សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​៖​ ក្រុងភ្នំពេញ​គឺ​ត្រូវ​បាន​បំផ្លាញ​ដោយ​របប​ប្រល័យពូជសាសន៍​ ប៉ុ​ល​ ពត​ នៅ​ពេល​ដែល​សម្ដេច​បាន​វិល​ត្រឡប់​មក​កាន់​រាជធានី​ភ្នំពេញ​វិញ​ ទីក្រុង​ទាំងមូល​ គឺ​មាន​ប្រជាជន​ប្រមាណ​តែ​ ៧០​នាក់​តែ​ប៉ុណ្ណោះ​

03-December-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ បន្ទាប់​ពី​បាន​អញ្ជើញ​ទទួល​ជួប​ជាមួយ​អគ្គលេខាធិការ​នៃ​អង្គការ​អន្តរជាតិ​និយាយ​ភាសា​បារាំង​រួច​ហើយ​នោះ​ នៅ​ព្រឹក​ថ្ងៃ​ទី​០៣​ ខែធ្នូ​ ឆ្នាំ​២០១៩​នេះ​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ គ្រី​ស្យ​ង់​ រ៉ូ​ហ្សេ​ អូ​គេ​ម​បា​ (Christian​ Roger​ Okemba)​ អភិបាលក្រុង​ប្រា​ហ្សា​វិល​ (Brazzaville)​ ប្រទេស​កុង​ហ្គោ​ និង​ជា​អនុប្រធាន​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​ (AIMF)​។​

​ក្នុង​ជំនួប​នេះ​ ប្រតិភូ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​ បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថា​ ប្រតិភូ​របស់​លោក​បាន​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​ ថ្វី​ត្បិត​តែ​មិន​ទាន់​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ទូ​ទាំង​ទីក្រុង​ភ្នំពេញ​ក៏​ដោយ​ ក៏​ប៉ុន្តែ​អ្វី​ដែល​បណ្ដា​អភិបាលក្រុង​ទាំងអស់​ សង្កេត​ឃើញ​ និង​វាយតម្លៃ​នោះ​បានឃើញ​ថា​ រាជធានី​ភ្នំពេញ​គឺជា​ទីក្រុង​មួយ​ដែល​មាន​ភាព​ចំណាស់​ ហើយ​ក៏​មាន​ភាព​ធន់​និង​ស្រស់បំព្រង​ផង​ដែរ​ ក្នុង​ន័យ​នេះ​ឯកឧត្តម​និង​ប្រតិភូ​ទាំងមូល​ នឹង​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ធ្វើការ​សង្កេតការណ៍​ និង​សិក្សា​ពី​កម្ពុជា​ដើម្បី​យក​បទ​ពិសោធន៍​ទាំងនេះ​ ទៅ​អនុវត្ត​នៅ​តាម​ប្រទេស​របស់​គាត់​រៀងៗ​ខ្លួន​ថែម​ទៀត​។​

​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ថា​ ប្រធានបទ​នៃ​ការ​កសាង​ក្រុង​នៃ​កិច្ចប្រជុំ​នៅ​ពេល​នេះ​ គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​។​ ទីក្រុង​ភ្នំពេញ​ក៏​បាន​កសាង​ឡើង​ជំនាន់​បារាំង​ ហើយ​ក៏​បាន​កសាង​ឡើង​ថែម​ទៀត​ នៅ​ជំនាន់​ ដែល​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​សោកស្ដាយ​នោះ​ ទីក្រុង​ភ្នំពេញ​គឺ​ត្រូវ​បាន​បំផ្លាញ​ដោយ​របប​ប្រល័យពូជសាសន៍​ ប៉ុ​ល​ ពត​។​ ជាមួយ​គ្នា​នេះ​ សម្តេច​តេ​ជោ​ បាន​មាន​ប្រសាសន៍​ថា​ នៅ​ពេល​ដែល​សម្ដេច​បាន​វិល​ត្រឡប់​មក​កាន់​រាជធានី​ភ្នំពេញ​វិញ​ ទីក្រុង​ទាំងមូល​ គឺ​មាន​ប្រជាជន​ប្រមាណ​តែ​ ៧០​នាក់​តែ​ប៉ុណ្ណោះ​ ហើយ​ទីក្រុង​ទាំងមូល​ពុំ​មាន​បញ្ហា​ប្រឈម​ច្រើន​នោះ​ទេ​ ដែល​បញ្ហា​ប្រឈម​នៅ​ពេល​នោះ​គឺ​ក្នុង​ទីក្រុង​ពុំ​មាន​មនុស្ស​រស់នៅ​ ពុំ​មាន​ចរាចរណ៍​ឡាន​បើកបរ​។

