សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ ទទួល​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ថ្មី​ នៃ​ប្រទេស​ស៊ុ​យ​អ៊ែ​ត​

04-December-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ បន្ទាប់​ពី​បាន​ទទួល​ជួប​ជាមួយ​ ឯកអគ្គរដ្ឋទូត​ ឥ​ស្លា​ម​ប៉ា​គី​ស្ថាន​ ដែល​ចប់​អាណត្តិ​ហើយ​នោះ​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក៏​បាន​អនុញ្ញាត​ ឲ្យ​ឯកឧត្តម​ Bjorn​ Haggmark​ ឯកអគ្គរដ្ឋទូត​ថ្មី​ នៃ​ប្រទេស​ស៊ុ​យ​អ៊ែ​ត​ ចូល​ជួប​សំដែង​ការ​គួរសម​។​

​ក្នុង​ជំនួប​នោះ​ ឯកឧត្តម​ Bjorn​ Haggmark​ បាន​ជម្រាប​ជូន​ សម្ដេច​តេ​ជោ​ថា​ ឯកឧត្តម​ពិតជា​មាន​កិត្តិយស​ណាស់​ដែល​បាន​មក​បំពេញបេសកកម្ម​ជា​ ឯកអគ្គរដ្ឋទូត​ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ឯកឧត្តម​បាន​ មាន​ប្រសាសន៍​ថា​ ឯកឧត្តម​ បាន​ស្វែង​យល់​អំពី​សោកនាដកម្ម​របស់​កម្ពុជា​កន្លង​មក​ ដែល​សោកនាដកម្ម​ទាំងនោះ​គួរ​គប្បី​ណា​ ទប់ស្កាត់​កុំ​ឲ្យ​មានការ​វិល​ត្រឡប់​មក​វិញ​។​ ក្នុង​ន័យ​នេះ​ឯកឧត្តម​បាន​មាន​ប្រសាសន៍​ថា​ ប្រទេស​ស៊ុ​យ​អែ​ត​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ជួយ​ដល់​តុលាការ​កាត់ទោស​មេដឹកនាំ​កំពូល​របស់​ខ្មែរក្រហម​កន្លង​មក​ ហើយ​ឯកឧត្តម​ ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា​ កន្លង​មក​ស៊ុ​យ​អ៊ែ​ត​ក៏​បាន​ផ្ដល់​ជំនួយ​មក​កម្ពុជា​យើង​ជាដំបូង​តាម​រយៈ​ជំនួយ​មនុស្សធម៌​ហើយ​នៅ​ពេល​នេះ​ទៀត​ក៏​កំពុង​តែ​រួមចំណែក​ជួយ​ដល់​កម្ពុជា​នៅ​ក្នុង​ការ​អភិវឌ្ឍ​កម្ពុជា​ផង​ដែរ​។​

​ក្នុង​ន័យ​នេះ​ ឯកឧត្តម​ បាន​មាន​ប្រសាសន៍​ថា​ តាម​រយៈ​អ្វី​ដែល​បាន​ធ្វើ​កន្លង​មកនេះ​ បេសកកម្ម​កា​ទូត​របស់​ ឯកឧត្តម​មក​កាន់​កម្ពុជា​ ឯកឧត្តម​នឹង​មិន​ចំណាយពេល​ទៅ​លើ​អ្វី​ផ្សេង​ទៀត​ទេ​ ក្រៅពី​ការ​ជំរុញ​ទំនាក់ទំនង​ដែល​មាន​ស្រាប់​ និង​ពង្រីក​ទំនាក់ទំនង​ដែល​មាន​ ជា​ពិសេស​ពង្រីក​ទំនាក់ទំនង​ទៅ​លើ​បញ្ហា​សកល​ ដូច​ជា​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ ក៏​ដូច​ជា​បញ្ហា​សកលភាវូបនីយកម្ម​ផង​ដែរ​។​

​ជា​ការ​ឆ្លើយ​តប​ សម្ដេច​តេ​ជោ​ បាន​សំដែង​នូវ​ការ​ស្វាគមន៍​ និង​អបអរសាទរ​ជូន​ចំពោះ​ ឯកឧត្តម​ Bjorn​ Haggmark​ ដែល​ត្រូវ​បាន​តែងតាំង​ជា​ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​ សម្ដេច​បាន​ថ្លែងអំណរគុណ​ជូន​ដល់​ប្រជាជន​ រដ្ឋាភិបាល​ស៊ុ​យ​អ៊ែ​ត​ ដែល​កន្លង​មក​តែងតែ​ ជួយ​ដល់​កម្ពុជា​ ទាំង​ផ្នែក​មនុស្សធម៌​ទាំង​ការ​អភិវឌ្ឍន៍​ ។​

