​សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ដឹកនាំ​សម័យប្រជុំ​លើក​ទី​៤​ ព្រឹទ្ធសភា​ នីតិកាល​ទី​៤​ តាម​របៀបវារៈ​ចំនួន​០៣

09-December-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ នា​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​៩​ ខែធ្នូ​ ឆ្នាំ​២០១៩​ ព្រឹទ្ធសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បន្ត​សម័យប្រជុំ​លើក​ទី​៤​ នីតិកាល​ទី​៤​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ សមាជិក​ព្រឹទ្ធសភា​មាន​វត្តមាន​ចំនួន​ ៥៨​រូប​។​

​អង្គប្រជុំ​ បាន​ដំណើរការ​តាម​របៀបវារៈ​ចំនួន​ ០៣​រួម​មាន​៖
​របៀបវារៈ​ទី​១៖​ ពិនិត្យ​ និង​ឱ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២០​។​
​សេចក្តីព្រាងច្បាប់​នេះ​ រៀបចំ​ឡើង​តាម​គោលនយោបាយ​ពង្រឹង​ការ​គ្រប់គ្រង​ថវិកា​ ដោយ​ឈរ​លើ​គោលការណ៍​ វិត្ថារ​កម្ម​ថវិកា​ ដែល​ផ្តោត​លើ​ការ​យកចិត្តទុកដាក់​ជា​ពិសេស​លើ​មនុស្ស​ និង​ការ​កែទម្រង់​រចនាសម្ព័ន្ធ​ ដែល​មាន​អភិបាលកិច្ច​ជា​ស្នូល​ ដើម្បី​ឆ្ពោះទៅ​សម្រេច​គោលដៅ​សំខាន់ៗ​ ដែល​ជា​យុទ្ធសាស្ត្រ​ និង​ជា​កម្មវិធី​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ដែល​ជា​ការ​ទ្រទ្រង់​នូវ​ដំណើរការ​អភិវឌ្ឍ​ឈាន​ឡើង​របស់​កម្ពុជា​លើ​វិ​ថី​ នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​គុណភាព​ និង​ចីរភាព​ ទៅ​មុខ​ឥត​ឈប់​ឈរ​។​

​ថវិកា​ឆ្នាំ​២០២០​ ជា​ថវិកា​យុទ្ធសាស្ត្រ​នៃ​ការ​ផ្គួប​កម្លាំង​សរុប​ ដើម្បី​ទប់ទល់​នឹង​បញ្ហា​ប្រឈម​ និង​ហានិភ័យ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ តាម​រយៈ​ការ​ពង្រឹងសមត្ថភាព​ផ្ទៃក្នុង​ ដោយ​ជំរុញ​ឱ្យ​បាន​ខ្លាំងក្លា​នូវ​ការ​កែទម្រង់​ស៊ីជម្រៅ​ និង​មុត​ស្រួច​ ដើម្បី​ធានា​សុខ​សន្តិភាព​ ស្ថិរភាព​ និង​ចីរភាព​នៃ​កំណើន​សេដ្ឋ​-​កិច្ច​ សំដៅ​លើកកម្ពស់​សុខុមាលភាព​ជូន​ប្រជាជន​ លើ​មាគ៌ា​ឆ្ពោះទៅ​រក​ចក្ខុវិស័យ​ឆ្នាំ​២០៣០​ និង​ឆ្នាំ​២០៥០​ ។​

​សេចក្តីព្រាងច្បាប់​នេះ​ តាក់តែង​ឡើង​មាន​ ០៧​ជំពូក​ ចែក​ជា​ ១៥​មាត្រា​ ត្រូវ​បាន​រដ្ឋសភា​ នៃ​
​ព្រះរាជាណាចក្រ​កម្ពុជា​ អនុម័ត​យល់ព្រម​ជា​លើក​ដំបូង​ចំនួន​ ១០៨​សំឡេង​ នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​ កាលពី​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នា​សម័យប្រជុំ​លើក​ទី​៣​រដ្ឋសភា​ នីតិកាល​ទី​៦​។​

​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ អម​ដោយ​ថ្នាក់ដឹកនាំ​ មន្ត្រីជាន់ខ្ពស់​ និង​មន្ត្រី​ជំនាញ​ បាន​អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់​នេះ​។​
​អង្គប្រជុំ​ព្រឹទ្ធសភា​បាន​ពិនិត្យ​ និង​ឱ្យ​យោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល​ ដោយ​ឥត​កែប្រែ​ចំនួន​ ៥៨​សំឡេង​ នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។​

​របៀបវារៈ​ទី​២៖​ ពិនិត្យ​ និង​ឱ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៨​ ។​

