង ចុះដល់ចំណុចកើតហេតុ រួចធ្វើការឆែកឆេរបានរកឃើញថ្នាំញៀនចំនួន៨កញ្ចប់ ឈានដល់ឃាត់ខ្លួនជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្សយ័បានសារភាពថា ថ្នាំញៀននេះ ពិតជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទិញពីជនមិនស្គាល់អត្ដសញ្ញាណម្នាក់ នៅក្តាន់ពីរ រាជធានីភ្នំពេញ ក្នុងតម្លៃ២០០,០០០រៀល ដើម្បីទៅចែកចាយលក់បន្ត ៕