អាវុធហត្ថ​រាជធានី​ភ្នំពេញ​ អំពាវនាវ​ដល់​មហាជន​ ឱ្យ​ជួយ​សហការ​ផ្តល់​ព័ត៌មាន​អំពី​បទល្មើស​គ្រប់​ប្រភេទ​ដល់​សមត្ថកិច្ច​ ជា​ពិសេស​ ករណី​ចោរឆក់​

04-December-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​០៤​ ខែធ្នូ​ ឆ្នាំ​២០១៩​ សមត្ថកិច្ច​ជំនាញ​ នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​បញ្ជូន​ជនសង្ស័យ​០២​នាក់​ ទៅ​តុលាការ​ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​កាបូប​)​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​១-​ឈ្មោះ​ ចំរើន​ វាសនា​ ហៅ​ខ្មៅ​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ត្រូវ​បាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ​ ឃាត់ខ្លួន​នៅ​ចំណុច​ ផ្លូវ​១៤៤​ កែង​ផ្លូវ​នរោត្តម​ សង្កាត់​ផ្សារ​កណ្តាល​២​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​,​ ទី​២-​ឈ្មោះ​ មាស​ វាសនា​ ហៅ​ង៉ោ​ល​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​ ឃាត់ខ្លួន​ នៅ​ចំណុច​ឃ្លាំង​លើ​ ភូមិ​ឡ​កំបោរ​ សង្កាត់​ស្វាយប៉ាក​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ បាន​ធ្វើ​សកម្មភាព​ឆក់​ កាបូប​ ពី​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​បាន​សម្រេច​ នៅ​វេលា​ម៉ោង​០៣​នឹង​២០​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ប៉ុន្តែ​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ភ្លាមៗ​បន្ទាប់​ពី​សកម្មភាព​ឆក់​រួច​ និង​ ម្នាក់​ទៀត​ត្រូវ​បាន​ឃាត់ខ្លួន​ក្នុង​ថ្ងៃ​បន្ទាប់​ តាម​រយៈ​ការ​សហ​ការណ៍​គ្នា​របស់​សមត្ថកិច្ច​ ប្រឹងប្រែង​ស្រាវជ្រាវ​ តាមដាន​ និង​ពួនស្ទាក់​ អស់​រយៈពេល​១​យប់​១​ថ្ងៃ​។​ ជនសង្ស័យ​ទាំង​ ០២​នាក់​ ខាងលើ​ បាន​សារភាព​ចំពោះ​មុខ​សមត្ថកិច្ច​អាវុធហត្ថ​ឲ្យ​ដឹង​ថា​ កន្លង​មក​រូបគេ​ ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ ជា​ប្រចាំ​ថ្ងៃ​ រយៈពេល​ ០១​ឆ្នាំ​មក​ហើយ​។​

​ទន្ទឹម​ជាមួយ​គ្នា​នេះ​ផង​ដែរ​ សមត្ថកិច្ច​ជំនាញ​ របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​បង្ហើប​ឲ្យ​ដឹង​ថា​ រាល់​ការ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​បាន​សម្រេច​និង​ទាន់​ពេលវេលា​ គឺ​អាស្រ័យ​លើ​ព័ត៌មាន​ជា​សំខាន់​ ដូច្នេះ​សមត្ថកិច្ច​សូម​អំពាវនាវ​ដល់​មហាជន​ មេត្តា​ជួយ​ផ្តល់​ព​ត៌​មាន​និង​ដាក់​ពាក្យបណ្តឹង​គ្រប់ពេលវេលា​ដែល​មាន​បទល្មើស​កើតឡើង​ ដើម្បី​ជា​ទុន​ដល់​សមត្ថកិច្ច​ ក្នុង​ការ​ស្រាវជ្រាវ​ និង​បង្ក្រាប​ ព្រោះ​សមត្ថកិច្ច​មិន​អាច​ដឹង​ហេតុការណ៍​គ្រប់​រឿង​គ្រប់ពេល​បាន​ទេ​ បើ​គ្មាន​ការ​សហការ​ពី​មហាជន​ក៏​ដូច​ជា​ជន​រង​គ្រោះ​នោះ​ ៕


ចំនួនអ្នកទស្សនា

    20540617

  • ថ្ងៃនេះ17441
  • ម្សិលមិញ15681
  • សប្តាហ៍នេះ76281
  • ខែនេះ98161
  • ឆ្នាំនេះ98161
  • សរុប20540617