សៀមរាប៖ កាលពីថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៥នឹង៣០នាទី មានករណីអគ្គិភ័យ ភ្លើងឆេះផ្ទះអស់ចំនួន ៣ខ្នងផ្ទះ ស្ថិតនៅក្រុមទី០៨ ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងទទួលការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឲ្យដឹងថា
ម្ចាស់ផ្ទះទី១ ជាម្ចាស់ដីឈ្មោះ មិត្ត ចំរើន ភេទប្រុស អាយុ៣៦ឆ្នាំ បានជួលអោយឈ្មោះ យ៉ាង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិវៀតណាម (គេចខ្លួនបាត់)រស់នៅភូមិកើតហេតុខាងលើ។ បណ្តាលឲ្យរងការខូចខាតឆេះផ្ទះមួយខ្នងទាំងស្រុង ទំហំ៤ម៉ែតx៦ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី ជញ្ជាំងក្តារ ឆេះអស់ទាំងស្រុង។ សម្ភារប្រើប្រាស់មួយចំនួនទៀត។
ផ្ទះទី២ ពុំមានម្ចាស់រស់នៅ។ បណ្តាលអោយរងការខូចខាតឆេះផ្ទះ១ខ្នងទំហំ៣ម៉ែត្រx៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ឆេះអស់ទាំងស្រុង។
ម្ចាស់ផ្ទះទី៣ ឈ្មោះ ស៊ាង ហុកសាយ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិកើតហេតុខាងលើ។ បណ្តាលអោយរងការខូចខាតឆេះផ្ទះទំហំ៧ម៉ែត្រx៩ម៉ែត្រ កម្ពស់២ជាន់ ឈើលើថ្មក្រោម ប្រក់ក្បឿង ខូចខាតដំបូលពិដាន និងជញ្ជាំង ៣០%។
ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៨គ្រឿង រថយន្តអគ្គិភ័យ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំនួន ០២គ្រឿង។ រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលក្រុងសៀមរាបចំនួន០១គ្រឿង រថយន្តពន្លត់អគ្គិភ័យកងរាជវុធហត្ថ ចំនួន០៣គ្រឿង រថយន្តពន្លត់អគ្គិភ័យអាជ្ញាធរអប្សារា ចំនួន ០២គ្រឿង។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ករណីអគ្គីភ័យឆេះនេះមិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សឡើយ ប៉ុន្តែបញ្ហាប្រឈមក្នុងការជួយអន្តរាគមន៍គឺ ផ្លូវមានសភាពតូចចង្អៀត ធ្វើឲ្យរថយន្តពន្លត់អគ្គិភ័យពិបាកក្នុងការជួយសង្គ្រោះ ហើយមូលហេតុនៃអគ្គិភ័យនេះ បណ្តាលមកពីការធ្វេសប្រហែសដោតខ្សែភ្លើងទុកចោល បន្ទាប់មកឆេះរាលដាលតែម្តង ៕