សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ អនុញ្ញាត​ឱ្យ​ឯកអគ្គរដ្ឋទូត​ប៉ា​គី​ស្ថាន​ ចប់​អាណត្តិ​ប្រចាំ​កម្ពុជា​ ចូល​ជួប​សម្តែង​ការ​គួរសម​ និង​ជម្រាបលា​

04-December-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ នៅ​វិមាន​សន្តិភាព​ ព្រឹក​ថ្ងៃ​ទី​០៤​ ខែធ្នូ​ ឆ្នាំ​២០១៩​នេះ​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម​ Amjad​ ALi​ sher​ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥ​ស្លា​ម​ប៉ា​គី​ស្ថាន​ ចប់​អាណត្តិ​ប្រចាំ​កម្ពុជា​ ចូល​ជួប​សម្តែង​ការ​គួរសម​ និង​ជម្រាបលា​។​

​ក្នុង​ជំនួប​នោះ​ ឯកឧត្តម​ Amjad​ ALi​ sher​ បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ សម្ដេច​តេ​ជោ​ នាយក​រដ្ឋមន្ត្រី​ បាន​អនុញ្ញាត​អោយ​ឯកឧត្តម​បាន​ជួប​សម្ដែង​ការ​គួរសម​នា​ពេល​នេះ​ ។​ ក្នុង​ឱកាស​ដែល​ ឯកឧត្តម​ បញ្ចប់​បេសកកម្ម​កា​ទូត​ពី​ព្រះរាជាណាចក្រ​កម្ពុជា​ ឯកឧត្តម​បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ​ថា​ រយៈពេល​៦​ឆ្នាំ​កន្លះ​នៅ​កម្ពុជា​ ឯកឧត្តម​បាន​រួមចំណែក​ជា​ច្រើន​ក្នុង​ការ​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​ និង​ប៉ា​គី​ស្ថាន​ ក្នុង​ការ​លើក​ស្ទួយ​និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ និង​វិនិយោគ​ផង​ដែរ​ ពិសេស​ក៏​បាន​ចូលរួម​ចំណែក​ផង​ដែរ​ក្នុង​ការ​រៀបចំ​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​ទស្សនៈកិច្ច​រវាង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ ជា​អាទិ៍​ដូច​ជា​ការ​នាំ​មក​នូវ​ទស្សនកិច្ច​រវាង​ប្រធាន​ព្រឹទ្ធសភា​ប៉ា​គី​ស្ថាន​មក​កម្ពុជា​ និង​ការ​ចូលរួម​សន្និសីទ​ផ្សេងៗ​ទៀត​របស់​ថ្នាក់ដឹកនាំ​ប៉ា​គី​ស្ថាន​នៅ​កម្ពុជា​។​

​ឯកឧត្តម​បាន​សម្ដែង​នូវ​សេចក្តី​រីករាយ​ចំពោះ​ការ​ទទួល​បាន​បទ​ពិសោធន៍​ពី​កម្ពុជា​ ជា​ពិសេស​យោ​បាយ​ ឈ្នះ​ឈ្នះ​ របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ដែល​វា​ជា​មេរៀន​របស់​ប្រទេស​ដទៃ​ផ្សេង​ទៀត​សិក្សា​រៀនសូត្រ​ជា​បទ​ពិសោធន៍​មួយ​ដែល​នាំ​មក​នូវ​សន្តិភាព​ ស្ថិរភាព​ និង​ការ​អភិវឌ្ឍ​ រួម​ជាមួយ​ភាព​សុខដុម​រវាង​ប្រជាជន​ សាសនា​ និង​សាសនា​ផង​ដែរ​។​

​ឧត្តម​ បាន​បញ្ជាក់​ថា​ កម្ពុជា​ជា​ប្រទេស​ដ៏​ស្រស់បំព្រង​ដែល​គួរ​ឲ្យ​ចង់​រស់នៅ​និង​ស្នាក់​អាស្រ័យ​ ក្នុង​ន័យ​នេះ​ឯកឧត្តម​មាន​ប្រសាសន៍​ថា​ឯកឧត្តម​ នឹង​ចង​ចាំ​នូវ​អ្វី​ដែល​បាន​ចូលរួម​ចំណែក​ជាមួយនឹង​កម្ពុជា​ និង​អ្វី​ដែល​ទទួល​បាន​តាម​រយៈ​បទ​ពិសោធន៍​ពី​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​បន្ត​ចូលរួម​ចំណែក​បន្ថែម​ទៀត​ក្នុង​ការ​បន្ត​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​កាន់តែ​រឹង​មាំ​ទ្វេ​ឡើង​ថែម​ទៀត​។​

​ជា​ការ​ឆ្លើយ​តប​ សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​ថា​ ឯកឧត្តម​បាន​ធ្វើ​ការងារ​យ៉ាងច្រើន​នៅ​ក្នុង​ការ​ជំរុញ​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​។​ ឯកឧត្តម​បាន​រៀបចំ​ខួប​អនុស្សាវរីយ៍​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​លើក​ទី​៦៥​ ជំរុញ​អោយ​ទស្សនកិច្ច​របស់​ប្រធានរដ្ឋសភា​ ប៉ា​គី​ស្ថាន​ និង​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ប៉ា​គី​ស្ថាន​មក​កាន់​កម្ពុជា​ផង​ដែរ​។​ ឯកឧត្តម​ក៏​បាន​ចូលរួម​ចំណែក​ផង​ដែរ​ក្នុង​ការ​លើក​ស្ទួយ​ទំនាក់ទំនង​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ វិនិយោគ​ជាមួយនឹង​កម្ពុជា​។​

​ក្នុង​ន័យ​នេះ​ សម្ដេច​តេ​ជោ​ នាយក​រដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ថា​ ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ និង​វិនិយោគ​នេះ​ហើយ​ ដែល​ជា​មូលដ្ឋាន​សម្រាប់​ការ​ពង្រឹង​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​។​

​សម្ដេច​តេ​ជោ​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ឯកឧត្តម​ Amjad​ ALi​ sher​ ដែល​បាន​ប្រឹងប្រែង​អស់កម្លាំង​កាយ​ចិត្ត​ពង្រឹង​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ​ និង​ជូនពរ​ឲ្យ​ឯកឧត្តម​ជោគជ័យ​ក្នុង​បេសកកម្ម​របស់​ឯកឧត្តម​ជា​បន្តបន្ទាប់​ទៀត​៕


ចំនួនអ្នកទស្សនា

    20542297

  • ថ្ងៃនេះ19121
  • ម្សិលមិញ15681
  • សប្តាហ៍នេះ77961
  • ខែនេះ99841
  • ឆ្នាំនេះ99841
  • សរុប20542297