សៀមរាប៖ កូនបង្កើតម្នាក់យកកាំបិតខ្វែវ កាប់ឪពុកបង្កើតអោយរបួសធ្ងន់ កាលពីវេលាម៉ោង១៨នឹង២០នាទីល្ងាច ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចក្នុងចំការ ព្រៃត្រាំឈ្នាង ចំងាយ ៦គីឡូម៉ែត្រ ស្ថិតក្នុងភូមិអន្ទិតសុខ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន។
តាមការបញ្ជាក់របស់លោកវរសេនីយ៍ត្រី យួន ចោម អធិការស្តីទីនៃអធិការដ្ឋាននគរបាលស្រុកអង្គរជុំ បានឱ្យដឹងថាជនសង្ស័យឈ្មោះ លេម ធូរ ភេទប្រុស អាយុ២៧ឆ្នាំ (ត្រូវជាកូនបង្កើត) រស់នៅភូមិអូរគោល ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប បានទាស់សម្តីជាមួយជនរងគ្រោះ ទើបឈានដល់យកកាំបិតខ្វែវ កាប់ទៅលើជនរងគ្រោះឈ្មោះ លាំ លេម អាយុ៥៤ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា (ត្រូវជាឪពុក) ត្រូវចំក្បាលផ្នែកខាងឆ្វេង បណ្តាលឲ្យរបួសធ្ងន់។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកអង្គរជុំ។ ចំណែកជនសង្ស័យបានរត់គេចខ្លួន ហើយត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍គោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប សហការជាមួយកម្លាំងប៉ុស្តិ៍ជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប តាមចាប់បានជនសង្ស័យនៅចំណុចភូមិជប់ ឃុំជប់តាត្រាវ ស្រុកអង្គរជុំ នៅវេលាម៉ោង២១នឹង៣៧នាទីយប់ថ្ងៃខែឆ្នាំដដែល ហើយនាំខ្លួនមកកាន់ប៉ុស្តិ៍រដ្ឋបាលគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប សាកសួរ ។
តាមការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកកាំបិតខ្វែវកាប់ទៅលើឪពុកបង្កើតខ្លួនមែន។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងដើម្បីអនុវត្តតាមនីតិវិធី៕