បទល្មើស​ក្នុង​ខែវិច្ឆិកា​ មាន​៥៤​ករណី​ កម្លាំង​សមត្ថកិច្ច​បង្ក្រាប​បាន​៥២​ករណី​

09-December-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ គណៈ​បញ្ជាការ​ដឹកនាំ​អនុវត្ត​ផែនការ​សកម្មភាព​ បង្ការ​ ទប់ស្កាត់​ បង្ក្រាប​អំពើ​លួច​ ឆក់​ នៅ​រាជធានី​ភ្នំពេញ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ព្រឹក​ថ្ង​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០១៩​នេះ​ បាន​បើក​កិច្ចប្រជុំ​វាយតម្លៃ​សភាពការណ៍​បទល្មើស​ លួច​ ឆក់​ ប្រចាំខែ​វិច្ឆិកា​ និង​លើក​ទិស​ដៅ​បន្ដ​។​

​កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ហ៊ឹ​ម​ យ៉ា​ន​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​មានការ​ចូលរួម​ពី​ អនុប្រធាន​សេនាធិការ​,​ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​,​ ប្រធាន​នាយកដ្ឋាន​នគរបាល​ទេសចរណ៍​,​ ប្រធាន​នាយកដ្ឋាន​នគរបាល​បច្ចេកទេស​ និង​វិទ្យាសាស្ដ្រ​,​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្ម​ទ​ណ្ម​,​ ស្នងការ​រង​រាជធានី​ភ្នំពេញ​ទទួល​ផែន​ព្រហ្មទណ្ឌ​,​ នាយការិយាល័យ​ជំនាញ​ និង​អធិការ​ខណ្ឌ​ទាំង​១៤​។​

យោង​តាម​របាយការណ៍​របស់​ លោក​ឧត្តមសេនីយ៍ទោ​ ស៊ុ​យ​ សុ​គ​ន្ធា​ ប្រធាន​លេខាធិការដ្ឋាន​ នៃ​គណៈ​បញ្ជាការ​ដឹកនាំ​ការ​អនុវត្ត​ផែនការ​សកម្មភាព​ បង្ការ​ ទប់ស្កាត់​ និង​បង្ក្រាប​អំពើ​លួច​ ឆក់​ ក្នុង​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ខែវិច្ឆិកា​ ដោយ​មានការ​ខិតខំ​ប្រឹងប្រែង​ពី​កងកម្លាំង​គ្រប់​អង្គភាព​ទាំងអស់​ បាន​ចំនួន​៥២​ករណី​ ចាប់​បាន​ជនសង្ស័យ​៧០​នាក់​ ស្មើ​៩៦​ភាគ​។​

​ក្នុង​នោះ​ បទល្មើស​លួច​ ២៦​ករណី​ លើ​២៨​ករណី​,​ បទល្មើស​ឆក់​ ២៦​ករណី​ លើ​២៦​ករណី​។​ ដោយឡែក​ ករណី​នៅ​សេសសល់​ មាន​ចំនួន​២​ករណី​ គឺ​ខណ្ឌ​ជ្រោយចង្វា​ ១​ករណី​ និង​ខណ្ឌ​កំ​បូល​ ១​ករណី​។​ ជា​ការ​កត់សម្គាល់​ ជនសង្ស័យ​បង្ក្រាប​បាន​ក្រោយ​ពី​ធ្វើតេស្ដ​ធ្លាប់​ប្រើ​សារធាតុ​ញៀន​ មាន​៥៣​នាក់​ ស្មើនឹង​៧៦​ភាគរយ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ហ៊ឹ​ម​ យ៉ា​ន​ បាន​ថ្លែង​ការ​កោតសរសើរ​ដល់​កម្លាំង​ជំនាញ​ទាំងអស់​ ដែល​បាន​ខិតខំ​រួម​គ្នា​បង្ការ​ ទប់ស្កាត់​ និង​បង្ក្រាប​ទទួល​បាន​លទ្ធផល​ខ្ពស់​ និង​បាន​ដាក់​បទបញ្ជា​ឲ្យ​កងកម្លាំង​ពាក់ព័ន្ធ​ និង​តាម​បណ្ដា​ខណ្ឌ​ត្រូវ​បង្កើន​ការ​ផ្សព្វផ្សាយ​អប់រំ​ ដល់​ប្រជាពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរ​បរទេស​ ឲ្យ​ប្រុង​ប្រយ័ត្ន​រក្សាទ្រព្យ​សម្បត្តិ​ ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​វែកមុខ​ មុខសញ្ញា​សង្ស័យ​ជាដើម​។​

​លើស​ពី​នេះ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ អគ្គស្នងការ​រង​ ក៏​បាន​ជំរុញ​ឲ្យ​ខិតខំ​ពង្រឹង​ការងារ​គ្រប់គ្រង​មុខសញ្ញា​ និង​នីតិវិធី​កសាង​សំណុំរឿង​ ដើម្បី​មាន​ភ័ស្ដុតាង​រឹង​មាំ​ដាក់បន្ទុក​ផ្ដន្ទាទោស​ឲ្យ​បាន​កម្រិត​ខ្ពស់​ (​បទឧក្រិដ្ឋ​)​ ស្រប​តាម​ក្រមព្រហ្មទណ្ឌ​ និង​ត្រូវ​ពិនិត្យ​ឡើង​វិញ​ករណី​មុខសញ្ញា​ឆក់​ ដែល​ត្រូវ​បាន​ដោះ​លែង​ ហើយ​ធ្វើ​សកម្មភាព​ឡើង​វិញ​ ដើម្បី​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​មាន​វិធានការ​បន្ដ​។​

​អ្វី​ដែល​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ហ៊ឹ​ម​ យ៉ា​ន​ បាន​សង្កត់ធ្ងន់​ដល់​កងកម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​នោះ​ គឺ​បង្កើន​ការ​ល្បាត​ប្រទាក់ក្រឡា​ក្នុងភូមិ​សាស្ដ្រ​ងាយ​រង​គ្រោះ​ ដើម្បី​បង្ការ​ និង​ឈាន​ដល់​ការ​បង្ក្រាប​ជន​ដៃដល់​ដែល​ប្រព្រឹត្ត​បទល្មើស​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​ ៕


ចំនួនអ្នកទស្សនា

    20541767

  • ថ្ងៃនេះ18591
  • ម្សិលមិញ15681
  • សប្តាហ៍នេះ77431
  • ខែនេះ99311
  • ឆ្នាំនេះ99311
  • សរុប20541767