សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ អញ្ជើញ​ជា​អធិបតី​ពិធី​អបអរសាទរ​ សន្និបាត​បូក​សរុប​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ​ស្ដី​ពី​ពិការ​ភាព​

03-December-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ៧​កើត​ ខែ​ក​ក្តិក​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ​២០១៩​នេះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​អញ្ជើញ​ជា​អធិបតី​ពិធី​អបអរសាទរ​ សន្និបាត​បូក​សរុប​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ​ស្ដី​ពី​ពិការ​ភាព​២០១៤-២០១៨​ និង​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្ដី​ពី​ពិការ​ភាព​២០១៩-២០២៣​ ព្រមទាំង​ទិវា​ជន​មាន​ពិការ​ភាព​កម្ពុជា​លើក​ទី​២១​ និង​អន្តរជាតិ​លើក​ទី​៣៧​ ក្រោម​ប្រធានបទ​«​លុប​បំបាត់​ឧបសគ្គ​រារាំង​ជន​មាន​ពិការ​ភាព​ដើម្បី​សង្គម​មួយ​ប្រកបដោយ​បរិ​យា​បន្ន​»​។​

​អញ្ជើញ​មាន​ប្រសាសន៍​ទៅ​កាន់​អង្គសន្និបាត​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​សម្ដែង​ការ​កោតសរសើរ​ចំពោះ​ក្រសួង​ និង​ភាគី​ពាក់ព័ន្ធ​ជាតិ​ និង​អន្តរជាតិ​ ដែល​បាន​កសាង​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្ដី​ពី​ពិការ​ភាព​សម្រាប់​រយៈពេល​៥​ឆ្នាំ​បន្ត​ និង​បាន​អនុវត្ត​ដោយ​ជោគជ័យ​នូវ​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​៥​ឆ្នាំ​កន្លង​មក​។​

​សម្ដេច​បាន​មាន​ប្រសាសន៍​ថា​ការ​ប្រារព្ធ​ទិវា​ជន​មាន​ពិការ​ភាព​នៅ​កម្ពុ​ជានា​ពេល​នេះ​ គឺ​ដើម្បី​រំលឹក​ដល់​មហា​វិនាសកម្ម​ដែល​បាន​កើតឡើង​ដោយសារ​សង្គ្រាមស៊ីវិល​ របប​ប្រល័យពូជសាសន៍​ ដែល​បន្សល់​ទុក​ស្ត្រី​មេម៉ាយ​ កុមារ​កំព្រា​ ជន​មាន​ពិការ​ភាព​ និង​សំណល់​អាវុធ​ជាតិ​ផ្ទុះ​ធ្វើ​ឲ្យ​ពលរដ្ឋ​ស្លាប់​ របួស​ ពិការ​ដោយ​គ្មាន​ការ​ទទួលខុសត្រូវ​រហូត​មក​ដល់​សព្វថ្ងៃ​ និង​បាន​ក្លាយជា​បន្ទុក​របស់​រាជរដ្ឋាភិបាល​។​

​សម្ដេច​បាន​ចាត់​ទុក​ការ​អនុវត្ត​ផែនការ​ជាតិ​ស្ដី​ពី​ពិការ​ភាព​កន្លង​មក​ ថា​បាន​ធានា​ឲ្យ​មានការ​សម្របសម្រួល​ជា​យុទ្ធសាស្ត្រ​ និង​ជំរុញ​នូវ​កាលានុវត្តភាព​នានា​ក្នុង​ការ​ផ្ដល់​ផលប្រយោជន៍​ដល់​ជន​មាន​ពិការ​ភាព​ ក្នុង​នោះ​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ដាក់​បញ្ចូល​ជន​មាន​ពិការ​ភាព​ទៅ​ក្នុង​កិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​សង្គម​ ព្រមទាំង​ផ្ដល់​សេវា​គាំពារ​សង្គម​ជា​ច្រើន​ទៀត​ ដើម្បី​ឲ្យ​ពួក​គាត់​ទទួល​បាន​នូវ​ការ​ការពារ​ជា​មូលដ្ឋាន​។​

