សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ អញ្ជើញ​ជា​អធិបតី​ ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​១២​ធ្នូ​ លើក​ទី​១៣

12-December-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ១​រោច​ ខែ​មិគសិរ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​១២​ ខែធ្នូ​ ឆ្នាំ​២០១៩​នេះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បាន​អញ្ជើញ​ជា​អធិបតី​ ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​១២​ធ្នូ​ លើក​ទី​១៣​ ប្រារព្ធ​នៅ​មជ្ឈមណ្ឌល​ពិ​ពណ៌​ និង​ស​ន្និ​បាទ​កោះ​ពេជ្រ​។​

​អញ្ជើញ​មាន​ប្រសាសន៍​នា​ឱកាស​នោះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ថ្លែង​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ខិតខំ​អស់ពី​ម្លាំ​ង​កាយ​វិត្ត​ពុះពារ​គ្រប់​ឧបសគ្គ​ដើម្បី​បំពេញការងារ​ទទួល​បាន​លទ្ធផល​ជា​ច្រើន​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​។​

​សម្ដេច​បាន​មាន​ប្រសាសន៍​ថា​នៅ​ឆ្នាំ​២០១៩​នេះ​ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​ មនុស្ស​បាន​សម្រេច​កិច្ចការ​ធំៗ​ជា​ច្រើន​ ដូច​ជា​ការ​ប្រកាស​ផ្ស​ព្ស​ព្វ​ផ្សាយ​របាយការណ៍​ជាតិ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ឆ្នាំ​២០១៨​ និង​ទិស​ដៅ​ឆ្នាំ​២០១៩​ កិច្ចប្រជុំ​រវាង​ប្រទេស​បញ្ជូន​ចំនួន​៣​ កម្ពុជា​ ឡាវ​ និង​មី​យ៉ា​ន់​ម៉ា​ ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ពលករ​ទេស​ន្ត​ប្រវេសន៍​ ការ​រៀបចំ​វេទិការ​ជាតិ​អន្តរ​សាសនា​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ទេសភាព​សម័យ​ទំនើប​។​

​គណៈ​ក​ម្មារ​ធិ​ការ​ក៏​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ និង​គោលនយោបាយ​វិធានការ​នានា​ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​របស់​ពលករ​ក្រៅប្រទេស​គោលដៅ​ នៅ​ប្រទេស​គោលដៅ​ និង​នៅ​ក្នុងស្រុក​ ចុះហត្ថលេខា​លើ​អនុស្សា​រណៈ​ កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​បណ្ដា​អង្គការ​ដៃគូ​ជាតិ​ និង​អន្តរជាតិ​ ក្នុង​ការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ ការ​លើកកម្ពស់​សុវត្ថិភាព​ពលករ​ពេល​ត្រឡប់​មក​មាតុភូមិ​វិញ​។​

​សម្ដេច​បាន​បន្ត​ថា​នៅ​ឆ្នាំ​២០១៩​នេះ​ដែរ​ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ ក៏​បានការ​ចុះហត្ថលេខា​លើ​នីតិវិធី​បទដ្ឋាន​អំពី​ដំណើ​ការ​គ្រប់គ្រង​ករណី​នៃ​ការ​ធ្វើការ​មាតុភូមិនិវត្តន៍​ និង​ការ​ធ្វើ​សមា​ហរ​ន្ត​កម្ម​ជន​រង​គ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស​ជាមួយ​ប្រទេស​ថៃ​ និង​វៀតណាម​ ការ​រៀបចំ​សាងសង់​មជ្ឈមណ្ឌល​ផ្ដល់​សេវា​ដល់​ជន​រង​គ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស​ និង​បាន​ប្រារព្ធ​ទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​១២​ធ្នូ​នា​ឱកាស​នេះ​។​

