ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលជួប ឯកឧត្តម ជឿង ហ័រប៊ីញ ឧបនាយករដ្ឋមន្ត្រីប្រចាំការ នៃសាធារណរដ្ឋ សង្គមនិយម វៀតណាម និងគណៈប្រតិភូ ដើម្បីសម្តែងការគួសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រសៀលថ្ងៃព្រហស្បត្តិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.៣៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ។
ក្នុងជំនួបនោះ ឯកឧត្តម ជឿង ហ័រប៊ីញ ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអនុញ្ញាតអោយឯកឧត្តមបានជួបសម្ដែងការគួរសមនាពេលនេះ ។ ក្នុងឱកាសដែល ឯកឧត្តម មកបំពេញទស្សនៈកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១២-១៣ ខែធ្នូ ឆ្នាំ២០១៩។
ឯកឧត្តម បានបញ្ជាក់ថា កម្ពុជាជាប្រទេសដ៏ស្រស់បំព្រងដែលគួរឲ្យចង់រស់នៅនិងស្នាក់អាស្រ័យ ។ ក្នុងន័យនេះ ឯកឧត្តម ក៏បានកោតសសើរសម្តេចតេជោ ក្នុងការដឹកនាំប្រទេសកម្ពុជាឲ្យមានការរីកចម្រើន និងការអភិវឌ្ឍន៍លើគ្រប់វិស័យដោយ រក្សាបាននូវស្ថានភាពសេដ្ឋកិច្ចបានយ៉ាងល្អ ដែលការអភិវឌ្ឍន៍ទាំងនោះគឺមិនអាចកាត់ផ្តាច់បានទេពីចំណង សហប្រតិបត្តិការណ៍គ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ ។
ជាការឆ្លើយតប លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ននេះកម្ពុជាទទួលបាននូវស្ថិរភាព សន្ដិសុខ និងសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។ ដោយឆ្លងកាត់កំណែទម្រង់ជាច្រើន ជាពិសេស កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ កំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចជាមធ្យម ប្រមាណ ៧% ដែលនាំឲ្យចំណូលរបស់ប្រជាជនទូទាំងប្រទេសកាន់តែមានភាពប្រសើរឡើង ដែលអាចឈានឆ្ពោះទៅជាប្រទេសដែលមានចំណូលមធ្យម កំរិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០។
លោកជំទាវក៏បានចូលរួមអបអរសាទរចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានជាប់ឆ្នោតជាសមាជិក មិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ២០២០-២០២១ ដែលបញ្ជាក់ ពីការគាំទ្ររបស់ពិភពលោកចំពោះតួនាទី និងការចូលរួមចំណែកដ៏សំខាន់របស់វៀតណាមនៅក្នុងកិច្ចខិតខំ ប្រឹងប្រែងដោះស្រាយបញ្ហាតំបន់ និងពិភពលោក។ ទស្សនៈកិច្ចរបស់ឯកឧត្តម ដើម្បីបន្តរិតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំទ្វេរឡើងថែមទៀត ពិសេស ពង្រឹងលើវិស័យការពារជាតិ វិស័យយុត្តតិធម៌ វិស័យអធិការកិច្ច និងវិស័យមួយចំនួនទៀត។
ជាទីបញ្ចប់លោកជំទាវក៏បានជូនពរឲ្យគណៈប្រតិភូទទួលបាននូវការស្នាក់នៅប្រកបដោយផាសុខភាព និងទទួលបានជោគជ័យក្នុងបេសកកម្មនៅព្រះរាចាណាចក្រកម្ពុជា ៕