ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងនៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះថា ក្នុងការផ្សាយព័ត៌មានជាវីដេអូរបស់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចោទប្រកាន់មិនត្រឹមត្រូវមកលើ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថាបានបញ្ជាឲ្យចាប់ខ្លួនរាល់មុខសញ្ញាដែលចូលរួមដំណើរ ទទួលដំណើរ
លោក សម រង្ស៊ី ដោយមិនយល់មុខ ទោះជាជនពិការ អ្នកស្រែចំការ ឬអ្នកដែលគ្រាន់តែបញ្ចេញមតិ នៅលើបណ្តាញសង្គម Facebook ក៏ដោយ ...។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានការសោកស្តាយចំពោះពាក្យខ្វះការពិត និងគ្មានគុណធម៌នេះ ហើយចាត់ទុកថាការផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរីបែបបនេះ អាចនាំឲ្យសាធារណជនមានការយល់ច្រឡំលើការដឹកនាំរបស់សម្តេចក្រឡាហោម និងក្រសួងមហាផ្ទៃ ថាបានធ្វើការដោយឥតក្រែងរអែង និងមិនគោរពច្បាប់ទម្លាប់ជាធរមាន ក៏ដូចជាមានន័យថាកម្ពុជាមិនមែនជាប្រទេសប្រកាន់នីតិរដ្ឋ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមគូសបញ្ជាក់ថា៖ សម្តេចក្រឡាហោម ស ខេង ក្នុងឋានៈជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា កើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ តែងតែគោរពជាដរាបតាមរដ្ឋធម្មនុញ្ញកម្ពុជា ហើយក្នុងឋានៈនេះ សម្តេច តែងតែផ្តោតការយកចិត្តទុកដាក់ជាពិសេសលើ មាត្រា៤១ នៃរដ្ឋធម្មនុញ្ញ ដែលចែងថា៖ ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មានសេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ ជនណាក៏ដោយ មិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភ នាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។
ជាមួយគ្នានេះ ក្នុងនាមជាអ្នកទទួលខុសត្រូវលើស្ថាប័នបម្រើឲ្យការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម សម្តេចតែងតែ ណែនាំដល់មន្ត្រីក្រោមឱវាទ និងកងកម្លាំងពាក់ព័ន្ធទាំងអស់ត្រូវធ្វើសកម្មភាពឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ និងត្រូវជៀសវាងដាច់ខាតនូវការប្រើប្រាស់អំពើហិង្សា។
ការផ្សាយខុសផ្សេងៗទៀត ដែលមិនគួរឲ្យជឿនោះ គឺវិទ្យុនេះបាននិយាយថា៖ កងរាជអាវុធហត្ថ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ។ នេះជាការចុះផ្សាយខុសស្រឡះ ហើយ ហាក់មានចេតនាមិនល្អមកលើសម្តេចក្រឡាហោម។ ម្យ៉ាងទៀតសូម្បីតែភូមិកំណើត ក៏វិទ្យុនេះ មិនស្រាវជ្រាវឲ្យច្បាស់សិន សឹមផ្សាយនោះទេ។
តាមពិតភូមិកំណើតរបស់សម្តេចក្រឡាហោមគឺឈ្មោះភូមិអណ្តូងស្អាត (អណ្តូងបុរាណដែលមានទឹកថ្លាស្អាត) ពុំមានឈ្មោះភូមិអណ្តូងស្នាក ស្ថិតក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នោះទេ ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅតែទទួចអំពាវនាវឲ្យវិទ្យុអាស៊ីសេរី ត្រូវផ្សព្វផ្សាយព័ត៌មានពិត ប្រកបដោយវិជ្ជាជីវៈ ថ្លៃថ្នូរ មានការទទួលខុសត្រូវខ្ពស់ ព្រមទាំងធ្វើឱ្យសារធារណជនបានទទួលនូវព័ត៌មានពិត និងត្រឹមត្រូវ ដែលមានផលប្រយោជន៍ដល់សង្គមជាតិកម្ពុជា ៕