​ដើម្បី​ភាព​រីក​ចំរើន​ និង​បំពេញ​សេចក្ដី​ត្រូវការ​ជូន​ប្រជាពលរដ្ឋ​ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​សហការ​ជាមួយ​វិស័យ​ឯកជន​ បង្កើត​ឱកាស​ការងារ​ក្នុងស្រុក​សម្រាប់​ពលករ​រាប់​លាន​នាក់​ ខណៈ​ការ​ធ្វើ​ចំណាកស្រុក​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅប្រទេស​ក៏​រាជរដ្ឋាភិបាល​នៅ​តែ​ផ្ដល់​ជូន​ជា​ជម្រើស​សម្រាប់​ប្រជាពលរដ្ឋ​ដោយ​បាន​រៀបចំ​ពង្រឹង​របៀប​រប​នៃ​ការ​គ្រប់គ្រង​ បង្កើន​សមត្ថភាព​បច្ចេកទេស​ពលករ​ដែល​ធានា​បាន​នូវ​ការ​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​ និង​បង្កើន​កិច្ច​ការពារ​ឲ្យ​បាន​ប្រសើរ​ជាង​មុន​។​

​ក្នុង​គោលដៅ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ សម្ដេច​ឧបនាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា​រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​អប់រំ​ផ្សព្វផ្សាយ​ជូន​សិស្ស​និស្សិត​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ដឹង​អំពី​ក​ល្បិច​របស់​ជន​ជនល្មើស​ និង​ផល​ប៉ះពាល់​នៃ​ការ​ធ្វើ​ទេស​ន្ត​ប្រវេសន៍​ដោយ​ប្រថុយប្រថាន​ដែល​អាច​កើត​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ ក្នុង​នោះ​ក្រសួង​ពាក់ព័ន្ធ​រួម​ជាមួយ​អាជ្ញាធរ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ការ​ផ្សព្វផ្សាយ​នេះ​។​

​សម្ដេច​បាន​សង្កត់ធ្ងន់​ថា​ជន​រង​គ្រោះ​នៃ​អំពើ​ជួញដូរ​មនុស្ស​ភាគច្រើន​គឺជា​ពលករ​ទេស​ន្ត​ប្រវេសន៍​ ដែល​រៀង​រាល់​ឆ្នាំ​មាន​ជន​រង​គ្រោះ​រាប់​សែន​លាន​នាក់​ត្រូវ​បាន​បំផ្លាញ​ដោយ​ក្រុម​ឧក្រឹដ្ឋ​ជន​នៃ​អំពើ​ជួញដូរ​មនុស្ស​ ដោយ​ជនល្មើស​បាន​រង​គ្រប់​ល្បិច​ស្មោ​គគ្រោក​ បង្កើត​បណ្ដាញ​ធ្វើ​សកម្មភាព​កេង​ប្រ​វ័​ញ​ជន​រង​គ្រោះ​គ្រប់​ដំណាក់កាល​ ទាំង​ដោយ​ផ្ទាល់​ និង​ដោយ​ប្រយោល​តាម​រយៈ​បណ្ដាញ​ទំនាក់ទំនង​អន​ឡាញ​ ឬ​តាម​បច្ចេកវិទ្យា​ទំនើប​ដែល​កំពុង​ប្រើប្រាស់​ពេញ​និយម​ទាំង​ទីក្រុង​ និង​ជនបទ​។​

​សម្ដេច​បាន​បន្ត​ថា​ទំនោ​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​អ៊ី​ន​ធើ​ណិ​ត​ និង​ទូរស័ព្ទ​នើ​ប​នេះ​បាន​ធ្វើ​ឲ្យ​ឧក្រឹដ្ឋ​ជន​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ ដើម្បី​ទាក់ទាញ​ជន​រង​គ្រោះ​ឲ្យ​ចូល​ក្នុង​អន្ទាក់​របស់​ខ្លួន​ និង​គេចវេស​ពី​សមត្ថកិច្ច​ ដែល​បច្ចុប្បន្ន​នេះ​ ប្រព័ន្ធ​អន​ឡាញ​ និង​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​បាន​បង្កើត​ជា​បញ្ហា​ថ្មី​ គឺ​ការ​ជួញដូរ​មនុស្ស​ និង​ការ​រំលោភ​បំពា​ណ​ផ្លូវភេទ​ ជា​ពិសេស​លើ​អនីតិជន​តែ​ម្ដង​។​

