ភ្នំពេញ៖ សមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញបានជូនដំណើរសមាជិកសមាគមចំនួន១០១គ្រួសារដែលស្ម័គ្រចិត្តទៅរស់នៅខេត្តឧត្តរមានជ័យ ដែលពួកគាត់ទទួលបានផ្ទះនិងដីធ្លីត្រឹមត្រូវពិតប្រាកដក្រោយពីពួកគាត់បានចាប់ឆ្នោតយកផ្ទះ និងការផ្តល់ដីលំនៅដ្ឋានដែលបានកសាងរួចរាល់ចំនួន១០១ខ្នងពីសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញកាលពីកន្លងទៅនេះ។
ការជូនដំណើរសមាជិកសមាគអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ តាមមធ្យោបាយរថយន្តក្រុងចំនួន៦គ្រឿង ចេញដំណើរពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឆ្ពោះទៅខេត្តឧត្តរមានជ័យដែលមានការជួយផ្គត់ផ្គង់ឧបត្ថម្ភថវិកាសម្ភារៈនិងការចំណាយផ្សេងៗពីសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ក្រោមការដឹកនាំដោយអភិបាលរាជធានីភ្នំពេញ និងជាប្រធានកិត្តិយសសមាគអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង និងប្រធានសាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ឯកឧត្តឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ។
សមាជិកសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញដែលធ្វើដំណើរទៅរស់នៅខេត្តឧត្តរមានជ័យក៏បានលើកឡើងសំដែងចេញនូវទឹកចិត្តរីករាយដែលសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់គិតគូសុខទុក្ខនិងការរស់នៅរបស់ពួកគាត់។ពួកគាត់ក៏សូមថ្លែងអំណគុណនិងប្តេជ្ញាតស៊ូទៅរស់នៅទីនោះដើម្បីកសាងជីវភាពថ្មី។
សូមបញ្ជាក់ថាសមាជិកសមាគម១០១គ្រួសារពួកគាត់នៅភ្នំពេញគ្មានផ្ទះ និងទីជម្រកពិតប្រាកដនោះទេពួកគាត់រស់នៅបច្ចុប្បន្នក្នុងតំបន់អនាធិបតេយ្យនិងជួលផ្ទះគេរស់នៅបណ្តោះអាសន្នក្នុងជីវភាពលំបាក។ ពួកគាត់ក៏បានដាក់ពាក្យស្នើសុំមកសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញដើម្បីជួយដោះស្រាយផ្ទះនិងដីធ្លីមួយចំនួនសម្រាប់បង្កបង្កើនផលផ្គត់ផ្គង់ជីវភាពឱ្យកាន់តែល្អប្រសើរ។ ទន្ទឹមនោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងការឆ្លើយតបទៅនិងគុណបំណាច់របស់ពួកគាត់ដែលលះបង់សព្វបែបយ៉ាងដើម្បីជាតិនិងមាតុភូមិក៏បានគិតគូ រកដីសម្បទានសង្គមកិច្ច និងបានកសាងផ្ទះជូនដល់ពួកគាត់១០១គ្រួសារនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដើម្បីដោះស្រាយការលំបាក។ ផ្ទះកសាងអំពីឈើប្រក់ស័ង្កសីទំហំ៤ម៉ែត្រគុណ៦ម៉ែត្រ លើដីលំនៅដ្ឋាន៣០ម៉ែត្រគុណ៨០ម៉ែត្រ បំពាក់ដោយភ្លើងសូឡា មានស្រះទឹកមួយទំហំ១០០ម៉ែត្រគុណ១០០ម៉ែត្រ ជម្រៅ៤ម៉ែត្រ និងអណ្តូងទឹកស្នប់ចំនួន៣អណ្តូង ដែលមានការជួយឧបត្តម្ភពីសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ៕