ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោក Benoit Bosquet នាយករដ្ឋប្រចាំតំបន់នៃការអនុវត្តជាសាកលនូវការអភិវឌ្ឍប្រកដោយនិរន្តរភាពនៃធនាគារពិភពលោក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ជាកិច្ចចាប់ផ្ដើមលោក Benoit Bosquet បានថ្លែងចំណាប់អារម្មណ៍ចំពោះវឌ្ឍនភាពរបស់ប្រទេសកម្ពុជាដែលលោកបានឃើញក្នុងអំឡុងពេលទស្សនកិច្ចនេះ និងបានចាត់ទុកប្រទេសកម្ពុជាថាជាប្រទេសមានភាពស្រស់បំព្រង ព្រមទាំងបានកត់សំគាល់ឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការបង្កើនគណនេយ្យភាពសង្គមនៅថ្នាក់មូលដ្ឋាន។
សម្ដេចក្រឡាហោម ស ខេង និងលោក Benoit Bosquetពិភាក្សាគ្នាដោយក៏កត់សំគាល់អំពីវឌ្ឍនភាពនៃការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការងារផ្ទេរមុខងារទៅថ្នាក់ក្រោមជាតិ ក្នុងវិស័យអប់រំ សុខាភិបាល និងការផ្ទេរមុខងារទៅថ្នាក់ក្រោមជាតិ។
សម្ដេចក្រឡាហោម បានមានប្រសាសន៍ថារាជរដ្ឋាភិបាលកំពុងរៀបចំអនុក្រឹត្រថ្មីចំនួន៤ដែលគ្រោងនឹងផ្សព្វផ្សាយនាពេលខាងមុខនេះ ពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រុង ថ្នាក់ស្រុក ថ្នាក់ខណ្ឌ និងអនុក្រឹត្យពាក់ព័ន្ធនឹងវិស័យសុខាភិបាលនៅថ្នាក់មូលដ្ឋាន។
ពាក់ព័ន្ធនឹងវិស័យអប់រំ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថារាជរដ្ឋាភិបាល កំពុងអនុវត្តសាកល្បងនៅខេត្តបាត់ដំបងនូវគម្រោងផ្ទេរមុខងារគ្រប់គ្រងវិស័យអប់រំពីថ្នាក់មត្តេយ្យសិក្សារហូតដល់បឋមសិក្សាទាំងរដ្ឋ និងឯកជន ទៅឲ្យថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋានជាអ្នកគ្រប់គ្រង។
ពាក់ព័ន្ធនឹងវិស័យសុខាភិបាល រាជរដ្ឋាភិបាលក៏កំពុងផ្ទេរការគ្រប់គ្រងមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យស្រុកទៅឲ្យថ្នាក់ខេត្តគ្រប់គ្រង ទុកតែកិច្ចការស្នូលមួយចំនួនឲ្យក្រសួងសុខាភិបាលគ្រប់គ្រងប៉ុណ្ណោះ ដូចជាការបណ្ដុះបណ្ដាលធនធានមនុស្ស និងថ្នាំពេទ្យជាដើម។
ចំពោះកំណែទម្រង់វិស័យរដ្ឋបាលនៅថ្នាក់ក្រោមជាតិ សម្ដេចក្រឡាហោម មានប្រសាសន៍ថាការងារនេះមានការទទួលស្គាល់ និងពេញចិត្តពីសំណាក់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដូចជាការបង្កើតការិយាល័យច្រកចេញចូលតែមួយដែលបានប្រមាណ៧០ភាគរយ ហើយគ្រោងនឹងធ្វើឲ្យបាន១០០ភាគរយនាពេលខាងមុខ។
នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍អំពីការបង្កើនការផ្ទេរថវិកាទៅឲ្យរដ្ឋបាលឃុំសង្កាត់ ដោយថវិការនបានកើនពីជាង៣ម៉ឺនដុល្លារក្នុងមួយឆ្នាំ ទៅដល់ដល់ជាង៧ម៉ឺនដុល្លារអាមេរិក និងកើនជាបន្តបន្ទាប់រហូតដល់ជាង១០ម៉ឺនដុល្លារអាមេរិកនៅឆ្នាំ២០២៣។
ពាក់ព័ន្ធនឹងកិច្ចការកំណែទម្រង់នេះ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាជាការពិតការងារនេះមានការលំបាកដែលទាមទារឲ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ព្រមទាំងដៃគូអន្តរជាតិ។
ជាការឆ្លើយបលោក Benoit Bosquet បានបង្ហាញការឯកភាព និងស្នើសុំសម្ដេចក្រឡាហោម ស ខេង ចូលរួមចំណែកក្នុងការងារជាប្រវត្តិសាស្ត្រនេះ ដើម្បីចូលរួមសម្រេចគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតាមមូលដ្ឋាន។
ជាមួយគ្នានេះលោកក៏បានមានប្រសាសន៍អំពីការស្វែងរកដំណោះស្រាយសម្រាប់ស្ត្រីដែលបម្លាស់ទី ហើយបានផ្ញើកូនៗរបស់ខ្លួនៅឪពុកម្ដាយដែលជាជីដូនជីតា ធ្វើឲ្យការថែទាំងកុមារមិនសូវបានល្អគ្រប់ជ្រុងជ្រោយ និងមានហានីភ័យដល់អាយុជីវិតរបស់ពួកគេទៀតផង។
សម្ដេចបានបង្ហាញការឯកាព និងបានចាត់ទុកបញ្ហានេះថាជាគម្រោងមួយដ៏ល្អ ដោយសម្ដេចបានថ្លែងថាក្រសួងមហាផ្ទៃនឹងផ្ដល់កិច្ចសហការដល់ធនាគារពិភពលោក។
សម្ដេចក៏បានស្នើធនធនាគារពិភពលោកបន្តចូលរួមក្នុងគម្រោងផ្ទេរមុខងារវិស័យអប់រំនៅខេត្តបាត់ដំបង ដើម្បីជួយជ្រោមជ្រែងឲ្យគម្រោងសាកល្បងនេះទទួលបានជោគជ័យ។
មុននឹងបញ្ចប់លោកBenoit Bosquetបានមានប្រសាសន៍ថាធនាគារពិភពលោកសូមកោតសរសើរ និងស្ញប់ស្ងែងចំពោះកិច្ចខិតខំប្រែងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាជន និងបានប្រកាសត្រៀមខ្លួនជានិច្ចដើម្បីជួយរាជរដ្ឋាភិបាលក្នុងការងារដ៏មានសារៈសំខាន់នេះ៕