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​នៅ​ពេល​នេះ​រាជធានី​ភ្នំពេញ​ គឺ​ជួប​ប្រឈម​នឹង​បញ្ហា​ថ្មីៗ​ជា​ច្រើន​ មាន​ដូច​ជា​៖១)​បញ្ហា​ចរាចរណ៍​ និង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​នាំ​ទៅ​ដល់​ការ​ស្លាប់​ប្រជាពលរដ្ឋ​ជា​ច្រើន​ ហើយ​ការ​ធ្វើ​ដំណើរ​មានការ​យឺតយ៉ាវ​។​២)​ គឺ​បញ្ហា​ប្រឈម​ខ្វះ​ចំណតរថយន្ត​,​ ក្នុង​ន័យ​នេះ​ សម្ដេច​តេ​ជោ​ ក៏​បាន​ជម្រាប​ជូន​ ប្រតិភូ​ទាំងមូល​ថា​ សម្ដេច​ បាន​ណែនាំ​ ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ​ ពិនិត្យ​និង​ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​មានការ​វិនិយោគ​ទៅ​លើ​ការ​បង្កើត​ចំណតរថយន្ត​នៅ​ក្រោម​សួនច្បារ​នានា​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ និង​ទី​៣)​បញ្ហា​សំរាម​ដែល​កំពុង​តែ​ប្រឈម​,​ សម្ដេច​មាន​ប្រសាសន៍​ថា​ រាជធានី​ភ្នំពេញ​គឺ​មាន​សំរាម​ប្រមាណ​៣​ពាន់​តោន​ក្នុង​មួយ​ថ្ងៃ​ ហើយ​បើ​យើង​មិន​ប្រមូល​ទាន់​ទេ​ សម្រាម​នេះ​នឹង​ពូន​ឡើង​ ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​សោភណភាព​ផង​ អនាម័យ​ទីក្រុង​ផង​។​ ជាមួយ​គ្នា​នេះ​ផង​ដែរ​ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ថា​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ គឺ​យើង​កំពុង​ជំរុញ​ឲ្យ​មានការ​ចូលរួម​ពី​វិស័យ​ផ្សេងៗ​ក៏​ដូច​ជា​វិស័យ​ឯកជន​ដែរ​ ដើម្បី​ធ្វើ​យ៉ាងណា​កែប្រែ​សំរាម​នេះ​ឲ្យ​ទៅ​ជា​ថាមពល​អគ្គិសនី​យក​មក​ប្រើប្រាស់​ឡើង​វិញ​ និង​៤)​បញ្ហា​អាង​សំណល់​រាវ​ ,​ រាជធានី​ភ្នំពេញ​ គឺជា​រាជធានី​មួយ​ដែល​មានកំ​ពស់​ទាប​ ហើយពី​ដើម​ឡើយ​ សុទ្ធសឹងតែ​បឹងបួរ​ ក្នុង​ន័យ​នេះ​ ការ​បង្ហូរ​សំណល់​រាវ​ ទៅ​ទន្លេ​បឹងបួរ​នោះ​ ពុំ​ទាន់​មានការ​ធ្វើ​អាង​ប្រព្រឹត្តិកម្ម​ឬ​ក៏​អាង​ចម្រោះ​បាន​ត្រឹមត្រូវ​នៅឡើយ​ នេះ​ក៏​ជា​បញ្ហា​ប្រឈម​ផង​ដែរ​។​

ជាមួយ​គ្នា​នេះ​សម្ដេច​តេ​ជោ​ មាន​ប្រសាសន៍​ថា​ បញ្ហា​ទាំងនេះ​គប្បី​ណាយ​កមក​ពិចារណា​ដោះស្រាយ​ មុន​នឹង​ជំរុញ​ការ​អភិវឌ្ឍ​ទីក្រុង​ថ្មី​។​ ទន្ទឹម​នឹង​បញ្ហា​ប្រឈម​នេះ​ សម្តេច​តេ​ជោ​ ក៏​បាន​លើក​ឡើង​ដែរ​ថា​ បញ្ហា​ប្រឈម​នេះ​គឺ​បណ្ដាល​មក​ពី​ការ​អភិវឌ្ឍ​ដែល​មាន​ភាព​ជឿនលឿន​ជាទី​បំផុត​ ហើយ​ការ​អភិវឌ្ឍ​នេះ​ ទៀត​សោត​គឺ​បាន​មក​អំពី​ កត្តា​សុខ​សន្តិភាព​ ស្ថិរភាព​ ដែល​កម្ពុជា​មាន​។​ សុខ​សន្តិភាព​ ស្ថិរភាព​ គឺជា​កត្តា​ទាក់ទាញ​នៃ​ការ​វិនិយោគ​ ហើយ​ការ​វិនិយោគ​នេះ​ហើយ​ ដែល​លេច​ចេញ​ នូវ​បញ្ហា​ប្រឈម​ថ្មីៗ​ដែល​កម្ពុជា​កំពុង​តែ​ជួប​ប្រទះ​។​

​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ក៏​បាន​ផ្ដាំផ្ញើ​ជូន​ដល់​ប្រតិភូ​ទាំងមូល​ នូវ​ការ​គោរព​ និង​សួរសុខទុក្ខ​ដល់​ប្រមុខរដ្ឋ​ ប្រមុខ​រដ្ឋាភិបាល​របស់​ប្រទេស​ទាំងអស់​ដែល​បាន​ចូលរួម​ ហើយ​បាន​ជូនពរ​ឱ្យ​កិច្ចប្រជុំ​ លើ​ប្រធានបទ​ ការ​កសាង​ទីក្រុង​ដែល​ជា​ប្រធានបទ​ដ៏​មាន​សារៈសំខាន់​នេះ​ទទួល​បាន​ជោគជ័យ​៕


ចំនួនអ្នកទស្សនា

    20541787

  • ថ្ងៃនេះ18611
  • ម្សិលមិញ15681
  • សប្តាហ៍នេះ77451
  • ខែនេះ99331
  • ឆ្នាំនេះ99331
  • សរុប20541787