ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម អាំចាទ អាលី ហ្សៀរ (Amjad Ali Sher) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ចប់អាណត្តិ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានរដ្ឋសភា។
ឯកឧត្តម អាំចាទ អាលី ហ្សៀរ បានជម្រាបសម្តេចពីលទ្ធផលបេសកកម្មការទូតរបស់ខ្លួន ក្នុងរយៈពេល៦ឆ្នាំកន្លះមក នៅកម្ពុជា ថាបានចូលរួមចំណែកក្នុងការពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប៉ាគីស្ថាននិងកម្ពុជាឲ្យកាន់តែរឹងមាំឡើង។ រយៈពេលជាង៦ឆ្នាំក្នុងការស្នាក់នៅកម្ពុជា ឯកឧត្តមឯកអគ្គរដ្ឋទូត បានរៀនសូត្រនិងដកស្រង់បទពិសោធន៍ជាច្រើនពីកម្ពុជា ជាពិសេស ឯកឧត្តមបានចាត់ទុកកម្ពុជាជាស្រុកកំណើតរបស់ខ្លួន។
ឯកឧត្តម អាំចាទ អាលី ហ្សៀរ បានមានប្រសាសន៍ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងប៉ាគីស្ថាន ដែលមានតាំងពីយូរមក បានរីកចម្រើនរឹងមាំជាលំដាប់ ទាំងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ ស្ថាប័ននីតិប្បញ្ញត្តិសភាប្រទេសទាំងពីរបានគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភា។ កាលពីកន្លងទៅថ្មីៗនេះ ថ្នាក់ដឹកនាំសភាប៉ាគីស្ថាន បានអញ្ជើញមកចូលរួមវេទិកាអន្តរសភា ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ បន្តបន្ទាប់ រួមមានមហាសន្និបាតប្រចាំឆ្នាំសភាតំបន់អាស៊ី (APA) និងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក (APPF) ជាដើម។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានគោរពអញ្ជើញសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅពេលវេលាសមស្របណាមួយ។
សម្តេចប្រធានរដ្ឋសភាបានទទួលយកការគោរពអញ្ជើញនេះ។ ជាមួយគ្នានេះ សម្តេច បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងអាណត្តិបេសកកម្មការទូតរបស់ ឯកឧត្តម អាំចាទ អាលី ហ្សៀរ នៅកម្ពុជា ដែលបានរួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ប៉ាគីស្ថាន ឱ្យមានការរីកចម្រើនថែមមួយកំរិតទៀត។
សម្តេចសង្កត់ធ្ងន់ថា ស្នាដៃដ៏ប្រសើរនេះ មិនត្រឹមតែនាំមកនូវឧត្តមប្រយោជន៍ ដល់ប្រជាជាតិទាំងសងខាងប៉ុណ្ណោះទេ គឺបានរួមចំណែកយ៉ាងខ្លាំងក្លាដល់ការថែរក្សាសុខសន្តិភាព នៅក្នុងតំបន់ និងសកលលោក ផងដែរ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសូមអរគុណប៉ាគីស្ថាន ដែលបានបញ្ជូនអ្នកសង្កេតការណ៍ឋានៈខ្ពស់សមាជិកព្រឹទ្ធសភា មកចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ កាលពីឆ្នាំ២០១៨ កន្លងទៅ និងបានគ្រាំទ្រដល់ដំណើរការបោះឆ្នោតនោះ៕