សៀមរាប៖ ក្រុមប្រពលរដ្ឋប្រមាណជាង១០០គ្រួសាររស់នៅដាច់ស្រយាលក្នុងភូមិអូរម្លូ ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប បានធ្វើការប្តឹងនិងស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ជួយអន្តរាគមន៍ករណីក្រុមឈ្មួញបានយកអេស្កាមកកាយបំផ្លាញដំណាំដំឡូងនិងគំរាមយកដីអាស្រ័យផលរបស់ពួកគាត់។
ថ្លែងប្រាប់អ្នកកាសែត នាពេលថ្មីៗនេះលោក ណា រ៉ុង អាយុ៥៥ឆ្នាំ រស់នៅភូមិជប់ម្លូ ឃុំវ៉ារិនស្រុកវ៉ារិន ខេត្តសៀមរាប បានរៀបរាប់ថា គាត់មករស់នៅទីនេះតាំងតែពីឆ្នាំ២០០៦មកម្លេះ ដោយមានដីធ្វើផ្ទះ និងចំការ នៅលើដីនេះមិនមានបញ្ហាអ្វីនោះទេ។
លោកបានរៀបរាប់ទៀតថា ទើបតែឆ្នាំ២០១៤មកទល់បច្ចុប្បន្ននេះគឺកើតឡើងដោយសារតែមានក្រុមឈ្មួញមួយដែលមានឈ្មោះសាធ ធៀប ជាអ្នករស់នៅស្រុកអន្លង់វែង បានមករកទិញដីចំការរបស់ពួកគាត់ តែពួកគាត់មិនព្រមលក់ ទើបកើតជារឿងទំនាស់បែបនេះតែម្តង។
លោកបន្តថា ជារៀងរាល់ថ្ងៃ ពួកឈ្មួញទាំងនោះតែងតែយកអេស្កាមកឈូសឆាយដំឡូង របស់ពួកគាត់ចោល ដោយចោទប្រកាន់ពួកគាត់ថារំលោភយកដីរបស់ពួកគេទៅវិញ។
លោកបន្តថា តែការមកឈូសឆាយនោះត្រូវពួកគាត់ប្តឹងឲ្យអាជ្ញាធរជួយអន្តរាគមន៍ តែពួកគេនៅតែបន្តឆ្មក់ឈូសឆាយនៅពេលយប់ដដែលដោយគ្មានខ្លាចញញើតនិងផ្លូវច្បាប់សោះឡើយ។
លោកបន្តថា ដោយសារការទិញដីមិនបានដូចបំណងទើបក្រុមឈ្មួញប្រឹករកគ្រប់មធ្យោបាយផ្សេងៗដើម្បីគ្រប់គ្រងដីទាំងនេះ។លោកបន្តថា ពេលនេះពលរដ្ឋ បានដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តសៀមរាបរួចរាល់អស់ហើយ ហើយក្នុងនោះក៏បានដាក់ពាក្យបណ្តឹងដល់អង្គភាពប្រឆាំងអំពើពុករលួយ(ACU)ថែមទៀត។
លោកបញ្ជាក់ថា ទោះបីជាយ៉ាងណាលោកក៏នៅតែទទួចឲ្យអាជ្ញាធរគ្រប់គ្រប់ជាន់ថ្នាក់មេត្តាជួយរកភាពយុត្តិធម៌ឲ្យពួកគាត់ផង និងជាពិសេស ពួកគាត់ស្មើសុំឲ្យសម្តេចតេជោ នាយករដ្ឋមន្ត្រីមេត្តាជួយអន្តរាគមន៍ករណីនេះផង។
ស្រដៀងគ្នានេះដែរ លោក អ៊ុន គឹមអូន បានឲ្យដឹងថា ពីមុនគ្មាននរណាមកធ្វើប្លង់រឹងនៅដីនេះទេ ទើបតែពេលនេះមានក្រុមឈ្មួញបានមកអះអាងថាពួកគេមានប្លង់ទៅវិញ។ព្រោះពួកគាត់រស់នៅទីនេះជាង១០ឆ្នាំមកហើយ គឺមានតែពលរដ្ឋមករស់នៅនិងអាស្រ័យផល និងមានលិខិតកាន់កាប់ដីត្រឹមភូមិឃុំតែប៉ុណ្ណោះ។
