សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ អញ្ជើញ​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​អគ្គលេខាធិការ​នៃ​អង្គការ​អន្តរជាតិ​និយាយ​ភាសា​បារាំង​

03-December-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​០៣​ ខែធ្នូ​ ឆ្នាំ​២០១៩​នេះ​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ លោក​ជំទាវ​ ល្វី​ស​ មូ​ស៊ី​គី​វ៉ា​បូ​ (Louise​ Mushikiwabo)​ អគ្គលេខាធិការ​នៃ​អង្គការ​អន្តរជាតិ​និយាយ​ភាសា​បារាំង​ នៅ​វិមាន​សន្តិភាព​។​

​លោក​ជំទាវ​ Louise​ Mushikiwabo​ បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ អំពី​សកម្មភាព​របស់​កម្ពុជា​នៅ​ក្នុង​អង្គការ​និយាយ​ភាសា​បារាំង​ និង​មាន​ប្រសាសន៍​ថា​កម្ពុជា​ពិតជា​មាន​សកម្មភាព​យ៉ាង​សកម្ម​ជាទី​បំផុត​ក្នុង​នាម​ជា​បិតា​ស្ថាបនិក​នៃ​អង្គការ​និយាយ​ភាសា​បារាំង​នេះ​។​

​ជាមួយ​គ្នា​នេះ​លោក​ជំទាវ​សូម​គោរព​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ហើយ​ក៏​បាន​ស្នើ​សុំ​ធ្វើ​យ៉ាងណា​ឲ្យ​កម្ពុជា​យើង​មាន​សកម្មភាព​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត​នៅ​ក្នុង​កិច្ច​ការងារ​នេះ​។​

​ទន្ទឹម​នឹង​នេះ​ លោក​ជំទាវ​បាន​មាន​ប្រសាសន៍​ថា​ដំណើរ​ទស្សនកិច្ច​របស់​លោក​ជំទាវ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាមួយ​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង​នៅ​ពេល​នេះ​គឺ​ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​ទំនាក់ទំនង​រវាង​កម្ពុជា​ និង​អង្គការ​អន្តរជាតិ​និយាយ​ភាសា​បារាំង​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត​ ហើយ​និង​ជំរុញ​នូវ​គម្រោង​ទាំងឡាយ​ឲ្យ​មាន​ភាព​ជាក់លាក់​។​

​លោក​ជំទាវ​ ក៏​បាន​ស្នើ​ឲ្យ​កម្ពុជា​ចូល​អនុវត្ត​គម្រោង​ដែល​មាន​ភាព​ជាក់លាក់​ទាំងឡាយ​នោះ​រួម​មាន​៖​ ១-​ការ​លើក​ស្ទួយ​ការ​បង្រៀន​ភាសា​បារាំង​,​ ២-​ការ​លើក​ស្ទួយ​ពាណិជ្ជកម្ម​រវាង​ប្រទេស​និយាយ​ភាសា​បារាំង​ និង​ ៣-​ដើម្បី​រៀបចំ​នូវ​ខួប​ទី​៥០​ឆ្នាំ​នៃ​ការ​បង្កើត​អង្គការ​អន្តរជាតិ​និយាយ​ភាសា​បារាំង​នេះ​នៅ​ឆ្នាំ​២០២០​ខាង​មុខ​។​

​លើស​ពី​នោះ​ទៅ​ទៀត​ លោក​ជំទាវ​ក៏​បាន​សម្ដែង​នូវ​ការ​អបអរ​ជូន​ដល់​កម្ពុជា​យើង​ដែល​បាន​ប្រែក្លាយ​ពី​ប្រទេស​មួយ​ដែល​ធ្លាប់​ទទួល​កងទ័ព​មួក​ខៀវ​ពី​អង្គការសហប្រជាជាតិ​ មក​ជា​ប្រទេស​មួយ​ដែល​បញ្ជូន​ទ័ព​ទៅ​ជួយ​ក្នុង​ក្រប​ខណ្ឌ​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​ឡើង​វិញ​។​ ជាមួយ​នោះ​ដែរ​ លោក​ជំទាវ​ក៏​បាន​លើកទឹកចិត្ត​ជា​ថ្មី​ម្ដងទៀត​ឲ្យ​កម្ពុជា​យើង​ចូលរួម​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត​ក្នុង​កិច្ច​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​។​

​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​មាន​ ប្រសាសន៍​ថា​ កម្ពុជា​ក្នុង​នាម​ជា​ស្ថាបនិក​មួយ​នៃ​ការ​បង្កើត​អង្គការ​អន្តរជាតិ​និយាយ​ភាសា​បារាំង​នេះ​នឹង​បន្ត​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​នៅ​ក្នុង​ក្របខ័ណ្ឌ​អង្គការ​នេះ​ ហើយ​កម្ពុជា​ក៏​នឹង​ចូលរួម​រៀបចំ​ខួប​៥០​ ឆ្នាំ​ របស់​អង្គការ​អន្តរជាតិ​និយាយ​ភាសា​បារាំង​នេះ​។​ តាម​គោលការណ៍​ និង​ការ​រៀបចំ​ឡើង​របស់​អង្គការ​នេះ​ នឹង​អាច​រៀបចំ​ឲ្យ​និស្សិត​កម្ពុជា​ដែល​រៀន​ភាសា​បារាំង​នៅ​ប្រទេស​បារាំង​រៀបចំ​សកម្មភាព​ផ្សេងៗ​ដើម្បី​ចូលរួម​អបអរ​នៅ​ក្នុង​ខួប​ ៥០​ឆ្នាំ​នេះ​ផង​ដែរ​។​

​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​ចំពោះ​កិច្ចសហការ​រវាង​បណ្ដា​ប្រទេស​និយាយ​ភាសា​បារាំង​នេះ​ យើង​គប្បី​ណា​ពិនិត្យ​ឲ្យ​បាន​ជាក់លាក់​លើ​គម្រោង​មួយ​ចំនួន​ដែល​អាច​ធ្វើ​ទៅ​បាន​។​ ជាមួយ​គ្នា​នេះ​ សម្ដេច​តេ​ជោ​ចង់​ធ្វើ​យ៉ាងណា​ដើម្បី​លើក​ស្ទួយ​ទំនាក់ទំនង​លើ​វិស័យសេដ្ឋកិច្ច​ វិស័យ​ពាណិជ្ជកម្ម​ និង​វិនិយោគ​រវាង​បណ្ដា​ប្រទេស​និយាយ​ភាសា​បារាំង​ ព្រោះថា​ទំនាក់ទំនង​នយោបាយ​គឺ​ចាប់ផ្ដើម​ឡើង​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បាន​ជូនពរ​ លោក​ជំទាវ​ Louise​ Mushikiwabo​ ទទួល​បាន​សុខភាព​ល្អ​ និង​ជោគជ័យ​ក្នុង​កិច្ច​ការងារ​ជា​បន្តបន្ទាប់​ទៀត​៕


ចំនួនអ្នកទស្សនា

    20543677

  • ថ្ងៃនេះ261
  • ម្សិលមិញ20231
  • សប្តាហ៍នេះ79341
  • ខែនេះ101221
  • ឆ្នាំនេះ101221
  • សរុប20543677