​ក្នុង​នាម​រាជរដ្ឋាភិបាល​ សម្ដេច​បាន​បន្ត​ប្រកាស​ពី​ការ​ប្ដេជ្ញា​ចិត្ត​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ ដើម្បី​ការពារ​សុវត្ថិភាព​មនុស្ស​គ្រប់​រូប​ និង​សន្តិ​សង្គម​ ក៏​ដូច​ជា​លើកកម្ពស់​ការ​គោរព​សិទ្ធិ​ សេចក្ដី​ថ្លៃថ្នូ​ និង​ផលប្រយោជន៍​របស់​មនុស្ស​គ្រប់​ភេទ​ គ្រប់​វ័យ​ ដែល​អាច​ត្រូវ​បាន​បំផ្លាញ​ដោយ​អំពើ​ជួញដូរ​មនុស្ស​ ដោយ​ការ​កេង​ប្រ​វ័​ញ​ និង​ការ​រំលោភ​បំពាន​គ្រប់​រូបភាព​ដោយ​បាន​លទ្ធផល​ល្អ​ប្រសើរ​ជា​អតិបរមា​។​

​សម្ដេច​បាន​ណែនាំ​ឲ្យ​ថ្នាក់ដឹកនាំ​ មន្ត្រី​ និង​ភាគី​ពាក់ព័ន្ធ​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ ត្រូវ​បន្ត​ធ្វើ​ឲ្យ​កាន់​សកម្ម​ អនុវត្ត​វិធានការ​ច្បាប់​ឲ្យ​បាន​កាន់តែ​ម៉ឺងម៉ាត់​ និង​ជំរុញ​ការ​នុ​វត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ សម្រាប់​ឆ្នាំ​២០១៩-២០២៣​ ឲ្យ​បាន​សម្រេច​តាម​គោលដៅ​ដែឡ​បាន​គ្រោងទុក​ ហើយ​ថា​ការងារ​នេះ​ត្រូវការ​ការ​ចូលរួម​ និង​កិច្ចសហការ​ពី​ដៃគូ​ក្នុង​ប្រទេស​ និង​តំបន់​។​

​ទន្ទឹម​នឹង​នេះ​សម្ដេច​ក៏​បាន​អំពាវនាវ​ឲ្យ​មន្ត្រី​អនុវត្ត​ច្បាប់​ និង​ដៃគូ​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​ការ​បញ្ជូន​ និង​ទទួល​ពលករ​ ត្រូវ​យកចិត្តទុកដាក់​ត្រួត​ពី​និត្យ​ឯកសារ​បញ្ជាក់​ភាព​ស្របច្បាប់​ ដើម្បី​បញ្ចៀស​ការ​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ​ ឬ​ក្លែងបន្លំ​ឈ្មោះ​ ធ្វើ​ឲ្យ​ពួក​គេ​បាត់​អត្តសញ្ញាណ​ និង​ពិបាក​ទទួល​បានការ​ការពារ​តាម​ច្បាប់​ ហើយ​ជាមួយ​គ្នា​នេះ​ក៏​ត្រូវ​គិតគូ​ដល់​ការ​រៀបចំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​កុមារ​ដែល​បាន​កើត​នៅ​ប្រទេស​ដែល​ឪពុក​ម្ដាយ​កំពុងធ្វើការ​ ដើម្បី​ងាយស្រួល​សម្រាប់​ការ​ប្រើប្រាស់​នៅ​ពេល​វិល​មក​ប្រទេស​កំណើត​។​