លោកបន្តថា សូមស្នើឲ្យអាជ្ញាធរគ្រប់គ្រប់ជាន់ថ្នាក់មេត្តាជួយរកភាពយុត្តិធម៌ឲ្យពួកគាត់ផងនិងស្នើឲ្យដាក់មន្ត្រីជំនាញពិតប្រាកដ មកកំណត់ព្រំដីឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យមានទំនាស់តទៅទៀត។ អតីតយោធា មួយរូប លោកគីម ឡូញ បានរៀបរាប់ដែរថាបន្ទាប់ពីលោកបានសោធធន់និវត្តន៍រួចមក លោកបានមកទិញដីមានប្លង់ពីមេឃុំលំទង និងបានដាំដំណាំជាង៧ឆ្នាំ។ស្រាប់តែបុគ្គលឈ្មោះ សំ ឧស្ម័ននិងសាធ ធៀប បានធ្វើប្លង់ជាន់ដីរបស់គាត់។ ចឹងទេករណីនេះគាត់កើតទុកមិនសុខចិត្តនិងស្នើឲ្យអាជ្ញាធរពាក់ព័ន្ធជួយរកយុត្តិធម៌ឲ្យពួកគាត់ផង។ ចំណែកលោកហ៊ុន ធី មេភូមិអូរម្លូ ចាស់ បានរៀបរាប់ដែរថា បងប្អូនប្រជាពលរដ្ឋមករស់នៅទីនេះតាំងពីឆ្នាំ២០០៦ មកម្លេះ ចឹងទេក្រុមឈ្មួញខាងលើមិនគួរមកទន្ទ្រានដីរបស់ពួកគាត់បែបនេះទេ។លោកសូមសំណូមពរឲ្យអាជ្ញាធរកំណត់ព្រំដីនិងជួយធ្វើប្លង់ឲ្យពលរដ្ឋផង។ ចំណែកជំទប់ទី នៃឃុំវ៉ារិនគឺ លោកហួន សាមឿន បានឲ្យដឹងថា ដោយទទួលបានព័ត៌មាននេះលោកមេឃុំនិងលោកអភិបាលស្រុក បានចាត់តាំងឲ្យលោកដឹកនាំកម្លាំងសមត្ថកិច្ចចុះមកពិនិត្យមើលកន្លែងកើតហេតុ ដែលពលរដ្ឋរាយការណ៍មកថា បានយកគ្រឿងចក្រមកឈូសឆាយដំណាំដំឡូងរបស់ពួកគាត់។
លោកបន្តថា ពេលមកដល់ក៏បានឃើញហេតុការណ៍បែបនេះមែន ហើយលោកក៏បានរាយការណ៍មកលោកមេឃុំរួចហើយដែរ។
លោកបន្តថា ករណីនេះលោកសំណូមពរឲ្យពលរដ្ឋរកផ្លូវដោះស្រាយដោយសន្តិវិធី ចៀសវាងប្រើអំពើហិង្សា។ ជុំវិញករណីនេះដែរ លោក ធិនី វិធូរ អភិបាលស្រុកវ៉ារិន បានឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី០៣ខែធ្នូនេះថា ការងារហ្នឹងលោកបានរាយការណ៍ទៅលោកអភិបាលខេត្តរួចហើយ។
លោកថា លោកអភិបាលខេត្តបានឲ្យលោកធ្វើរបាយការណ៍ជូនលោកមួយសិនដើម្បីឲ្យដឹងច្បាស់ថា ដីនោះនៅក្នុងទឹកដីខេត្តសៀមរាប រឺក៏នៅខេត្តឧត្តរមានជ័យនិងដើម្បីផ្ញើលិខិតទៅខាងក្រសួងដែនដីដើម្បីជួយកំណត់ព្រំប្រទល់រវាងខេត្តនិងខេត្ត។លោកបន្ថែមថា បច្ចុប្បន្នលោកកំពុងតែឲ្យមន្ត្រីចុះទៅមើលនិងអប់រំពលរដ្ឋកុំឲ្យមានបញ្ហាអី ផ្សេងៗព្រោះថ្នាក់ដឹកនាំកំពុងដោះស្រាយគ្នាដែរ។
ដោយឡែក អាជ្ញាធរខេត្តឧត្តរមានជ័យ អ្នកព័ត៌មាន នៅអាចសុំការពន្យល់បានទេនៅថ្ងៃទី០៣ខែវិច្ឆិកានេះ។ទោះបីជាយ៉ាងនេះក្តីពលរដ្ឋមានក្តីសង្ឃឹមយ៉ាងមុតមាំទៅលើថ្នាក់ដឹកនាំខេត្តទាំង២ នឹងអាចជួយរកភាពយុត្តិធម៌ជូនពួកគាត់ ខណៈក្រុមឈ្មួញកំពុងប្រើវិធីសាស្ត្រផ្សេងៗដើម្បីឆក់យកដីរបស់ពួកគាត់៕