នាយ​ឧត្តមសេនីយ៍​ កែ​ គឹ​ម​យ៉ា​ន​ ៖​ អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ ត្រូវ​រក​គន្លឹះ​អ្វី​ដែល​ថ្មីៗ​ ដើម្បី​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​

04-December-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​៤​ ខែធ្នូ​ ឆ្នាំ​២០១៩​ នៅ​សាល​ប្រជុំ​ក្រសួងមហាផ្ទៃ​ មាន​រៀបចំ​កិច្ចប្រជុំ​ពេញអង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ដើម្បី​ឆ្លង​ផែនការ​ជាតិ​៥​ឆ្នាំ​ ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​២០១៩-២០២៣​ ក្រោម​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ដោយ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ កែ​ គឹ​ម​យ៉ា​ន​ ឧបនាយករដ្ឋមន្ត្រី​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ត្រី​ ក្រសួងសុខាភិបាល​ និង​ឯកឧត្តម​ លោក​ជំទាវ​ រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​ ជា​តំណាង​ក្រសួង​ស្ថាប័ន​ជា​អនុប្រធាន​ សមាជិក​ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​សរុប​ជិត​១០០​នាក់​។​

​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ កែ​ គឹ​ម​យ៉ា​ន​ បាន​ថ្លែង​នូវ​ការ​អរគុណ​ និង​កោតសរសើរ​ដល់​ក្រសួង​ ស្ថាប័ន​ អង្គភាព​ជា​សមាជិក​ទាំងអស់​កន្លង​មក​បាន​រួម​គ្នា​ពិនិត្យ​ និង​កែសម្រួល​សេចក្តី​ព្រាង​ផែនការ​ជាតិ​៥​ឆ្នាំ​ ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១៩-២០២៣​នេះ​ កាន់តែ​មាន​លក្ខណៈ​ពហុ​វិស័យ​ សុ​ក្រឹត្យ​ និង​គ្រប់​ជ្រុងជ្រោយ​ តាម​វិស័យ​នីមួយៗ​ ដើម្បី​បង្ការ​ ទប់ស្កាត់​ បង្ក្រាប​ និង​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​ចូលរួម​ចំណែក​ក្នុង​ការ​ការពារ​សុខមាលភាព​ប្រជាពលរដ្ឋ​ ការពារ​ និង​ថែរក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​ និង​ការ​អភិវឌ្ឍ​សង្គម​។​

​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ កែ​ គឹ​ម​យ៉ា​ន​ បាន​ថ្លែង​បន្ថែម​ថា​ គ្រប់​ក្រសួង​ ស្ថាប័ន​ អង្គភាព​ ត្រូវ​រៀបចំ​ផែនការ​ប្រតិបត្តិ​ប្រចាំឆ្នាំ​រៀងៗ​ខ្លួន​ ដើម្បី​អនុវត្ត​នូវ​រាល់​សកម្មភាព​ ដែល​ស្ថិត​ក្រោម​ដែន​សមត្ថកិច្ច​ ទទួលខុសត្រូវ​របស់​ខ្លួន​ រៀបចំ​យន្តការ​តាមដាន​ បូក​សរុប​ វាយតម្លៃ​ និង​កំណត់​ចំណុចខ្លាំង​ ចំណុចខ្សោយ​ កង្វះខាត​តម្រូវការ​នានា​ សម្រាប់​ធ្វើ​ជា​មូលដ្ឋាន​ ក្នុង​ការ​រៀបចំ​ផែនការ​ ទិស​ដៅ​ និង​សកម្មភាព​ សម្រាប់​ការ​អនុវត្ត​ក្នុង​ឆ្នាំ​បន្តបន្ទាប់​អោយ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ជាមួយ​គ្នា​នេះ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ កែ​ គឹ​ម​យ៉ា​ន​ ក៏​បាន​ថ្លែង​បញ្ជាក់​បន្ថែម​ថា​ អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ ត្រូវ​រក​គន្លឹះ​អ្វី​ដែល​ថ្មីៗ​ ដើម្បី​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​។​ ដូច្នេះ​ មណ្ឌល​សុខភាព​នីមួយៗ​ នៅ​តាម​ឃុំ​-​សង្កាត់​ ត្រូវ​មាន​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​អ្នក​ដែល​ញៀន​គ្រឿងញៀន​ ចំណុច​នេះ​ មិន​អាច​ឱ្យ​មន្ទីរពេទ្យ​ខេត្ត​-​ស្រុក​ ទៅ​គ្រប់គ្រង​បញ្ហា​ជន​ញៀន​គ្រឿងញៀន​ បាន​ទាំង​អស់នោះ​ទេ​ គឺ​មាន​តែ​មណ្ឌល​សុខភាព​ នៅ​តាម​មូលដ្ឋាន​នេះ​ហើយ​ ដែល​អាច​ក្តាប់​ជាប់​នូវ​ចំនួន​មនុស្ស​ ដែល​បាន​ញៀន​ថ្នាំ​ញៀន​ នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ គឺ​មិន​ត្រឹមតែ​ប៉ូ​លី​ស​តែ​អង្គ​ឯង​នោះ​ដែរ​ ៕


ចំនួនអ្នកទស្សនា

    20543267

  • ថ្ងៃនេះ20091
  • ម្សិលមិញ15681
  • សប្តាហ៍នេះ78931
  • ខែនេះ100811
  • ឆ្នាំនេះ100811
  • សរុប20543267