​សេចក្តីព្រាងច្បាប់​នេះ​ បាន​បង្ហាញ​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បាន​នូវ​សូចនាករ​សំខាន់ៗ​នៃ​ម៉ាក្រូសេដ្ឋកិច្ច​ និង​ក្របខ័ណ្ឌ​ហិរញ្ញវត្ថុ​សាធារណៈ​ តាម​ការ​គ្រោងទុក​ ឬ​លើស​ការ​គ្រោងទុក​ថែម​ទៀត​ និង​កំណើនសេដ្ឋកិច្ច​ក្នុង​អត្រា​ ៧,៥%​ ជា​ពិសេស​រាជរដ្ឋាភិបាល​ពុំ​បាន​ប្រើប្រាស់​ប្រាក់​សន្សំ​ក្នុង​បញ្ញើ​ រាជរដ្ឋាភិបាល​នោះ​ទេ​ ថែម​ទាំង​សន្សំ​បាន​នូវ​អតិរេក​ពី​ការ​អនុវត្ត​ថវិកា​ក្នុង​ឆ្នាំ​ចំនួន​ ២.៤៣៩,២​ ប៊ី​លាន​រៀល​ទៀត​ សម្រាប់​ដាក់​បង្កើន​ជា​ប្រាក់​សន្សំ​បន្ថែម​ សម្រាប់​រួមចំណែក​គាំទ្រ​ដល់​ការ​អនុវត្ត​អាទិភាព​គោលនយោបាយ​ផ្សេងៗ​ទៀត​របស់​រាជរដ្ឋាភិបាល​ផង​ដែរ​។​លើស​ពី​នេះ​ បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ និង​ឥត​ងាករេ​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​បន្ត​រក្សាសុខ​សន្តិភាព​ ស្ថិរភាព​នយោបាយ​ បន្ត​លើក​ស្ទួយ​កិត្យានុភាព​ជាតិ​ ការ​ការពារ​បាន​នូវ​អធិបតេយ្យភាព​ជាតិ​ បូរណភាព​ទឹកដី​ ការ​បន្ត​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​ ការ​បន្ត​រក្សា​ឱ្យ​បាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ និង​កំណើនសេដ្ឋកិច្ច​ និង​ការ​ធានា​បាន​នូវ​ស័ក្តិ​សិទ្ធ​ភាព​ និង​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សា​ធា​ណៈ​ ក្នុង​គោលដៅ​ ព​ន្លឿ​ន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​កម្ពុជា​ ជា​ពិសេស​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​។​

​សេចក្តីព្រាងច្បាប់​នេះ​ តាក់តែង​ឡើង​មាន​ ០៣​ជំពូក​ និង​២២​មាត្រា​ ត្រូវ​បាន​រដ្ឋសភា​នៃ​ព្រះរាជា​-​ណា​ចក្រ​កម្ពុជា​ អនុម័ត​យល់ព្រម​លើក​ដំបូង​ចំនួន​ ១០៨​សំឡេង​ នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​ នៅ​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៣​ នីតិកាល​ទី​៦​។​

​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ អម​ដោយ​ថ្នាក់ដឹកនាំ​ មន្ត្រីជាន់ខ្ពស់​ និង​មន្ត្រី​ជំនាញ​បាន​អញ្ជើញ​មក​ការពារ​សេចក្តី​ព្រាង​
​ច្បាប់​នេះ​។​

​អង្គប្រជុំ​ព្រឹទ្ធសភា​ បាន​ពិនិត្យ​ និង​ឱ្យ​យោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល​ ដោយ​ឥត​កែប្រែ​ចំនួន​ ៥៨​សំឡេង​ នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។​

​របៀបវារៈ​ទី​៣៖​ ពិនិត្យ​ និង​ឱ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ វិសោធនកម្ម​មាត្រា​៣​ មាត្រា​១៧​ មាត្រា​២០​ មាត្រា​២១​ មាត្រា​២៧​ មាត្រា​២៨​ មាត្រា​២៩​ មាត្រា​៥៤​ មាត្រា​៥៥​ និង​មាត្រា​៥៩​ នៃ​ច្បាប់​ស្តី​ពី​ សហជីព​ ដែល​ត្រូវ​ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ ន​ស​/​រកម​/០៥១៦/០០៧​ ចុះ​ថ្ងៃ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០១៦​។​

​សេចក្តីព្រាងច្បាប់​នេះ​ រៀបចំ​ឡើង​ដើម្បី​កែសម្រួល​បញ្ញត្តិ​មាត្រា​ចំនួន​១០​ នៃ​ច្បាប់​ស្តី​ពី​ សហជីព​ ក្នុង​គោលបំណង​ធានា​សិទ្ធិ​សេរីភាព​អង្គការ​វិជ្ជាជីវៈ​ ដែល​ជា​ចំណុច​ស្នូល​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​នៃ​ការ​ផ្សារ​ភ្ជាប់​ពាណិជ្ជកម្ម​អន្តរជាតិ​ទៅ​នឹង​លក្ខខណ្ឌ​ការងារ​ដែល​បាន​លើកកម្ពស់​កិត្យានុភាព​របស់​កម្ពុជា​ក្នុង​ការ​ប្រកួតប្រជែង​ ទាក់ទាញ​វិនិយោគ​ និង​បង្កើត​ការងារ​ជូន​កម្មករ​ និយោជិត​ និង​បង្ហាញ​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​លើកកម្ពស់​សិទ្ធិ​ការងារ​របស់​កម្មករនិយោជិត​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ​។​

​សេចក្តីព្រាងច្បាប់​នេះ​ តាក់តែង​ឡើង​មាន​ ០២​មាត្រា​ ត្រូវ​បាន​រដ្ឋសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អនុម័ត​យល់ព្រម​ជា​លើក​ដំបូង​ចំនួន​ ១០៧​សំឡេង​ នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​ កាលពី​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នា​សម័យប្រជុំ​លើក​ទី​៣​ រដ្ឋសភា​ នីតិកាល​ទី​៦​។​

​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ អម​ដោយ​ថ្នាក់ដឹកនាំ​ មន្ត្រីជាន់ខ្ពស់​ និង​មន្ត្រី​ជំនាញ​ បាន​អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់​នេះ​។​

​អង្គប្រជុំ​ព្រឹទ្ធសភា​បាន​ពិនិត្យ​ និង​ឱ្យ​យោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល​ដោយ​ឥត​កែប្រែ​ចំនួន​ ៥៨​សំឡេង​ នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​ ៕


ចំនួនអ្នកទស្សនា

    20542187

  • ថ្ងៃនេះ19011
  • ម្សិលមិញ15681
  • សប្តាហ៍នេះ77851
  • ខែនេះ99731
  • ឆ្នាំនេះ99731
  • សរុប20542187