អភិបាលខេត្ត​កំពង់ឆ្នាំង​ អញ្ជើញ​ពិនិត្យ​ស្ថានភាព​សិក្សា​របស់​សិស្សសាលា​បឋម​សិក្សា​ អន្លង់​អក​ ឃុំ​កំពង់​អុស​ ស្រុក​ជល​គិរី​

12-December-2019 | ដោយ ពលមនសិការ

​កំពង់ឆ្នាំង​៖​ អភិបាលខេត្ត​កំពង់ឆ្នាំង​ ឯកឧត្តម​ ឈួ​រ​ ច័ន្ទ​ឌឿ​ន​ រួម​ជាមួយ​ក្រុមការងារ​និង​មន្ត្រី​អប់រំ​យុវជន​និង​កីឡា​ខេត្ត​នា​ព្រឹក​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០១៩​នេះ​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ការងារ​សិក្សាអប់រំ​របស់​ សាលា​បឋម​សិក្សា​អន្លង់​អក​ ស្ថិត​ក្នុងភូមិ​អន្លង់​អក​ ឃុំ​កំពង់​អុស​ ស្រុក​ជល​គិរី​ ខេត្តកំពង់ឆ្នាំង​។​

​លោក​ ស៊ឹ​ម​ ប្រឹ​ម​ ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ឆ្នាំង​ បានអោយ​ដឹង​ថា​ សាលា​បឋម​សិក្សា​អន្លង់​អក​ ជា​សាលា​ស្ថិត​នៅ​តំបន់​ដាច់​ស្រ​យ៉ា​ល​មួយ​ ហើយ​បាន​ចាប់​ដំណើរការ​សិក្សា​តាំងពី​ឆ្នាំ​២០០៩​មក​ម្លេះ​ មុន​ដំបូង​បើក​កម្រិត​ថ្នាក់​ទី​១​ ហើយ​នៅ​ពេល​បច្ចុប្បន្ន​នេះ​សាលា​បឋម​សិក្សា​អន្លង់​អក​មាន​ចាប់ពី​ថ្នាក់​ទី​១​ដល់​ថ្នាក់​ទី​៦​ ដែល​មាន​សិស្ស​សរុប​ចំនួន​៦៤​នាក់​ មាន​គ្រូបង្រៀន​ចំនួន​៣​នាក់​ផង​ដែរ​។​

​លោក​ប្រធាន​មន្ទីរ​បាន​ឲ​ដឹង​ទៀត​ថា​ ចាប់​ តាំងពី​ដំណើរការ​សិក្សា​រហូត​មក​ គឺ​ពុំ​មាន​សាលារៀន​ត្រឹមត្រូវ​នោះ​ទេ​ នា​ខែប្រាំង​សិស្ស​ត្រូវ​រៀន​នៅ​ក្រោម​សាលា​បុណ្យ​ភូមិ​ ដែល​មាន​សភាព​ចង្អៀត​ណែន​។​ នៅ​រដូវ​
​វស្សា​ សិស្ស​ទៅ​រៀន​នៅ​សាលា​មួយ​កន្លែង​ទៀត​ ដែល​មាន​ត្រឹមតែ​គ្រោង​សសរ​ ដំបូល​ និង​ក្រាល​ក្តារ​ ដែល​បាន​ជួយ​ដោយ​អង្គការ​ដៃគូ​។​

​ជួប​សំណេះសំណាល​នា​ពេល​នោះ​ ឯកឧត្តម​ ឈួ​រ​ ច័ន្ទ​ឌឿ​ន​ អភិបាលខេត្ត​កំពង់ឆ្នាំង​ បាន​មាន​ប្រសាសន៍​ សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​ លោកគ្រូ​ អ្នកគ្រូ​ ដែល​បាន​ខិតខំ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ ក្នុង​ការ​បំពេញភារកិច្ច​ជា​គ្រូ​មក​បង្រៀន​សិស្ស​នៅ​សាលា​តំបន់​ដាច់​ស្រ​យ៉ា​ល​ ជួប​ការ​លំបាក​ ទាំង​ការ​ស្នាក់​នៅ​ និង​ ការ​ហូប​
​ចុក​គ្រប់​បែប​យ៉ាង​ ។​

​ ឯកឧត្តម​ បាន​បញ្ជាក់​ទៀត​ថា​ ការ​មក​សាលា​បឋម​សិក្សា​អន្លង់​អក​នា​ពេល​នេះ​ គឺ​ដើម្បី​ពិនិត្យ​អំពី​ស្ថានភាព​ជាក់ស្តែង​ អំពី​ការ​លំបាក​របស់​សិស្ស​ និង​ គ្រូ​ ដែល​ពុំ​មាន​សាលា​គ្រប់គ្រាន់​ក្នុង​ការ​បង្រៀន​ និង​ រៀន​ ដែល​រដ្ឋបាល​ខេត្ត​ និង​ មន្ទីរ​អប់រំ​នឹង​រក​វិធី​ដើម្បី​ដោះស្រាយ​ការ​លំបាក​ចំពោះ​មុខជា​បណ្តោះអាសន្ន​សិន​ ហើយ​និង​អំពាវនាវ​ស្វែងរក​សប្បុរសជន​ និង​អង្គការ​ដៃគូរ​នានា​ ដើម្បី​ផ្តល់​ការ​គាំទ្រ​ ក្នុង​ការ​សាងសង់​សាលារៀន​មួយ​នេះ​អោយ​បាន​ប្រសើរ​ឡើង​ និង​ ងាយស្រួល​ ដល់​កា​បង្រៀន​និង​រៀន​។​ព្រោះថា​យើង​មិន​អាច​ទុក​សាលារៀន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែប​ហ្នឹង​នោះ​ទេ​ត្រូវ​តែ​ពុះពារ​ដោះស្រាយ​ឲ​បាន​ ។​

​នៅ​ក្នុង​ឱកាស​នោះ​ឯកឧត្តម​អភិបាលខេត្ត​បាន​ឧ​ត្ថ​ម្ភ​ថវិកា​ដល់​លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ និង​ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ​ ៕​

 

 

ចំនួនអ្នកទស្សនា

    20542427

  • ថ្ងៃនេះ19251
  • ម្សិលមិញ15681
  • សប្តាហ៍នេះ78091
  • ខែនេះ99971
  • ឆ្នាំនេះ99971
  • សរុប20542427