​សម្ដេច​តេ​ជោ​ បាន​លើក​ឡើង​ថា​ជា​ការ​ពិត​កម្ពុជា​ទទួល​រក​នូវ​សោកនាដកម្ម​អតីតកាល​ហើយ​ប្រទេស​ស៊ុ​យ​អ៊ែ​ត​ជា​ប្រទេស​មួយ​ដែល​មិន​ទទួល​អតីត​ខ្មែរក្រហម​អង្គុយ​នៅ​កៅអី​អង្គការសហប្រជាជាតិ​ ហើយ​លើស​ពី​នោះ​ទៀត​ក៏​បាន​អនុញ្ញាត​ឲ្យ​កម្ពុជា​បើក​ការិយាល័យ​ព័ត៌មាន​នៅ​ទីក្រុង​ស្តុក​ហូ​ម​ ហើយ​ចាប់ពី​ពេល​នោះ​មក​ប្រទេស​ស៊ុ​យ​អ៊ែ​ត​ជា​ប្រទេស​មួយ​ ដែល​ចាប់ផ្ដើម​ផ្ដល់​នូវ​ជំនួយ​មនុស្សធម៌​ដល់​កម្ពុជា​ ។​

​សម្ដេច​តេ​ជោ​ ក៏​បាន​ថ្លែងអំណរគុណ​ផង​ដែរ​ ជូន​ចំពោះ​ជំនួយ​របស់​ប្រទេស​ស៊ុ​យ​អ៊ែ​ត​ និង​រដ្ឋាភិបាល​ស៊ុ​យ​អ៊ែ​ត​ ក្នុង​ការ​កាត់ទោស​មេដឹកនាំ​កំពូល​របស់​ខ្មែរក្រហម​ គឺជា​ការ​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​ស្វែងរក​សច្ចធម៌​ពិត​របស់​កម្ពុជា​ ហើយ​កន្លង​មកនេះ​ក៏​បាន​បន្ត​ជួយ​ដល់​កម្ពុជា​យើង​លើ​វិស័យ​អភិវឌ្ឍ​ដែរ​។​

​សម្ដេច​តេ​ជោ​ បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា​ ក្រៅពី​កិច្ច​សហប្រតិបត្តិការ​ និង​ជំនួយ​លើ​ឆាក​អន្តរជាតិ​ដូច​ជា​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ ក៏​ដូច​ជា​បញ្ហា​សាកល​ភាវូបនីយកម្ម​។​ សម្ដេច​តេ​ជោ​ បាន​ស្នើ​ឲ្យ​ ឯកឧត្តម​ ពិនិត្យ​ពិចារណា​ស្វែងរក​ជាមួយ​ភាគី​កម្ពុជា​លើ​វិស័យ​ដទៃ​ទៀត​ ដែល​យើង​អាច​សហការ​នេះ​បាន​ ។​

​ឆ្លៀតឱកាស​នេះ​ សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ ក៏​បាន​ជម្រាប​ជូន​ ឯកឧត្តម​ Bjorn​ Haggmark​ អំពី​អាទិភាព​របស់​រាជាណាចក្រ​កម្ពុជា​ នោះ​គឺ​កត្តា​សុខ​សន្តិភាព​ និង​ស្ថិរភាព​ ដែល​ជា​កត្តា​សំខាន់​សម្រាប់​ជំរុញ​ការ​អភិវឌ្ឍ​របស់​កម្ពុជា​ ហើយ​ក៏​បាន​ជម្រាប​ជូន​ផង​ដែរ​ នូវ​មហិច្ឆតា​របស់​កម្ពុជា​ នោះ​គឺ​កែប្រែ​ប្រទេស​កម្ពុជា​យើង​ពី​ប្រទេស​ ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប​ ទៅ​ជា​ប្រទេស​ចំណូល​មធ្យម​ កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​ខាង​មុខ​៕

 

ចំនួនអ្នកទស្សនា

    20542677

  • ថ្ងៃនេះ19501
  • ម្សិលមិញ15681
  • សប្តាហ៍នេះ78341
  • ខែនេះ100221
  • ឆ្នាំនេះ100221
  • សរុប20542677