សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ សង្ឃឹមថា​ ឯកអគ្គរដ្ឋទូត​ថ្មី​សហភាព​អ៊ឺ​រ៉ុ​ប​ បន្ត​លើកកម្ពស់​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​កម្ពុជា​

03-December-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ បាន​ទទួល​ជួប​សវនាការ​ជាមួយ​ លោក​ជំទាវ​ ខា​ម៉ិ​ន​ ម៉ូ​រ៉េ​ណូ​ (H.E.​ Mrs.​ Carmen​ Moreno)​ ឯកអគ្គរដ្ឋទូត​ នៃ​សហភាព​អ៊ឺ​រ៉ុ​ប​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ​២០១៩​ នៅ​វិមាន​រដ្ឋសភា​។​

​ក្នុង​ជំនួប​នេះ​ សម្តេច​ប្រធានរដ្ឋសភា​ បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​បេសកកម្ម​ការទូត​របស់​លោក​ជំទាវ​។​ សម្តេច​មាន​ក្តី​សង្ឃឹមថា​ បេសកកម្ម​ការទូត​ថ្មី​របស់​ លោក​ជំទាវ​ ខា​ម៉ិ​ន​ ម៉ូ​រ៉េ​ណូ​ នៅ​កម្ពុជា​ ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ដល់​ការ​បន្ត​ថែរក្សា​ និង​លើកកម្ពស់​ទំនាក់ទំនង​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​ និង​សហភាព​អ៊ឺ​រ៉ុ​ប​ ឱ្យ​កាន់តែ​រឹង​មាំ​ និង​រីក​ចម្រើន​ថែម​ទៀត​។​

​សម្តេច​ប្រធានរដ្ឋសភា​បាន​លើក​ឡើង​ថា​ កម្ពុជា​-​សហភាព​អ៊ឺ​រ៉ុ​ប​ មាន​កាតព្វកិច្ច​ដ៏​សំខាន់​ក្នុង​ការ​រួម​គ្នា​កសាង​នូវ​ភាព​សុខដុមរមនា​ និង​ភាព​សំបូរ​រុងរឿង​ ដល់​ប្រជាជន​ទាំង​សងខាង​ មិនតែប៉ុណ្ណោះ​មិត្តភាព​នេះ​ ជា​កំលាំង​ច​លករ​រួមចំណែក​ ដល់​ការ​ថែរក្សា​សុខ​សន្តិភាព​ក្នុង​តំបន់​ និង​ សកលលោក​ផង​ដែរ​។​ ជាមួយ​គ្នា​នេះ​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ បាន​កោតសរសើរ​អតីត​ឯកអគ្គរដ្ឋទូត​សហភាព​អ៊ឺ​រ៉ុ​ប​មុនៗ​ ដែល​បាន​បំពេញ​តួនាទី​ ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ដ៏​សកម្ម​ជាមួយ​កម្ពុជា​។​

​លោក​ជំទាវ​ ខា​ម៉ិ​ន​ ម៉ូ​រ៉េ​ណូ​ បាន​ជម្រាប​សម្តេច​ប្រធានរដ្ឋសភា​ថា​ ក្នុង​រយៈពេល​ប្រមាណ​ជា​ ២៥​ឆ្នាំ​កន្លង​មកនេះ​ សហភាព​អ៊ឺ​រ៉ុ​ប​ បាន​ក្លាយជា​ដៃគូ​សំខាន់​ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ លើ​គ្រប់​វិស័យ​។​ ហើយ​បេសកកម្ម​នេះ​ សហភាព​អ៊ឺ​រ៉ុ​ប​ នៅ​តែ​មាន​ឆន្ទៈ​អនុវត្ត​បន្ត​ទៅ​មុខ​ទៀត​ ដើម្បី​គាំទ្រ​ដល់​ការ​រីក​ចម្រើន​របស់​កម្ពុជា​។​

​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​ បាន​លើក​ឡើង​បន្ត​ថា​ ជំនួយ​គាំទ្រ​របស់​សហភាព​អ៊ឺ​រ៉ុ​ប​មក​កម្ពុជា​ នា​ពេល​កន្លង​មក​ មាន​ទាំង​ខាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​និង​នីតិប្រតិបត្តិ​។​
​លោក​ជំទាវ​ ខា​ម៉ិ​ន​ ម៉ូ​រ៉េ​ណូ​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​របស់​រដ្ឋសភា​ ដែល​ជា​ស្ថាប័ន​កំពូល​ មាន​តួនាទី​សំខាន់​នៅ​ក្នុង​ការ​ចូលរួម​ចំណែក​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។​

​ក្នុង​នាម​រដ្ឋសភា​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ បាន​គាំទ្រ​ និង​បេ្ត​ជ្ញា​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ ដើម្បី​ឱ្យ​បេសកកម្ម​ការទូត​របស់​លោក​ជំទាវ​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ទទួល​បាន​ជោគជ័យ​។​

​សម្តេច​សង្ឃឹមថា​ លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​ នឹង​បាន​ស្វែង​យល់​ពី​ស្ថានភាព​ ពិត​នៅ​កម្ពុជា​ ពិសេស​គឺ​ ការ​រក្សា​បាន​នូវ​ស្ថិរភាព​ សន្តិភាព​ និង​សន្តិសុខ​ សណ្តាប់ធ្នាប់​ ដែល​ជា​មូលដ្ឋាន​ស្នូល​ នាំ​មក​នូវ​ការ​អភិវឌ្ឍន៍​រីក​ចម្រើន​ជា​បន្តបន្ទាប់​របស់​កម្ពុជា​ ដែល​ផ្ទុយ​ពី​ការ​បំពង​សម្លេង​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ ដើម្បី​កេង​ចំណេញ​ផលប្រយោជន៍​នយោបាយ​នោះ​៕


ចំនួនអ្នកទស្សនា

    20540977

  • ថ្ងៃនេះ17801
  • ម្សិលមិញ15681
  • សប្តាហ៍នេះ76641
  • ខែនេះ98521
  • ឆ្នាំនេះ98521
  • សរុប20540977