ភ្នំពេញ៖ កម្មករសំណង់ម្នាក់ បានធ្លាក់ពីផ្ទះដែលកំពុងសាងសង់ជាន់ទី៣បណ្តាលឱ្យស្លាប់ភ្លាមៗ។ ហេតុការណ៍ខាងបង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចកំពុងសាងសង់ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែរបែកក្អម ខណ្ឌសែនសុខ។
សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថាសពឈ្មោះ ឆូយ ធី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅចំណុចកើតហេតុខាងលើ។
យោងតាមប្រភពពីឈ្មោះជួប ឡា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ជាមួយជនរងគ្រោះបានឲ្យដឹងថានៅវេលាម៉ោងប្រហែល២០នឹង១០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ពេលចប់ការងារ មេការបានប្រាប់ថាម្ចាស់ផ្ទះបានឲ្យស្រាបៀរអង្គរមួយកេស ពេលនោះពួកខ្ញុំមានគ្នា៥នាក់ព្រមទាំងជនរងគ្រោះក៏នាំគ្នាផឹកស៊ី រហូតដល់ម៉ោងប្រហែល២២៖០០នាទីក៏ផឹកអស់ ហើយក៏នាំគ្នាចូលដេករៀងៗខ្លួនចំណែកជនរងគ្រោះដេកលើគ្រែក្បែរកន្លែងផឹក ដល់ម៉ោងប្រហែល២២ជាងឈ្មោះ ពែក ចន្នី ភេទស្រី បានឃើញជនរងគ្រោះដើរចេញទៅក្រៅដោយសភាពស្រវឹង លុះដល់ម៉ោងកើតហេតុខាងលើ ខ្ញុំក៏ងើបពីដេក ពុំឃើញជនរងគ្រោះ ក៏នាំគ្នាដើររក ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់ផ្កាប់មុខនៅលើសាបផ្ទាល់ដីនៅចន្លោះផ្លូវដើរតែម្តង។
តាមការសន្និដ្ឋាន របស់លោកវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូសពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ សន្និដ្ឋានថា សពស្លាប់ដោយធ្លាក់ពីលើផ្ទះបែកក្បាលបណ្តាលឲ្យស្លាប់ ។ បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យនៅខេត្តស្វាយរៀង ៕