​សម្ដេច​ឧបនាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា​រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិការដ្ឋ​យ៉ាងច្រើន​ដើម្បី​លើក​ស្ទួយ​ជន​មាន​ពិការ​ភាព​ និង​ក្រុម​គ្រួសារ​របស់​ពួក​គាត់​ប្រកបដោយ​បរិ​យា​បន្ន​ និង​ទទួល​បានការ​យកចិត្តទុកដាក់​សម​ស្រប​តាម​ច្បាប់​ជាតិ​ និង​អន្តជាតិ​ ដើម្បី​សង្គម​មាន​សិទ្ធិ​ស្មើគ្នា​ ក្នុង​នោះ​សូ​ម្បី​តែ​ពាក្យ​ពេ​ជន៍​ប្រើ​សម្រាប់​ជន​មាន​ពិការ​ភាព​ក៏​ត្រូវ​បាន​គិតគូ​ដើ​ម្ប​ផ្ដល់​ការ​គោរព​ដល់​ជន​មាន​ពិការ​ភាព​ដែរ​។​

​នៅ​ក្នុង​ឱកាស​នេះ​ដែរ​ សម្ដេច​បាន​មាន​ប្រសាសន៍​ថា​កម្ពុជា​នឹង​បន្ត​ការពារ​សុខ​សន្តិភាព​ជា​ដាច់ខាត​ ព្រោះ​កម្ពុជា​បាន​ស្គាល់​ឆ្អែត​ហើយ​នូវ​មហន្តរាយ​ជាតិ​ ទម្រាំ​អាច​ស្ដារ​បាន​មក​វិញ​ដូច​សព្វ​ថ្ងៃនេះ​។​ សម្ដេច​បាន​មាន​ប្រសាសន៍​ថា​ដូច្នេះ​ហើយ​គ្រប់​ភាគី​ត្រូវ​រួម​គ្នា​ការពារ​សុខ​សន្តិភាព​ ដើម្បី​ផ្ដល់​ឱកាស​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយ​សេចក្ដីសុខ​ និង​មាន​ជីវភាព​កាន់តែ​ប្រសើរ​ឡើង​ ក្នុង​នោះ​ក៏​មាន​ជន​មាន​ពិការ​ភាព​ដែរ​។​

​សម្ដេច​ក៏​បាន​គូសបញ្ជាក់​ដែរ​ថា​ថ្វី​ដ្បិតតែ​កម្ពុជា​សម្រេច​បាន​នូវ​សមិទ្ធផល​យ៉ាង​ធំធេង​លើ​វិស័យ​សុខ​មា​ភាព​ និង​ជន​មាន​ពិការ​ភាព​យ៉ាងណា​ក៏​ដោយ​ ក៏​បងប្អូន​ជន​មាន​ពិការ​ភាព​នៅ​តែ​ប្រឈម​មុខ​នឹង​ឧបសគ្គ​ជា​ច្រើន​ទៀត​ ដូច​ជា​ផ្នែក​បរិស្ថាន​រូប​វន្ត​ កា​រប​ម្លា​ស់​ទី​ និង​ការ​ទំនាក់ទំនង​ ដែល​ទាមទារ​ឲ្យ​យើង​ទាំងអស់​គ្នា​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​ និង​លុប​បំបាត់​ ក្នុង​នោះ​ក៏​មាន​ដែរ​ ការ​លុប​បំបាត់​ការ​រើសអើង​ដែល​ជា​កិច្ចការ​ចំពោះ​មុខ​។​

