កណ្ដាល៖ ម៉ូតូកង់បីឥណ្ឌាមួយគ្រឿង បើកបត់ឆ្លងផ្លូវមិនមើលមុខមើលក្រោយ ត្រូវម៉ូតូមួយគ្រឿងបើកដោយល្បឿនលឿនឈប់មិនទាន់បានបុកពេញមួយទំហឹង បណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង វេលាម៉ោង១៩និង១០នាទី ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩លើកំណាត់ផ្លូវលេខ១១៦អា ស្ថិតក្នុងភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ។
មន្ដ្រីនគរបាលចរាចរណ៍ស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ស្រាលមាន៣នាក់ ទី១-ឈ្មោះ ប៉ិច ប៊ុនសាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ (របួលធ្ងន់) ជាអ្នកបើកបរម៉ូតូម៉ាកម៉ាក់ HONDA Dream ធុន១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AD-6867, ទី២-ឈ្មោះ យ៉ុម ថាយ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល (របួលធ្ងន់ ជាអ្នករួមដំណើរ) និងទី៣-ឈ្មោះ ធូ ពេញលិញ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ (របួសស្រាល ជាអ្នករួមដំណើរ)។ ចំណែកភាគីខាងម៉ូតូកង់បីឥណ្ឌាឈ្មោះ យ៉ន ផល្លី ភេទប្រុស អាយុ៤៩ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ (រត់គេចខ្លួន)។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញម៉ូតូកង់បីឥណ្ឌា ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១១៦អា ក្នុងទិសដៅពីកើតទៅលិច លុះបើកមកដល់ចំណុចកើតហេតុ ក៏បត់ឆ្លងផ្លូវ ដោយពុំមើលមុខមើលក្រោយនោះទេ ខណៈនោះស្រាប់តែមានម៉ូតូមួយគ្រឿង ជិះគ្នា៣នាក់ បើកដោយល្បឿនលឿន ក្នុងទិសដៅស្របគ្នា ក៏ឈប់មិនទាន់បានបុកម៉ូតូកង់បីឥណ្ឌាពេញមួយទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់២នាក់ និងម្នាក់ទៀតរបួសស្រាល។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះទាំង៣នាក់ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ចំណែកឯមធ្យោបាយពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុក វាស់ពិនិត្យវាស់វែង រួចកសាងឯកសារយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