ភ្នំពេញ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋមកធ្វើប្រហុក ផ្អក ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩នេះ។
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផលបានឲ្យដឹងថាក្នុងរដូវនេសា ឆ្នាំ២០១៩-២០២០នេះ បន្ទាប់ពីបានសង្កេត តាមដានលើកំពស់ទឹក ដែលហូរចេញពីបឹងទន្លេសាប ឃើញថា ទឹកបានស្រកចុះយ៉ាងលឿន ដែលមិនធ្លាប់ជួបប្រទះ ក្នុងរយៈកាលកន្លងមក។
ទឹកដែលហូរចេញពីបឹងទន្លេសាប ស្រកចុះយ៉ាងលឿនបែបនេះ ធ្វើឲ្យគន្លងដាយនៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និង ខេត្តកណ្តាល អាចនេសាទត្រីបានច្រើន ក្នុងខែមិគសិរនេះ គឺចាប់ពីថ្ងៃ៩កើត ដល់ថ្ងៃ១៣កើត ត្រូវនឹងថ្ងៃទី៥ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះប្រសិនបើផ្ទៃមេឃស្រឡះល្អ និង គ្មានភ្លៀងកក់ខែ។
យោងលើស្ថានភាព ដូចបានជម្រាបជូនខាងលើ រដ្ឋបាលជលផល ស្នើសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរសម្រាប់ទុកបរិភោគប្រចាំឆ្នាំ មេត្តាអញ្ជើញមកទិញត្រី ក្នុងខែមិគសិរនេះ ឲ្យបានរួសរាន់ តាមពេលវេលានិង ទីកន្លែង ដូចបានជម្រាបជូនខាងលើ។
ជាមួយគ្នានេះដែរ រដ្ឋបាលជលផល សូមសំណូមពរដល់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់ជាន់ថ្នាក់មេត្តា បង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ បានធ្វើដំណើរទៅមក ស្នាក់នៅនិងដឹកជញ្ជូនផលិតផលត្រីកុំឲ្យមានការរាំងស្ទះតាមការគួរ ៕