​បន្ទាប់​មក​សម្ដេច​បាន​មាន​ប្រសាសន៍​ផ្ដល់​អនុសាសន៍​ និង​អំពាវនាវ​ក្រសួង​ស្ថាប័ន​ ព្រមទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​យកចិត្តទុកដាក់​ក្នុង​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្ដី​ពី​ពិការ​ភាព​ឆ្នាំ​២០១៩-២០១២៣​ ដោយ​រៀបចំ​ផែនការ​សកម្មភាព​ និង​កញ្ចប់​ថវិកា​ប្រចាំឆ្នាំ​ ពង្រឹងពង្រីក​វិធានការ​ទប់ស្កាត់​ពិការ​ភាព​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ ក្នុង​នោះ​រួម​មានការ​ថែរក្សា​សុខ​សន្តិភាព​ ទប់ស្កាត់​អំពើ​ហិង្សា​ គ្រោះថ្នាក់​ចរាចរណ៍​ គ្រោះថ្នាក់​ការងារ​ ការ​ដោះ​មីន​ និង​កាក​សំណល់​ជាតិ​ផ្ទុះ​ជាដើម​។​

​សម្ដ​ច​ក៏​បាន​អំពាវនាវ​ឲ្យ​ជន​មាន​ពិការ​ភាព​ពង្រឹងស្មារតី​ម្ចាស់​ការ​ ដែល​ជា​គន្លឹះ​នៃ​ការ​អភិវឌ្ឍ​ ដោយ​សម្ដេច​បាន​ស្នើ​ឲ្យ​បងប្អូន​ជន​មាន​ពិការ​ភាព​មាន​ភាព​ក្លាហាន​ មាន​សេចក្ដី​សង្ឃឹម​ និង​ជំនឿ​ជាក់​លើ​ខ្លួនឯង​ ប្រើប្រាស់​សម្បទា​ដែល​នៅ​មាន​ពុះពារ​ជម្នះ​ឧបសគ្គ​ ដើម្បី​កសាង​ជីវភាព​ដោយ​ឯករាជ្យ​ ម្ចាស់​ការ​ និង​រួមចំណែក​អភិវឌ្ឍន៍​សង្គម​ជាតិ​ ហើយ​គ្រប់​ក្រសួង​ស្ថាប័នរដ្ឋ​ និង​ក្រុមហ៊ុន​ឯកជន​ ត្រូវ​បន្ត​ការ​ផ្ដល់​ការ​លើកទឹកចិត្ត​ជន​មាន​ពិ​ភាព​ឲ្យ​បំពេញការងារ​ និង​ទទួល​បាន​តំណែង​ទៅ​តាម​សមត្ថភាព​។​

​ជាមួយ​គ្នា​នេះ​សម្ដេច​ក៏​បាន​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​រួម​គ្នា​ផ្ដល់​ការ​គាំទ្រ​ និង​លើកទឹកចិត្ត​ជា​អាទិភាព​ដល់​ជន​មាន​ពិការ​ភាព​ និង​សម្របសម្រួល​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​ការ​ធ្វើ​ដំណើរ​ ឬ​ចល័ត​តាម​ទី​សាធារណៈ​គ្រប់​រូបភាព​ ហើយ​ក្រសួង​ព័ត៌មាន​ត្រូវ​បន្ត​ការ​ណែ​ស្ថានីយ​វិទ្យុ​ និង​ទូរទស្សន៍​រដ្ឋ​ និង​ឯកជន​ ព្រមទាំង​គ្រប់​អង្គភាព​សារព័ត៌មាន​ជួយ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​នូវ​ការ​លំបាក​ និង​ការ​ជួយ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​របស់​ជន​មាន​ពិការ​ភាព​ ក្នុង​នោះ​ក៏​មានការ​បន្ត​ផ្សព្វផ្សាយ​ភាសា​សញ្ញា​ដែរ​៕


ចំនួនអ្នកទស្សនា

    20542817

  • ថ្ងៃនេះ19641
  • ម្សិលមិញ15681
  • សប្តាហ៍នេះ78481
  • ខែនេះ100361
  • ឆ្នាំនេះ100361
  • សរុប20542817