កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ នៅសាលា ស្រុកសាមគ្គីមានជ័យ មានប្រារព្ធទិវាពិភពលោកប្រយុទ្ធនិងជំអឺអេដស៍ថ្ងៃទី០១ ធ្នូក្រោមអធិបតីភាព ឯកឧត្តម អម សុភា ប្រធានគណៈកម្មា
ធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនិងជាអភិបាលរង ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីប្រធានអង្គភាពជុំវិញខេត្ត លោកគ្រូអ្នកគ្រូ យុវជនកាកបាទក្រហមយុវជនកាយរិទ្ធ ប្រជាពលរដ្ឋ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលចូលរួមសរុបចំនួន៤២២នាក់ នៅក្នុងនោះ កុមារនិងអ្នកកើតជំងឺអេដស៍ចូលរួមចំនួន៥០នាក់ផងដែរ។
លោកវេជ្ជបណ្ឌិត លឹម លៀងងួន អនុប្រធានលេខាធិការដ្ឋានប្រយុទ្ធនិងជំងឺអេដស៍ខេត្ត បានអានរបាយការណ៍ លទ្ធផលរយៈពេល៩ខែ ឆ្នាំ២០១៩នេះ អ្នកមកធ្វើតេស្តឈាមរកមេរោគអេដស៍នៅក្នុងមណ្ឌលសុខភាព៤២មណ្ឌល និង មន្ទីរពេទ្យខេត្តមានចំនួន៥,៥៩០នាក់ ក្នុងនោះបានរកឃើញលទ្ធផលវិជ្ជមានចំនួន៣៩នាក់ ស្មើនិង០.៦៩ភាគរយ នៃអ្នកធ្វើតេស្តឈាម។
មន្ទីរពេទ្យបង្អែកខេត្ត ផ្តល់ថ្នាំព្យាបាលជំងឺឱកាសនិយម និងថ្នាំប្រឆាំងមេរោគអេដស៍បានចំនួន៨៨៣នាក់ ក្នុងនោះមានកុមារ៦០នាក់ បានពិនិត្យស្ត្រីមានផ្ទៃពោះចំនួន១០,៨៧២នាក់ និងស្ត្រីស្ម័ក្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍ចំនួន១០,៨២៣ នាក់ ក្នុងនោះលទ្ធផលជាវិជ្ជមាន មានចំនួន៣នាក់។
ឯកឧត្តម អម សុភា បានអានសាខាលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានិងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិចឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍និងអភិវឌ្ឍន៍នៅកម្ពុជាក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេជស៍១ធ្នូឆ្នាំ២០១៩ក្រោមប្រធានបទ(ទាំងអស់គ្នារួមចរន្តជាតិតែមួយក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍និងជំងឺអេដស៍)។
ឯកឧត្តម អម សុភា បានផ្តាំផ្ញើដល់សមាជិកក្នុងអង្គពិធីថាៈចំពោះយុវជនត្រូវតមនិងការរួមភេទ,មិនត្រូវភ្លើតភ្លើនការសប្បាយផ្លូវភេទ, មិនត្រូវភ្លើតភ្លើននឹងគ្រឿងញៀនឡើយ ចំណែកមនុស្សពេញវ័យ ត្រូវស្មោះប្តី១ ប្រពន្ធ១, មិនត្រូវមានដៃគូស្នេហាច្រើន, មិនត្រូវទិញសេវាផ្លូវភេទត្រូវប្រើស្រោមអនាម័យជានិច្ច និងត្រឹមត្រូវបើមានដៃគូស្នេហាក្រៅពីប្រពន្ធរបស់ខ្លួន, បើត្រូវការរួមភេទជាមួយដៃគូរផ្សេងក្រៅពីប្តីប្រពន្ធ ត្រូវតែប្រើសស្រោមអនាម័យ, កុំនិយមប្រើថ្នាំចាក់ និងស្រី្តគ្រប់រូបត្រូវយល់ដឹងអំពីជំងឺអេដស៍។
នៅក្នុងពិធីនេះដែរ គណៈអធិបតីភ្ញៀវចូលរួម និងសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង បានចែកអំណោយជូនដល់កុមារ និងស្ត្រីកើតជំងឺអេដស៍នៅក្នុងក្រុងកំពងឆ្នាំងចំនួន៥០នាក់ ដែលម្នាក់ៗទទួលបានអង្គរ៣០គីឡូ មី១កេស ត្រីខ១យួរ ឃីត១កញ្ចប់ អាវយឺត១ទឹកត្រី១យួរ និងថវិកា៦០.០០០រៀល ជាអំណោយរបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តកំពង់ឆ្នាំង៕