​សម្ដេច​ក៏​បាន​ទាញ​ចំណាប់អារម្មណ៍​អំពី​ការ​រ​ណី​ជាក់ស្ដែង​មួយ​ចំនួន​នៃ​អំពើ​ជួញដូរ​មនុស្ស​ ដូច​ជា​ការ​រៀប​អាពាហ៍ពិពាហ៍​ផ្ទុយ​ពី​ឆន្ទៈ​ ការ​ជួញដូរ​ទារក​ ការ​ស្វែងរក​ការងារ​ដោយ​គេចវេស​ពី​គោល​ការ​ច្បាប់​ជាដើម​ និង​បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​រោងចក្រ​សហគ្រាស​ ដែល​មានកម្ម​ករក​ម្មការ​រ​នី​បំពេញការងារ​ ពង្រឹង​ការ​តាមដាន​គ្រប់គ្រង​ និង​សហការ​ជាមួយ​សមត្ថ​ក​ច្ច​ពាក់ព័ន្ធ​ ដើម្បី​មាន​វិធានការ​បង្កា​ និង​បង្ក្រាប​ឲ្យ​បាន​ទាន់​ពេលវេលា​លើ​ជនខិលខូច​ដែល​បង្ក​ការ​លំបាក​ ធ្វើ​អាជីវកម្ម​ កេង​ប្រ​វ័​ញ​លើក​ម្មការ​ និង​ពលករ​នៅ​ក្រៅប្រទេស​យ៉ាង​អមនុស្សធម៌​ រហូត​ក្លាយជា​ទាសភាព​សម័យ​ទំនើប​គួរ​ឲ្យ​ស្អប់ខ្ពើម​។​

​សម្ដេច​ក៏​បាន​អំពាវនាវ​ដល់​ភាគី​ប្រទេស​ជា​មិត្ត​ទាំងអស់​ចូលរួម​សហការ​ជ្រោមជ្រែង​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នេះ​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​ និង​សូម​អំពាវនាវ​លើកទឹកចិត្ត​ដល់​គ្រប់​ក្រសួង​ស្ថាប័ន​មន្ទីរ​អង្គភាព​ ទាំង​ថ្នាក់​ជាតិ​ និង​ក្រោម​ជាតិ​ សូម​ពង្រឹង​ការ​អនុវត្ត​សកម្មភាព​តាម​យុទ្ធសាស្ត្រ​ដែឡ​មាន​ចែង​ក្នុង​ផែនការ​ជាតិ​ឲ្យ​បាន​កាន់តែ​សកម្ម​ថែម​ទៀត​។​

​មុន​នឹង​បញ្ចប់​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​ណែនាំ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​រាជធានី​-​ខេត្ត​ ត្រូវ​បន្ត​រៀបចំ​យុទ្ធនាការ​នៃ​ទិវា​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​១២​ធ្នូ​នេះ​ នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​ឲ្យ​បាន​ផុលផុស​ ដើម្បី​ជា​មធ្យោបាយ​ផ្សព្វផ្សាយ​ការ​យល់​ដឹង​មន្ត្រី​ អាជ្ញាធរ​ សមត្ថកិច្ច​ វិស័យ​ឯកជន​ សង្គម​ស៊ី​វិល​ សាសនា​ និង​ជា​ពិសេស​ប្រជាពលរដ្ឋ​ ឲ្យ​រួម​សហការ​គ្នា​បង្ការ​ បង្ក្រាប​ ផ្ដន្ទាទោស​ សង្គ្រោះ​ ការពារ​ ដើម្បី​កម្ពុជា​គ្មាន​អំពើ​ជួញដូរ​មនុស្ស​៕


ចំនួនអ្នកទស្សនា

    20540417

  • ថ្ងៃនេះ17241
  • ម្សិលមិញ15681
  • សប្តាហ៍នេះ76081
  • ខែនេះ97961
  • ឆ្នាំនេះ97961
  • សរុប20540417